រដ្ឋាភិបាល​ប្ដេជ្ញា​លុបបំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​កុមារ​ឱ្យ​ស្របតាម​គោលនយោបាយ

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

រដ្ឋាភិបាលប្ដេជ្ញា​លុប​បំបាត់​អំពើហិង្សាគ្រប់ទម្រង់​លើកុមារ​ ដើម្បី​ធានាឱ្យពួកគេរស់នៅក្នុងបរិយា​កាស​​​មួយ​ប្រកប​ដោយ​សុវត្ថិ​ភាព ស្រប​តាម​ផែន​ការ​គោល​នយោបាយ​របស់រដ្ឋ​ដែល​បាន​ដាក់ចេញ។

ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំ ស្ដីពី ​«ដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ» កាល​ពី​ថ្ងៃ​ទី១៤ ខែមិថុនា​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១ ផ្អែក​តាម​ការ​វាយតម្លៃលើ​ផែន​ការ​សកម្មភាព ដើម្បី​ទប់​ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​អំពើហិង្សាលើកុមារ ឆ្នាំ​២០១៧-២០២១ ប្រទេសកម្ពុជាបាន​ស្ថិតនៅលើ​មាគ៌ា​ដ៏​ត្រឹម​ត្រូវក្នុងការទប់ស្កាត់​អំពើហិង្សាលើកុមារ។

ករណីនេះ លោក​ថា ដើម្បីបញ្ចប់ឱ្យបាននូវអំពើហិង្សាលើកុមារ​គ្រប់​ទម្រង់ កម្ពុជា​នឹង​បន្ត​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​កាន់​តែ​សកម្ម ក្នុង​ការ​ធានា​ថា កុមារមានសុវត្ថិភាពនៅគ្រប់​ទី​កន្លែង ដូច​ជា ផ្ទះ, សាលា​រៀន និង​សហគមន៍​ ជាដើម។

លោកថ្លែងថា៖ «រាជរដ្ឋាភិបាលប្ដេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារ​ទាំង​អស់​នឹង​រស់នៅក្នុង​បរិយាកាស​មួយ​ប្រកប​ដោយ​ភាព​អំណោយ​ផល​ដល់​ការ​លូត​លាស់ ព្រមទាំងទទួលបានការ​ចិញ្ចឹម​បី​បាច់ និង​កិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់ និង សម្រេចឱ្យបាននូវការប្ដេជ្ញារបស់កម្ពុជា ក្នុងក្របខណ្ឌតំបន់ និង​សកល តាម​រយៈ​ការ​អនុវត្ត​នូវផែន​ការនិង​គោលនយោបាយ​ជាតិ​នានាដែលបានដាក់ចេញ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏បានអំពាវនាវទៅគ្រប់ភាគីពាក់​ព័ន្ធ រួមគ្នា​លើក​កម្ពស់​ស្មារតី ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការដែលមានស្រាប់ ទាំង​ទ្វេភាគី និង​ពហុភាគី ដើម្បីលើកស្ទួយសុខុមាលភាព​កុមារនិង​កិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការសម្រប​សម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធ​ទាំង​អស់ សំដៅចែក​រំលែក​ទិន្នន័យ រួមទាំងព័ត៌មានសំខាន់ៗ ដើម្បីចាត់វិធានការឱ្យបានទាន់​ពេលនិង​តឹង​រ៉ឹង​ដាច់​ខាតចំពោះ​សកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ។

បន្ថែម​ពី​នេះ លោក​ក៏​បាន​ជំរុញឱ្យមានការប្តេជ្ញាចិត្តជាសកល តាម​រយៈការកៀរគរ​ធន​ធាន ទាំងហិរញ្ញ​វត្ថុ និង​មិន​មែន​ហិរញ្ញ​វត្ថុ រួម​ទាំង​គាំទ្រ​ការ​ធានា​ចីរភាព​នៃចលនា​បញ្ចប់​អំពើ​ហិង្សាលើ​កុមារ ទាំង​ក្នុង​ក្រប​ខណ្ឌអង្គការ​សហប្រជាជាតិ និងអង្គការអន្តរជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីបញ្ចប់​រាល់ទម្រង់ទាំងអស់នៃអំពើហិង្សាលើកុមារនៅត្រឹមឆ្នាំ២០៣០​ខាងមុខនេះ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍គាំទ្រ​នឹង​ប្រសាសន៍​របស់លោកនាយករដ្ឋមន្ត្រី ខណៈក​ន្លងមក លោកសង្កេតឃើញមានអំពើហិង្សាមួយចំនួនបានលើកឡើងចំពោះកុមារ ដូចជា ហិង្សា​ផ្លូវ​ភេទ ផ្លូវ​កាយ ផ្លូវចិត្ត និងការ​​ឱ្យកុមារធ្វើការងារធ្ងន់ធ្ងរ ដែល​ប៉ះពាល់ដល់​សិទ្ធិរបស់ពួកគេ ជាដើម។

ករណីនេះ លោកជំរុ​ញទៅ​ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តតាមប្រសាសន៍របស់​លោក​នាយករដ្ឋ​មន្ត្រី ហើយពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងនិងមានតម្លាភាព បើពុំដូច្នេះទេ មិនអាចលុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​បាន​គ្រប់​ទម្រង់​នោះ​ទេ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់លើការអនុវត្តលើគោលនយោបាយនិងច្បាប់ នៅក្នុងការទប់ស្កាត់ ឬក៏បង្ការ ឬក៏ការជួយលើកកម្ពស់ទៅលើសិទ្ធិនិងផលប្រយោជន៍របស់កុមារឱ្យមានប្រសិទ្ធភាព។ អ៊ីចឹង​ការចូល​រួមការ​អនុវត្តនេះ​ជា​រឿង​សំខាន់ បើ​សិន​ជា​ការអនុវត្តនិងការចូលរួមមិន​ទៅ​ព្រមគ្នាទេ អ៊ីចឹង​វាអត់សូវមានប្រសិទ្ធភាព​ទេ ហើយ​បញ្ហាទៅ​​លើ​កុមារ​នៅ​តែ​មាន​ការរំលោភ​បំពាន»។

ប្រធានកម្មវិធីកិច្ចការពារកុមារ នៃអង្គការ​ទស្សនៈពិភពលោក លោក ឆាយ វាសនា បានលើកឡើងកាល​ពីថ្ងៃទី​១០ ខែ​មិថុនា​នេះ​ថា ចាប់​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ អំពើហិង្សាលើកុមារដែល​អង្គការ​នេះ​បានធ្វើការផ្សាយនិងអប់រំដល់ឪពុកម្ដាយនិងភាគីពាក់ព័ន្ធផ្សេងទៀត បានធ្វើឱ្យអំពើហិង្សា​លើកុមារថយចុះពី៤៩ភាគរយ មកចំនួន៣៨ភាគរយ​វិញ។ លោក​បន្ត​ថា គម្រោង​នេះ អង្គការ​​ទស្សនៈ​ពិភព​​លោក បានធ្វើនៅខេត្តចំនួន១០នៃប្រទេស​កម្ពុជា។

លោកបន្ថែម​ថា ទោះបីអំពើ​ហិង្សាលើកុមារបានថយចុះក៏ពិតមែន ប៉ុន្តែបញ្ហានេះនៅតែកើតមានឡើង ដែលករណីនេះ ទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលកម្ពុជាតែម្ដង។

បើតាមអង្គការទស្សនៈពិភពលោក (World Vision) អំពើហិង្សាលើស្រ្តី​ និង​កុមារ ជា​ទម្រង់​នៃ​ការរំលោភ​បំពាន​លើផ្លូវកាយនិងផ្លូវចិត្ត ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សុខភាព​ផ្លូវកាយ របួស​រាងកាយ វិបត្តិផ្លូវចិត្ត និងប្រាជ្ញា ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ