ពលរដ្ឋជាង២០០នាក់បានប្រមូលផ្ដុំមុខសាលាដំបូងខេត្តកោះកុង ខណៈតំណាងម្នាក់ចូលបំភ្លឺចំពោះមុខតុលាការនៅថ្ងៃនេះ តាមបណ្ដឹងរបស់មន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តកោះកុង។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ព្រះរាជអាជ្ញារងខេត្តកោះកុង លោក អេង ចាន់តារា បានកោះហៅអ្នកស្រី ដេត ហួរ សហគមន៍១៩៧ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ឱ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ» ទៅតាមបណ្ដឹងចោទប្រកាន់របស់ឧកញ៉ា ហេង ហ៊ុយ និងជាមន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តកោះកុង។
តំណាងពលរដ្ឋម្នាក់ អ្នកស្រី អិប តឹង ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ខណៈអ្នកស្រី ដេត ហួរ ចូលបំភ្លឺចំពោះមុខតុលាការនោះ ប្រជាពលរដ្ឋជាង២០០នាក់បានប្រមូលផ្ដុំមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រអ្នកស្រី ដេត ហួរ។
អ្នកស្រីបន្តថា ពលរដ្ឋនាំគ្នាមកគាំទ្រអ្នកស្រី ដេត ហួរ ដោយសារតំណាងរូបនេះពុំមានកំហុសដូចការចោទប្រកាន់ ហើយឧកញ៉ា ហេង ហ៊ុយ ពិតជាបានគប់គិតគ្នាយកដីធ្លីរបស់ពួកគាត់ពិតមែន។
តែយ៉ាងណា លោក ហេង ហ៊ុយ ធ្លាប់បានច្រានចោលការចោទប្រកាន់នេះ ដោយថា លោកមានបណ្ណកម្មសិទ្ធិត្រឹមត្រូវតាមច្បាប់លើដីនោះ។
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៩មក ពលរដ្ឋចំនួន១៩៧គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម បានឡើងមកតវ៉ានៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដោយចោទថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោភយកដីធ្លីពួកគាត់តាំងពីឆ្នាំ២០០៧។ ប៉ុន្តែត្រូវបានក្រសួងរៀបចំដែនដី បដិសេធដោះស្រាយឱ្យពលរដ្ឋទាំងនោះជាបន្តបន្ទាប់ និងស្នើទៅអាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលក្រសួងថាបានញុះញង់ឱ្យពលរដ្ឋ១៩៧គ្រួសារនោះឡើងមកតវ៉ាទៀតផង។
ពាក់ព័ន្ធជម្លោះដីធ្លីនេះ មានតំណាងពលរដ្ឋ៩នាក់ នៅសហគមន៍១៩៧គ្រួសារ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន និងតំណាងពលរដ្ឋផ្សេងទៀត កំពុងជាប់បណ្តឹងនៅតុលាការ ក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន «ហេង ហ៊ុយ អភិវឌ្ឍន៍»៕