UPDATED៖ គណបក្សកាន់អំណាច​ប្ដឹង​ទាមទារ​សំណង​ពី​លោក សុន ឆ័យ ១លានដុល្លារ​ករណី​រិះគន់​ការ​បោះឆ្នោត

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងថ្ងៃហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សប្រជាជនកម្ពុជា ប្ដឹងអនុប្រធានគណបក្សភ្លើងទៀន ដែលចោទប្រកាន់គណបក្សកាន់អំណាច​ចាស់វស្សាមួយនេះថា បានគ្រប់គ្រងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ​​ត (គ.ជ.ប) ទាំងស្រុង តាំងពីថ្នាក់លើ​​ដល់ថ្នាក់ក្រោម និងថាលទ្ធផលបោះឆ្នោតមិនបានឆ្លុះបញ្ចាំ​​ង​​ឆន្ទៈ​​របស់ពលរដ្ឋនោះទេ ខណៈស្ថាប័នជាតិរៀបចំការបោះឆ្នោតក៏ព្រមានប្ដឹងក្នុងកម្មវត្ថុដូច​​គ្នានេះប្រ​​ឆាំ​​ងលោក សុន ឆ័យ ​​ដែរ។

នៅក្នុងបណ្ដឹងដាក់ទៅតុលាការរបស់មេធាវីតំណាងដោយអាណត្តិ គឺលោក គី តិច នៅ​​ថ្ងៃ​អង្គា​​រ​នេះ ឱ្យដឹងថា ក្នុងនាមជាមេធាវីការពារក្តីឱ្យរដ្ឋាភិបាល គឺស្នើសុំឱ្យព្រះរាជអាជ្ញា នៃអយ្យការអម​​តុ​លា​ការរាជធានីភ្នំពេញ ពិនិត្យសម្រេច និងចោទប្រកាន់ប្រឆាំងលោក សុន ឆ័យ តាមបញ្ញត្តិ​​ច្បាប់​​។ តាមរយៈបណ្តឹងនេះបង្ហាញទៀតថា ក្នុងនាមជាដើមបណ្តឹង គឺទាមទារសំណងជំងឺចិត្ត ដែល​​តម្រូវ​​ឱ្យ​​លោក សុន ឆ័យ ត្រូវ​បង់ការខូចខាតដល់គណបក្សប្រជាជនកម្ពុជា នូវទឹកប្រាក់ចំនួន «៤​​ពាន់​​​​លាន​​​រៀល» ឬស្មើប្រមាណ «១លានដុល្លារសហរដ្ឋអាមេរិក» ថែមទៀត។

នៅក្នុងបណ្តឹងដាក់ទៅតុលាការ លោក គី តិច បានលើកឡើងថា តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៧ ខែមិថុនា លោក សុន ឆ័យ បាននិយាយដោយ​ចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថាបានត្រួតត្រា គ.ជ.ប គ្រប់កម្រិត ថែមទាំងបាន​​ចោទប្រកាន់លទ្ធផលបោះឆ្នោតថាមិនបានឆ្លុះបញ្ចាំងនូវ​ឆន្ទៈរបស់ពលរដ្ឋថែមទៀត ជាពិសេសមានការបំភិតបំ​​ភ័យ មានការទិញ និងមានការលួចសន្លឹកឆ្នោត ជាដើម។

ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជាចាត់ទុកការលើកឡើងរបស់លោក សុន ឆ័យ គឺជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សកាន់អំណាច។

ចំណែកអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់ វីអូឌី នៅថ្ងៃទី១៤ ខែមិថុនានេះថា តុលាការបានទទួលពាក្យបណ្តឹងរបស់លោក គី តិច រួចហើយ និងកំពុងដំណើរការទៅតាមនីតិវិធី។

ចំពោះរឿងរ៉ាវនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះដែរ ស្ថាប័នជាតិរៀប​​ចំការ​​បោះ​​ឆ្នោតឯណេះវិញ ក៏កំពុងបន្តនីតិវិធីប្តឹងផ្តល់​ប្រឆាំងលោក សុន ឆ័យ ដូចគ្នាទៅនឹង​​គណបក្ស​​ប្រ​​ជា​​​​ជន​កម្ពុជាដែរ។

គ.ជ.ប បានព្រមានចាត់វិធានការ​តាមផ្លូវច្បាប់ចំពោះលោក សុន ឆ័យ នេះដែរ កាលពីថ្ងៃទី១៣ ខែមិថុនា។ លិខិតព្រមានរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត ធ្វើឡើងមុន១ថ្ងៃដែលគ​​​ណ​បក្ស​​​ប្រ​​​​ជា​​ជនកម្ពុជាបានប្ដឹងអនុប្រធានគណបក្សភ្លើងទៀនអំពីកិច្ចការ​​បោះឆ្នោត​​ដូចគ្នា​នេះ​​ដែរ​ ត្រូវបាន គ.ជ.ប ហៅ​​ការិះគន់របស់លោក សុន ឆ័យ នេះថាជាការចោទប្រកាន់ដែលផ្ទុយ​​ពី​​ការ​​ពិត​​។

មួយវិញទៀត គ.ជ.ប ចោទប្រកាន់ថា ការថ្លែងបែបនេះរបស់លោក សុន ឆ័យ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា គឺជាការមាក់​​ងាយ និងធ្វើឱ្យ​ប៉ះពាល់ដល់តម្លៃរបស់ម្ចាស់ឆ្នោតដែលចេញទៅបោះឆ្នោតយ៉ាងច្រើន​​កុះ​​ករ ជា​​ពិសេស​​ធ្វើ​​ឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ដែលជាស្ថាប័ន​​ចែងក្នុ​ង​​​រដ្ឋ​ធម្ម​​​នុញ្ញ​។

លើសពីនេះទៅទៀត អ្វីដែលលោក សុន ឆ័យ លើកឡើងនេះ នាំឱ្យមានការភ័ន្តច្រឡំ និងបាត់​​ទំ​​នុ​ក​​ចិត្តលើការបោះឆ្នោត ហើយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ក៏នឹងត្រូវផាកពិន័យចំពោះអ្នកធ្វើឱ្យបាត់ទំនុកចិត្ត ប្រមាណពី១០លានទៅ២០លានរៀល។​​ គ.​ជ​.ប បន្ថែមថា បញ្ហានេះនៅមិនទាន់គិតទៅដល់ទោសព្រហ្មទណ្ឌផ្សេងទៀតផង។

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងថា គិតមកដល់ពេលនេះ លោក សុន ឆ័យ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីហើយ។ បើទោះបែបណា លោកមិន​​បាន​​​បញ្ជាក់ទេថា ការចាកចេញលើកនេះ លោក សុន ឆ័យ ទៅព្រោះតែគេចចេញពីការប្ដឹងផ្ដល់ឬ​​យ៉ាង​​ណានោះទេ។

បើតាមលោក ថាច់ សេដ្ឋា តាមពិតទៅ នីតិវិធីនៃការប្តឹងនេះ វាគួរអនុវត្តត្រឹមក្របខណ្ឌ គ.ជ.ប។ ​​លោក​​​​បន្តថា ប្រសិនបើមិនចង់ឱ្យមានរិះគន់អំពីដំណើរការបោះឆ្នោត គួររៀបចំឱ្យបានល្អ ធ្វើយ៉ាង​​​ណា​​​ឱ្យគ្រប់ភាគីដែលចូលរួមក្នុងការប្រកួតប្រជែង បើចាញ់ក៏ចាញ់ឱ្យអស់ចិត្ត បើឈ្នះគឺឈ្នះ​​ដោ​យ​​​​កិត្តិយស។

អនុប្រធានគណបក្សភ្លើងទៀនរូបនេះយល់ឃើញថា ប្រសិនបើគ្រាន់តែរិះគន់ហើយត្រូវជាប់បណ្ដឹង ឆ្លុះញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីរូបភាពនៃការបំភិតបំភ័យខាងនយោបាយ។

លោកបន្តថា៖ «ខ្ញុំយល់ឃើញថា ជម្រើសនៃការប្តឹងផ្តល់ទៅតាមផ្លូវតុលាការក្នុងកាលៈទេសៈនៃ​​ការ​​បោះ​ឆ្នោតនេះ មិនមែនជាការត្រឹមត្រូវទេ។ ជាការពិត ការបោះឆ្នោតនេះ វាជាសមត្ថកិច្ចរបស់គណៈ​​កម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោត បើមានបណ្តឹងអ្វីផ្សេងៗ គឺវាត្រូវដោះស្រាយត្រឹមកម្រិតរបស់ គ.ជ.ប ទី១។ ហើយទី២ វាជាធម្មតាទេ ការប្រកួតប្រជែង ពេលណា​​មិនសប្បាយចិត្ត តែង​តែមាន​​បញ្ចេ​​ញ​​​​​ទស្សនៈរបស់ខ្លួនហើយ។ វាគ្រាន់តែជាវោហារសាស្ត្រ​ប៉ុណ្ណោះ ហើយយកមកធ្វើការប្ដឹងផ្ដល់ វាមិន​​មែន​​ជាការត្រឹមត្រូវទេ។ ផ្ទុយទៅវិញ នេះជាការគំរាមកំហែងផ្នែកនយោបាយ»។ 

ជាលទ្ធផលបណ្ដោះអាសន្ននៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ៧៥ភាគរយ ខណៈបក្សភ្លើងទៀន ទទួលបានសំ​​ឡេងឆ្នោ​​តគាំទ្រប្រមាណ២២ភាគរយនៃសំឡេងឆ្នោតសរុប។

ចំណែកអ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស យ​​​ល់​ឃើញ ​​ថា គ.ជ.ប គឺជាស្ថាប័នដែលឯករាជ្យនិងអព្យាក្រឹត្យដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើ​​យ​​​​​​​ក៏​​ជា​ស្ថាប័ន​​​ដែលត្រូវប្រឈមមុខចំពោះរដ្ឋសភាដែរ។

លោកបន្តថា ប្រសិនបើ គ.ជ.ប ជ្រើស​​រើ​ស​​​​​យកវិធីប្តឹងផ្តល់តាមផ្លូវតុលាការនេះ បង្ហាញពីការ​​ស្រក​ស្រុតនៃជំនឿទុក​ចិត្តពីគ្រប់ភាគីពាក់ព័ន្ធក្នុង​​ដំណើ​រ​​កា​រ​​​​​បោះ​​​ឆ្នោត។ មិនតែប៉ុណ្ណោះ ស្ថាប័នជាតិ​​ដែល​​​​​​ដើរតួ​នា​​​ទី​​​ដ៏សំខាន់នេះ នឹងកាន់តែធ្លាក់ចុះនូវ​​កិត្យានុភាព​​​របស់​ខ្លួ​ន ព្រោះ​​តែ​ជ្រើសរើសផ្លូវ​​​ប្តឹង​ផ្តល់ ប្រឆាំងការរិះគន់អំ​​​ពី​ដំណើរការបោះឆ្នោតដែលខ្លួនរៀបចំហើ​​យ​​​​​មានចំ​​ណុ​ច​​​ខ្វះខាត​​ ដែល​គេ​​មើលឃើញថាគួរមាន​​ការ​កែលម្អ។

លោកបន្តថា៖ «ប្រសិនបើទិដ្ឋភាពបែបនេះបង្កើនកាន់តែខ្លាំង គឺលំហ​បរិយាកាសនយោបាយកាន់​​តែ​​តូច ហើយភាពមិនទុកចិត្តរបស់ស្ថាប័ន គ.ជ.ប កាន់តែកើនឡើង កាន់តែរីកខ្លាំង»។

ទោះជាយ៉ាងណា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់នីតិកាលទី៥នេះ ត្រូវបាន​​គណបក្សភ្លើងទៀន និងគណបក្សនយោបាយមួយចំនួនទៀត ព្រមទាំងអង្គការសង្គមស៊ីវិលធ្វើ​​ការងារលើវិស័យបោះឆ្នោត រិះគន់ថា ជាការបោះឆ្នោតដែលប្រព្រឹត្តទៅដោយគ្មានភាពត្រឹមត្រូវនិង​​យុត្តិធម៌ពិតប្រាកដនោះទេ។

សម្រាប់អាណត្តិទី៥នេះ គេសង្កេតឃើញថាមានភាពស្មុគ​ស្មាញនិងសាំញ៉ាំអំពី​​នី​​តិ​​វិ​ធីកើត​​ឡើង​​ច្រើន បើបៀបនឹងការបោះឆ្នោតអាណត្តិមុនៗ។ បញ្ហាប្រឈមត្រូវគេមើលឃើញថា រាប់ចាប់តាំងពី​ថ្ងៃ​ដាក់​​បញ្ជី​​​បេក្ខជនឈរឈ្មោះ គណ​​បក្សនយោបាយ អ្នកសង្កេតការណ៍ និងរហូតដល់ការ​​ប្រ​​កាស​​​​លទ្ធ​​ផល​​បឋម។

របាយការណ៍ពីក្រុមភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ និង​​អង្គ​​ការ​​​​​​មិនមែន​​រដ្ឋា​ភិបាល រកឃើញថា ភាពមិនប្រក្រតីបានកើតឡើងនៅថ្ងៃ​រាប់​​សន្លឹក​ឆ្នោតដំបូងៗ គឺនៅ​​តាម​​ការិយាល័យរាប់សន្លឹកឆ្នោតស្ទើរគ្រប់ការិយាល័យ ត្រូវ​​បិទ​​ទ្វារ បិទ​​បង្អួច​​រាប់។ បញ្ហា​​ទាំង​​នេះ គេនៅមិនទាន់គិតដល់ការគំរាមកំហែងនិងបំភិតបំភ័យ​​បេក្ខជននៅតាម​​ឃុំ-សង្កាត់​​នៅ​​ឡើយ​​ផង​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ