UPDATED៖ លោក កឹម សុខា ប្រកាស​ផ្ដាច់​ចំណង​សម្ព័ន្ធភាព​ជាមួយ​លោក សម រង្ស៊ី

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី អំឡុងពេលព្រឹត្តិការណ៍លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។ (ស្រី សុភ័ក្ត្រ)

លោក កឹម សុខា បានប្រកាសជាផ្លូវការចេញពីបន្ទប់ជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ថាលោកផ្ដាច់ចំណងសម្ព័ន្ធ​​ភាព​​ជា​មួយលោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែល​​ទើប​​ត្រូវបានតុលាការផ្តន្ទាទោស​​ដាក់​​ពន្ធនាគារ៨ឆ្នាំបន្ថែមទៀត កាលពីម្សិលមិញនេះ។

ជម្រាបអង្គសវនាការនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ លោក កឹម សុខា បានប្រកាសចែកផ្លូវគ្នាជាមួយលោក សម រង្ស៊ី ជាផ្លូវការហើយ អំពីចំណងសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។

លោក កឹម សុខា ក៏ធ្លាប់បញ្ជាក់បែបនេះដែរនាពេលកន្លងទៅនៅក្នុងអង្គសវនាការ ប៉ុន្តែគ្រាន់​​តែ​​លោកមិនបញ្ជាក់ដោយត្រង់អំពីឈ្មោះលោក សម រង្ស៊ី ដូច​​លើក​​នេះ។

ការប្រកាសជំហរជាថ្មីទៀតរបស់លោក កឹម សុខា នៅពេលនេះ ធ្វើឡើងអំឡុងពេលលោកចូលបង្ហា​​​ញ​​ខ្លួននៅក្នុងបន្ទប់ជំនុំជម្រះលើកទី៤៤ នៅថ្ងៃពុធនេះ។ ឆ្លើយតបនឹង​​សំណួររបស់តំ​​ណាង​​អយ្យ​​កា​​​រ​​​​​​ លោក ប្លង់ សុផល ដែលតាំងសំណួរថា តើលោកធ្លាប់ប្រកាសថាឈប់សេពគប់ជា​មួយ​​មនុស្ស​​អា​​ក្រក់ តើ​​លោក​​ចង់សំដៅលោក សម រង្ស៊ី ឬចង់សំដៅទៅបុគ្គលណាផ្សេង?

លោក កឹម សុខា បានប្រកាសនៅក្នុងបន្ទប់សវនាការតបតំណាងអយ្យការភ្លាមថា លោកនឹងគ្មានទំនាក់ទំនងអ្វីទាំងអស់តទៅទៀតហើយពីពេលនេះទៅ ជាមួយលោក សម រង្ស៊ី ដែលកំពុងរងបណ្តឹងជាច្រើន និងកំពុងរស់នៅបរទេស។ លោក កឹម សុខា អះអាងថា រូបលោក និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយដូចដែលលោក សម រង្ស៊ី ធ្លាប់បានលើកឡើងទៀតនោះដែរ។

បន្ថែមពីលើនេះ លោក កឹម សុខា បានថ្លែងការពារថា គ្រប់សកម្មភាពដែលលោក សម រង្ស៊ី បានធ្វើកន្លងទៅ លោកមិនបានចូលរួមឡើយ រាប់ទាំងពីការប្រកាសធ្វើមាតុភូមិនិវត្តន៍ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។​​ មិន​​តែ​​​​ប៉ុណ្ណោះ ក្នុងនាមជាអ្នកដឹកនាំ លោកក៏បានហាមកូនចៅរបស់លោកមិនឱ្យ​គាំទ្រ សកម្មភាពរបស់លោក សម រង្ស៊ី ដែរ។ លោកបញ្ជាក់ថា នឹងផ្តាច់ទំនាក់ទំនងនយោបាយជាមួយលោក សម រង្ស៊ី ចាប់ពីពេលនេះតទៅ និងថាសម្ព័ន្ធភាពក្នុងនាមគណបក្សសង្រ្គោះជាតិរវាងថ្នាក់ដឹកនាំទាំងពីរ គឺលែងមានបន្តទៅទៀតហើយ ពោលគឺបានដល់ចំណុចផ្លូវដើររៀងៗខ្លួន។

លោក កឹម សុខា បន្តថា៖ «ខ្ញុំឈប់មានទំនាក់ទំនងអីជាមួយនឹង សម រង្ស៊ី ទៀតហើយ។ ពាក្យ សម រង្ស៊ី និង កឹម សុខា​ ជាមនុស្សតែមួយហ្នឹង​ក៏មិនមានទៀតដែរ។ ចុងក្រោយនេះ គាត់វាយប្រ​​ហា​​រខ្ញុំ រឿង​​ខ្ញុំមិនទៅបោះឆ្នោតគឺជាកំហុសដ៏ធំអីអស់ហ្នឹង។ អស់លោកឃើញទេ? ថ្ងៃគាត់ប្រកាស​​ចូល​​ប្រ​​ទេស ថ្ងៃទី៩ វិច្ឆិកា ក៏ខ្ញុំមិនចូលរួមដែរ ហើយមានតែខ្ញុំហាមកូនចៅ​​ខ្ញុំមិនឱ្យគាំទ្រ​​ទៀត​​ផង​។ ប្រ​​សិនបើខ្ញុំមានសិទ្ធិនយោបាយ ខ្ញុំហ៊ានដល់ធ្វើសន្និសីទកាសែតទៀត។ អ្នកណាធ្វើអាក្រក់ សូម​​​​ទៅ​​ឱ្យឆ្ងាយពីខ្ញុំ។ ខ្ញុំក៏អរគុណហើយដែលតំណាងអយ្យការបានសួរខ្ញុំអំពីរឿងហ្នឹងនៅ​​ទី​​នេះ»។

នេះជាការប្រកាសជំហរជាលើកដំបូងរបស់លោក កឹម សុខា ផ្តាច់ចំណងសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ចាប់តាំងពីពេលលោក សម រង្ស៊ី បានថ្លែងរិះគន់លោក កឹម សុខា ដែលមិនបានទៅចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បើទោះជាលោក កឹម សុខា មានឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតក្តី។ ទោះជាយ៉ាងណា មន្រ្តីជំនិតរបស់លោក កឹម សុខា គឺលោក មុត ចន្ថា ប្រកាសនៅពេលនោះថា លោក កឹម សុខា គ្មានជម្រើសគណបក្សសម្រាប់គាត់បោះឆ្នោតនោះទេ ទើបគាត់សម្រេចថាមិនចេញទៅបោះឆ្នោត។

យ៉ាងនេះក្តី លោក សម រង្ស៊ី ចាត់ទុកការមិនចេញទៅបោះឆ្នោតរបស់លោក កឹម សុខា គឺជាកំហុសឆ្គងមួយ និងថាលោក កឹម សុខា បានប្រមាថទៅលើឆន្ទៈរបស់ពលរដ្ឋខ្មែរ ដែលធ្លាប់គាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ។

លោក ម៉ែន សុថាវរិន្រ្ទ មនុស្សដែលស្និទ្ធនឹងលោក សម រង្ស៊ី បញ្ជាក់ជំហរថា ការសម្រេចចិត្តដើរ​​ចេ​ញ​​​​របស់លោក កឹម សុខា លើកនេះ វាជាសិទ្ធិរបស់លោក កឹម សុខា ប៉ុណ្ណោះ។ ​​បើទោះ​​ជា​បែប​​ណា សម្រាប់មន្ត្រី​​កូតាពីខាងលោក សម រង្ស៊ី រូបនេះ នៅតែចង់ឱ្យមានការរួបរួមអ្នកប្រជាធិបតេយ្យ ដ៏ពិត​​ប្រា​​ក​​ដ​​​​​មួយ​​។

បើតាមលោក ម៉ែន សុថាវរិន្រ្ទ និយាយថា ក្នុងនាមសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យនឹងស្វះស្វែងរកមធ្យោបាយ ដើម្បីបានជួបលោក កឹម សុខា ដោយផ្ទាល់ ដើម្បីបញ្ជាក់ពីការដើរចេញពីសម្ព័ន្ធមិត្តនេះ។

លោកបន្តថា៖ «បើឯកឧត្តម កឹម សុខា គាត់ចង់បែកជាមួយលោក សម រង្ស៊ី វាជាសិទ្ធិរបស់គាត់ ព្រោះ​គាត់នៅក្នុងចំណាប់ខ្មាំង។ ខ្ញុំជឿជាក់ថា គាត់នៅក្នុងចំណាប់ខ្មាំង ដូចយើងបានដឹង​​ហើយ​​ណា​​! បើសិនជាគាត់បែរធ្វើម៉េច អាហ្នឹងជាសិទ្ធិរបស់គាត់ ប៉ុន្តែពួកខ្ញុំ​​ខាងឯកឧត្តមប្រធានស្តីទី សម រង្ស៊ី យើងនៅតែសង្រ្គោះជាតិ អ្នកប្រជាធិបតេយ្យពិតប្រាកដ»។

គណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងពីការរួបរួមគ្នារវាងគណបក្ស សម រង្ស៊ី ដែលបច្ចុប្បន្ន​​ជា​​គណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស ដែលមានលោក កឹម សុខា ជាប្រធានបក្ស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅ​​ប្រ​​ទេ​ស​​​ហ្វីលីពីន។

ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចំអកឱ្យលោក សម រង្ស៊ី ថា​​ជា​​អ្នក​នយោបាយឆក់ឱកាសដើម្បីកេងចំណេញខាងនយោបាយ ហើយសម្ព័ន្ធភាពនេះបានដើរដល់​​ផ្លូវ​​បំបែកជាយូរមកហើយ ​​ទើប​​​​តែពេល​​នេះត្រូវបានលោក កឹម សុខា ប្រកាសជាផ្លូវការ។

លោក សុខ ឥសាន បានហៅលោក សម រង្ស៊ី ថាជាអ្នកនយោបាយឧទ្ទាម ​ដែល​​ប្រឡាក់​​ប្រឡូក​​ដោ​យ​​​​​រឿង​​ក្តីមិនចេះចប់​​មិន​​ចេះ​​ហើយ តែងប្រើឈ្មោះលោក កឹម សុខា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

លោកបន្តថា៖ «តាមពិតបុគ្គលទាំងពីរនេះមិនមែនបុគ្គលតែមួយទេតាមការជាក់ស្តែង។ ប៉ុន្តែ​​ដោយ​​មេ​​​ដឹក​នាំឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី នេះគឺថាចេះតែអែបឈ្មោះ កឹម សុខា ធ្វើជាគូកនទៅ ​​ដើម្បី​​បោ​​ក​​​ប្រាស់ប្រជាពលរដ្ឋ ថាពីរនាក់ហ្នឹងសាមគ្គីឯកភាពគ្នាខ្លាំងណាស់។ អាហ្នឹងជាវិធីនិងជា​​ការ​​បោ​​ក​​​​ប្រាស់ទេ ហើយឥលូវនេះកាន់តែច្បាស់ហើយថា កឹម សុខា គាត់បានប្រកាស​​ជាចំហ​ហើយ។ ពី​​មុន​​ គាត់មិនហ៊ានប្រកាសជាចំហ​ច្បាស់ៗដូចពេលនេះដែរ។ ដូច្នេះ ចាប់ពីពេលនេះទៅ ខ្ញុំជឿថា ប្រជា​​ពល​​រដ្ឋ​​​ដែលធ្លាប់ជឿនិងចាញ់បោកមេឧទ្ទាមក្រៅច្បាប់នេះល្មមយល់បញ្ហាហើយ»។

ការប្រកាសរបស់លោក កឹម សុខា នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេ​ញ​​ផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល៨ឆ្នាំបន្ថែមទៀត ក្នុងបទចោទ «រួមគំនិតក្បត់ និងញុះញង់» ពាក់ព័ន្ធដំណើរមាតុភូមិនិវត្តន៍ចូលមកប្រទេសកម្ពុជាវិញមិនបានសម្រេចកាលពី ខែវិច្ឆិកា ឆ្នាំ២០១៩។

​ការប្រកាសរបស់លោក កឹម សុខា ជុំវិញភាពប្រេះឆាសម្ព័ន្ធភាពនេះដែរ ក៏ស្របគ្នានឹងការបង្ហើបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីមួយថា ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាងរាស្រ្តនៅឆ្នាំ២០២៣ កម្ពុជា​នឹងលែង​រងការ​រិះ​​គន់​ថាជា​រដ្ឋាភិបាល​ឯកបក្ស​ទៀត​ហើយ ដោយរដ្ឋសភានឹងមានសំឡេងពហុបក្សឡើងវិញ។

អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា ចាត់ទុកថា ការបែបបាក់សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យនេះ ជាការបង្ហាញឱ្យឃើញពីការធ្លាក់ចុះនៃដំណើរប្រជាធិប​​តេយ្យនៅ​​កម្ពុជា។​​ លោក​មើលឃើញថា ការកសាងសម្ព័ន្ធភាពនេះឡើងវិញ វាមិនងាយទេ គឺត្រូវការពេល​​វេលាវែង​​ឆ្ងាយ​​បន្តទៅមុខទៀត។

បើតាមលោក វណ្ណ ប៊ុនណា នៅចាត់ទុកថា អ្នកដែលចំណេញពីការប្រេះឆានៃសម្ព័ន្ធភាព​​អ្នកប្រ​ជា​​​​ធិ​​​បតេយ្យនេះ គឺគណបក្សកាន់អំណាច ព្រោះឥទ្ធិពលនៃគណបក្សជំទាស់លែងក្លាយជាកា​​ររា​​រាំងនិង​​ឧប​​ស​​គ្គ​​​ប្រឆាំងការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជាតទៅទៀតហើយ។

លោកបន្តថា៖ «បើសិនជាយើងនិយាយថា តើអ្នកណាគេជាអ្នកខាតឬចំណេញពីការបែកបាក់សម្ព័ន្ធ​​ភាពរវាងឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា។ ខ្ញុំគិតថា អ្នកដែលទទួលបាន​​ផលប្រយោ​​ជន៍​​ច្រើន គឺគណបក្សកាន់អំណាច។ ដោយសារសម្ព័ន្ធភាពអ្នកទាំងពីរហ្នឹង វាបង្ហាញពីកម្លាំងមួយ វាធ្វើ​​ឱ្យ​​មានការរង្គោះរង្គើទៅដល់ការកាន់អំណាចរបស់គណបក្សកាន់អំណាច។ មួយទៀត ផល​​​ចំណេ​​ញ​​ជាលក្ខណៈបុគ្គល ខ្ញុំឃើញថា អាចជាផលចំណេញមួយដែរសម្រាប់ឯកឧត្តម កឹម សុខា ដែល​​អាច​​ឱ្យតុលាការពិចារណាទម្លាក់បទចោទរឿងក្តីរបស់លោក »។

គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ ៣ខែក្រោយ បន្ទាប់ពីសមត្ថកិច្ចចាប់​​ខ្លួន​​លោ​ក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៧។

នៅអំឡុងពេលនៃការរំលាយគណបក្សជំទាស់​​ដ៏​​ធំ​​​​ជា​​ង​​​​​គេ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋា​​ភិបាលត្រូវរងការរិះគន់ពីសហគមន៍ជាតិនិងអន្ត​​រ​​ជា​​តិថា កម្ពុជាបានសម្លាប់​​ប្រជាធិ​​ប​​តេ​​យ្យដែល​​​កំពុ​ងតែលូតលាស់​​។ ទន្ទឹមនឹងការរំលាយបក្ស​​ប្រ​ឆាំង​​​នេះ ស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលដ​​ទៃ​​ទៀត រួមទាំងសារព័ត៌មានឯករាជ្យ ត្រូវរងការគំរាម​​កំ​​ហែងនិងធ្វើទុក្ខបុកម្នេញ រហូតពួកគេសម្រេ​​ច​​ចិត្ត​​​បិទទ្វារពីកម្ពុជាថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ