លោក កឹម សុខា ប្រកាស​ផ្ដាច់​ចំណង​សម្ព័ន្ធភាព​ជាមួយ​លោក សម រង្ស៊ី

ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក កឹម សុខា (រូបឆ្វេង)​ និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (រូបស្តាំ)។

ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក កឹម សុខា និងកំពុងជាប់ក្ដីក្ដាំនៅតុលាការក្រោមបណ្ដឹងរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសផ្ដាច់ចំណងសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលទើបត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំបន្ថែមទៀត។

ការប្រកាសរបស់លោក កឹម សុខា ធ្វើឡើងអំឡុងពេលលោកចូលបង្ហាញខ្លួនក្នុងសវនាការជំនុំជម្រះប្រឆាំងរូបលោកនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។

លោក កឹម សុខា បានប្រកាសនៅក្នុងបន្ទប់សវនាការថា លោកនឹងគ្មានទំនាក់ទំនងអ្វីទាំងអស់ជាមួយលោក សម រង្ស៊ី ដែលកំពុងរងបណ្តឹងជាច្រើន និងកំពុងរស់នៅបរទេស។ លោក កឹម សុខា អះអាងថា រូបលោក និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយដូចដែលលោក សម រង្ស៊ី ធ្លាប់បានលើកឡើងទៀតនោះទេ។

បន្ថែមពីលើនេះ លោក កឹម សុខា បានថ្លែងការពារថា គ្រប់សកម្មភាពដែលលោក សម រង្ស៊ី បានធ្វើកន្លងទៅ លោកមិនដែលបានគាំទ្រនោះទេ ហើយក៏បានហាមកូនចៅរបស់លោកមិនឱ្យគាំទ្រសកម្មភាពរបស់លោក សម រង្ស៊ី នោះដែរ។ លោកបញ្ជាក់ថា នឹងផ្តាច់ទំនាក់ទំនងនយោបាយជាមួយលោក សម រង្ស៊ី ចាប់ពីពេលនេះតទៅ និងថាសម្ព័ន្ធភាពក្នុងនាមគណបក្សសង្រ្គោះជាតិរវាងថ្នាក់ដឹកនាំទាំងពីរ គឺលែងមានបន្តទៅទៀតហើយ គឺបានដល់ចំណុចផ្លូវដើររៀងខ្លួន។

លោក កឹម សុខា ថ្លែងថា៖ «ខ្ញុំឈប់មានទំនាក់ទំនងអីជាមួយនឹង សម រង្ស៊ី ទៀតហើយ។ ពាក្យ សម រង្ស៊ី និង កឹម សុខា ជាមនុស្ស​តែមួយ​ហ្នឹង​ក៏​មិនមាន​ទៀតដែរ។ ចុងក្រោយនេះ គាត់​វាយប្រហារ​ខ្ញុំ រឿងខ្ញុំ​មិន​ទៅ​បោះឆ្នោត​គឺជា​កំហុស​ដ៏​ធំអីអស់​ហ្នឹង​។ អស់លោកឃើញទេ ថ្ងៃគាត់​ប្រកាស​ចូលប្រទេស ថ្ងៃទី៩ វិច្ឆិកា ក៏ខ្ញុំ​មិនចូលរួមដែរ ហើយ​មានតែ​ខ្ញុំហាម​កូនចៅ​ខ្ញុំមិនឱ្យ​គាំទ្រ​ទៀតផង។ ប្រសិនបើ ខ្ញុំមាន​សិទ្ធិនយោបាយ ខ្ញុំហ៊ាន​ដល់​ធ្វើ​សន្និសីទ​កាសែតទៀត។ អ្នកណា​ធ្វើអាក្រក់ សូមទៅឱ្យ​ឆ្ងាយ​ពីខ្ញុំ។ ខ្ញុំក៏​អរគុណហើយ ដែល​តំណាង​អយ្យការ បាន​សួរខ្ញុំអំពីរឿងហ្នឹង នៅទីនេះ»។

នេះជាការប្រកាសបង្ហាញជំហរជាលើកដំបូងរបស់លោក កឹម សុខា ផ្តាច់ចំណងសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ចាប់តាំងពីពេលលោក សម រង្ស៊ី បានថ្លែងរិះគន់លោក កឹម សុខា ដែលមិនបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បើទោះជាលោក កឹម សុខា មានឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតក្តី។ ទោះជាយ៉ាងណា មន្រ្តីជំនិតរបស់លោក កឹម សុខា ប្រកាសនៅ ពេលនោះថា លោក កឹម សុខា គ្មានជម្រើសគណបក្សសម្រាប់គាត់បោះឆ្នោតនោះទេ ទើបគាត់សម្រេចថាមិនចេញទៅបោះឆ្នោត។

យ៉ាងនេះក្តី លោក សម រង្ស៊ី ចាត់ទុកការមិនសម្រេចចិត្តចេញទៅបោះឆ្នោតរបស់លោក កឹម សុខា គឺជាកំហុសឆ្គងមួយ និងថាលោក កឹម សុខា បានប្រមាថទៅលើឆន្ទៈរបស់ពលរដ្ឋខ្មែរដែលធ្លាប់គាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ។

ការប្រកាសរបស់លោក កឹម សុខា នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំបន្ថែមទៀត ក្នុងបទចោទប្រកាន់ពាក់ព័ន្ធដំណើរវិលត្រលប់ចូលមកប្រទេសកម្ពុជាវិញមិនបានសម្រេចកាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ