អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ស្នើ​លោក ស ខេង ដាក់​កូន​និង​ក្មួយ​ជា​អភិបាលរង​ខេត្ត-រាជធានី

លោក ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រ​ង ​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដឹ​កនាំ​ប្រតិភូ​របស់​អគ្គ​មេបញ្ជា​ការ​និ​ងក្រសួង​ការ​ពារ​ជាតិ​ ចុះ​ជួប​សំណេះ​សំណាល​ សាក​សួរ​សុខ​ទុក្ខ​​នាយ​និង​ពល​ទាហាន​នៅ​ទី​បញ្ជាការ​ទិ​សយោធ​ភូមិ​ភាគ​ទី​៣ ​ខេត្ត​កំពង់​ស្ពឺ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​បណ្តា​អង្គភាព​ដែល​ឈរ​ជើង​ប្រចាំ​កា​រនៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ទិស​យោធ​ភូមិ​ភាគ​ទី​៣ ​និង​គណៈ​បញ្ជាការ​ កង​ឯក​ភាព​ទិស​ ប្រមាណ ១១​អង្គភាព នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​៣០​ ខែ​មីនា ឆ្នាំ​២០២២​។ ​(ក្រសួងការពារជាតិ)

អគ្គ​មេ​បញ្ជាការ​រ​ង​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទមួយរូប បានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំ​តែងតាំងកូននិងក្មួយរបស់ខ្លួន​ទៅជាអភិបាលរងរាជធានីភ្នំពេញ និងអភិបាលរងខេត្តសៀមរាប ខណៈពួកគេទាំងពីរនាក់នោះបច្ចុប្បន្នជាមន្ត្រីយោធារួចទៅហើយ។ ​

ក្នុងលិខិតដែល​មានឈ្មោះនិងហត្ថលេខារបស់អគ្គ​មេ​បញ្ជាការ​រ​ង​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ លោក ឥត សារ៉ាត់ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដែលវីអូឌីទើបទទួលបានឱ្យដឹងថា កូននិងក្មួយរបស់លោកបានរៀនចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច អនុបណ្ឌិតរដ្ឋបាលសាធារណៈ ហើយបានបំពេញការងារជោគជ័យតាមភារកិច្ច។

លិខិតបន្តថា ដូច្នេះ ក្រោយពីសិក្សាចប់ និងសមត្ថភាពក្នុងការបំពេញការងារកន្លងមក លោកថាកូននិងក្មួយរបស់លោកចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ និងចង់បំពេញការងារជូនរដ្ឋាភិបាល រួមទាំងគណបក្សប្រជាជនកម្ពុជាផងដែរ។

ករណីនេះ លោក ឥត សារ៉ាត់ បានស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយអនុញ្ញាតឱ្យកូនរបស់លោក ឈ្មោះ រ៉ាត់ ដារ៉ារ័ត្ន ដែលបច្ចុប្បន្នមានមុខតំណែងជា​នាយរងលេខាធិការដ្ឋាន សេនា​ធិការ​ចម្រុះ​ អគ្គបញ្ជាការដ្ឋាន ទៅបំពេញការងារមុខនាទីជាអភិបាលរងរាជធានីភ្នំពេញវិញ។

ចំណែកក្មួយឈ្មោះ ណុប ឡង់ឌី ដែលមានមុខតំណែងបច្ចុប្បន្នជានាយករង សាលានាយទាហានសកម្ម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ប្ដូរទៅបំពេញការងារជាអភិបាលរងខេត្តសៀមរាប។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ ប៉ុន្តែលេខា​របស់លោក ឥត សារ៉ាត់ ប្រាប់ថាលោកជាប់ប្រជុំ។

លោកថា៖ «ចាំសួរគាត់ ខ្ញុំអត់ដឹងដែរ! សុំទោស គាត់ជាប់ប្រជុំ​»។

លិខិតស្នើសុំតែងតាំងកូននិងក្មួយរបស់លោក ឥត សារ៉ាត់ ជាអភិបាលរងរាជធានីភ្នំពេញ និងអភិបាលរងខេត្តសៀមរាបនោះ គឺមានចំណាររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះកាលបរិច្ឆេទថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ ដោយចារជូនត្រលប់ទៅឱ្យរដ្ឋលេខាធិការក្រសួងមហាផ្ទៃមួយរូប គឺលោក សក់ សេដ្ឋា ឱ្យសិក្សានិងផ្តល់​យោបល់។  

រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា មានប្រសាសន៍ថា លោកមិនទាន់បានទទួលនិងឃើញលិខិតដែលអគ្គ​មេ​បញ្ជាការ​រ​ង​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ស្នើសុំផ្លាស់ប្ដូរនិងតែងតាំងកូននិងក្មួយនោះនៅឡើយទេ។

លោកថា៖ «ខ្ញុំអត់ដឹងផង! មានគេសួរខ្ញុំច្រើនណាស់!​ ហ្នឹងហើយ ខ្ញុំអត់ឃើញទេ »។

ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុកការស្នើសុំរបស់លោក ឥត សារ៉ាត់ ដើម្បីផ្លាស់ប្ដូរនិងតែងតាំងកូននិងក្មួយនោះ ជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែការសម្រេចយ៉ាងណានោះ អាស្រ័យលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកថា៖ «បើមិនតែងតាំងបក្ខពួក ឱ្យតែងតាំងបក្សប្រឆាំង? បើបក្ខពួកខ្លួនឯងមិនតែងតាំង ទៅតែងតាំងបក្សប្រឆាំងម៉េច? ឱ្យមកប្រឆាំង? យើងក៏ល្ងង់ម្ល៉េះ ធ្វើការងារដឹកនាំប្រទេស។ ដូចម្សិលមិញ ប្រឆាំងចុះប្រឆាំងឡើង ចូលគុកអ៊ីចឹង។ កុំល្ងង់ពេក​ មិនដែលតែងតាំងកូនចៅអាណាបក្សប្រឆាំង តែងតាំងកូនកសិករយើងហ្នឹង»។

នាយកប្រតិបត្តិអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការដំឡើងតំណែង និងការទទួលតំណែងណាមួយក្នុងក្របខណ្ឌសាធារណៈរបស់រដ្ឋាភិបាលនោះ គួរតែធ្វើទៅតាមនីតិវិធីដែលមានស្រាប់ ដោយផ្អែកទៅលើសមត្ថភាពនិងបទពិសោធន៍របស់ពួកគេ ថាតើស័ក្តិសមនឹងទទួលបានតំណែងស្នើសុំនោះឬយ៉ាងណា។

លោកបន្តថា កាលណាផ្ដល់តំណែង​ផ្អែកលើសែស្រឡាយ និងបក្ខពួក​ រួមទាំងគ្រួសារ អាចនឹងនាំឱ្យមានទំនាស់ផលប្រយោជន៍ផ្សេងៗក្នុងស្ថាប័នឬអង្គភាពរដ្ឋទាំងនោះ។

លោកថា៖ «ធម្មតា កាលណាយើងដាក់កូន ដាក់ក្មួយ នៅក្នុងស្ថាប័នដឹកនាំ បើសិនជាមានការប្រព្រឹត្តផ្សេងៗ យើងមិនសូវចាត់វិធានការច្បាប់ទេ វាធ្វើឱ្យមានទំនាស់ផលប្រយោជន៍។ អ៊ីចឹងខ្ញុំគិតថា ឱ្យយុត្តិធម៌សម្រាប់មន្ត្រីផ្សេងៗដែលគាត់ធ្វើកិច្ចការងារសាធារណៈដែរ មានមន្ត្រីជាច្រើនដែលគេដឹងថាគាត់ធ្វើកិច្ចការយូរ គាត់មានបទពិសោធន៍គ្រប់គ្រាន់ អាចប្រហាក់ប្រហែលឬប្រសើរជាងបុគ្គលដែលបានស្នើសុំនោះ ថាតើគាត់មានឱកាសស្មើគ្នាដូចគេដូចឯងក្នុងការទទួលបានតំណែងអត់។ អ៊ីចឹងខ្ញុំគិតថា ​​បើសិនជាយើងចង់ធានាប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការផ្ដល់សេវាសាធារណៈ ទាល់តែយើងធ្វើការផ្អែកទៅគោលការណ៍ដែលមានជាធរមាន ទៅតាមច្បាប់ ដោយផ្អែកលើបទពិសោធន៍ ហើយនិងប្រវត្តិការងារ​គាត់ ជាជាងផ្ដល់តំណែងដោយសារសែស្រឡាយនិងបក្ខពួកនិយម»។

អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែក​ឡាំង ប្រទេសអាល្លឺម៉ង់​ ទើបបាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយចាត់ចំណាត់ថ្នាក់អំពើពុករលួយកម្ពុជា នៅឆ្នាំ២០២១ ​ជាប់ចំណាត់​ថ្នាក់​ទី​១៥៧ ក្នុងចំណោមប្រទេសនិងដែនដីចំនួន១៨០នៅទូទាំងពិភពលោក។

អង្គការតម្លាភាពអន្តរជាតិ បញ្ជាក់ថា អំពើពុករលួយនៅកម្ពុជាឆ្នាំ២០២១ បានប្រសើរជាងឆ្នាំ២០២០ ចំនួន២ពិន្ទុប៉ុណ្ណោះ ប៉ុន្តែកម្ពុជានៅ​តែជា​ប្រទេស​ពុករលួយ​ខ្លាំងជាង​គេ​បំផុត ​ក្នុងចំណោមប្រទេសទាំង១០នៅតំបន់អាស៊ាន ដែល​មាន​អំពើពុករលួយចាក់ឫសទាំង​នៅក្នុង​វិស័យសាធារណៈ​និង​វិស័យ​ឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ