រដ្ឋាភិបាល​ជំរុញ​ឱ្យ​ពង្រឹង​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម

កសិករចិញ្ចឹមជ្រូកមួយរូប​នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង លោក ឃឿន នឿន កំពុងបាញ់ទឹកជ្រូក​នៅក្នុងទ្រូងជ្រូករបស់ខ្លួន។ (សូត សុខប្រាថ្នា/ ១៦ មករា ២០២០)

រដ្ឋាភិបាល​ជំរុញឱ្យពង្រឹងប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនឱ្យបានកាន់តែទូលំទូលាយ ដើម្បីជាការឆ្លើយតបតម្រូវការទីផ្សារការងារនៅក្នុងស្រុកនិងក្រៅប្រទេស។

ការអះអាងនេះធ្វើឡើងក្នុងឱកាសទិវាជាតិ «អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។​

នៅក្នុងសារលិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និង​ផ្សព្វផ្សាយ ដល់សាធារណជនទូទៅឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីឆ្លើយតប​តម្រូវការទីផ្សារការងារនៅក្នុងស្រុកនិងក្រៅប្រទេស។

សារលិខិតដដែលបញ្ជាក់ថា៖​ «​​រដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងការគ្រប់គ្រងក្របខណ្ឌគោលនយោបាយជាតិ»។

បើតាមសារលិខិតដដែលនេះបានបន្ដថា រដ្ឋាភិបាលបាន​វិនិយោគយ៉ាងសន្ធឹកសន្ធាប់លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានិងទីផ្សារការងារ។ រដ្ឋាភិបាលថា ក្ដីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារធ្វើល្អ និងកម្រិតជីវភាពកាន់តែល្អប្រសើរឡើង ដោយធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

នៅក្នុងឱកាសនេះដែរ​ លោកនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធឱ្យបន្ដថែរក្សាសន្ដិភាពនិងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្ដការអភិវឌ្ឍធនធានមនុស្សពោរពេញដោយជំនាញនិងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច ការបង្កើតការងារថ្មីកាន់តែល្អ និងការរក្សាការងារដែលមានស្រាប់ សំដៅបន្ដការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

បើតាមលិខិតនេះ លោក ហ៊ុន សែន​ ស្នើឱ្យដៃគូពាក់ព័ន្ធបន្ដគាំទ្រក្នុងការអនុវត្តគោលនយោបាយនេះ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។

ទន្ទឹមនេះ លោក ហ៊ុន សែន ក៏​ជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ ព្រមទាំងផ្សព្វផ្សាយដល់សាធារណជនបានយល់ពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនេះ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ