លោក ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​អាវុធ​ប្រឆាំង​មីស៊ីល​ជា​ចាំបាច់

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្បែរ​ជួរ​មុខ​ជាមួយ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​​រុស្ស៊ី​ នៅ​ក្នុង​តំបន់ Donbass ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២១។ (REUTERS)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងកាលពីថ្ងៃអង្គារ​ម្សិល​មិញ​ថា កងកម្លាំងអ៊ុយក្រែនបច្ចុប្បន្នកំពុងតែទទួលរងនូវការ​ខាត​បង់​យ៉ាង​ឈឺចាប់ ​ក្នុង​ការប្រយុទ្ធ​តទល់ជា​មួយ​នឹង​ទាហាន​រុស្ស៊ី ទាំង​នៅ​ក្នុង​តំបន់​ទីក្រុង Sievierodonetsk ភាគខាងកើត និងតំបន់ Kharkiv ។

ថ្លែងក្នុងសុន្ទរកថាមួយតាមរយៈប្រព័ន្ធវីដេអូ និងត្រូវបានស្រង់យកមកចុះផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែនរូបនេះ​ បន្ត​ថា ខណៈគ្រាប់​រ៉ុក្កែត​រុស្ស៊ី​មួយ​ចំនួន​អាច​​មានសមត្ថ​ភាព​គេច​ផុតចេញ​ពី​ប្រព័ន្ធ​ការពារ ដែលបណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ អ៊ុយក្រែនបច្ចុប្បន្ន គឺពិតជាត្រូវការយ៉ាងចាំបាច់នូវអាវុធប្រឆាំងមីស៊ីលទំនើបនានា។

ទាក់ទិននឹងករណីនេះ លោកបន្ថែមថា ប្រទេសជាដៃគូទាំងឡាយ​មិនគួរមានការពន្យារពេលដឹកជញ្ជូនអាវុធ​ទាំង​នេះ​មក​កាន់​ប្រទេស​ខ្លួន​ឡើយ។

លោក ហ្សេលេនស្គី បានឱ្យដឹងទៀតថា៖ «ការប្រយុទ្ធគ្នាដ៏សាហាវ [ដូចកាលពីពេលកន្លងទៅ] បច្ចុប្បន្ន​ ផ្ទុះឡើ​ង​នៅ​ក្នុង​ទីក្រុង Sievierodonetsk ក៏ដូចជាទីប្រជុំជន និងសហគមន៍នៅក្បែរនោះ។ រាល់ការបាត់​បង់​ទាំង​ឡាយ គឺពិតជាឈឺចាប់ខ្លាំងណាស់»។

លោកបន្ថែមថា៖ «ទោះជាយ៉ាងណា យើងត្រូវតែរក្សាភាពរឹងមាំ។ ការរក្សាភាពរឹងមាំ គឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់តំបន់ដុនបាស [donbas]»។

យោងតាមលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្រៅពីទីក្រុង Sievierodonetsk នេះ អ៊ុយក្រែនបច្ចុប្បន្នក៏កំពុងតែ​មើលឃើញពីការខាតបង់ដ៏ឈឺចាប់នៅក្នុងតំបន់ Kharkiv ភាគខាងកើតនៃទីក្រុងកៀវ (Kyiv) ផងដែរ ជាកន្លែងដែលរុស្ស៊ីកំពុងតែព្យាយាមពង្រឹងជំហរយោធារបស់ខ្លួន។

លោក​ថា​៖ «​សមរភូមិដ៏ក្ដៅគគុក​កំពុង​តែបន្ត​នៅ​ទីនោះ ខណៈយើង​ត្រូវ​តែ​បន្ត​​ប្រយុទ្ធ​តទល់ឱ្យកាន់​តែខ្លាំងបន្ថែមទៀត​»​។

គួរបញ្ជាក់ថា ការបាញ់គ្រាប់ផ្លោងនានារបស់រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់​ក្នុងទីក្រុង Sievierodonetsk ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា ការវាយដណ្តើមយកទីក្រុងក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនមួយនេះ បច្ចុប្បន្នគឺជាគោលដៅដ៏សំខាន់មួយរបស់រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ