វិភាគ៖ តើ​វប្បធម៌​ចោទ​ប្រកាន់​គ្នា​ពី​ការ​លួច​សន្លឹកឆ្នោត​នឹង​អាច​បញ្ចប់​នៅ​ពេលណា?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ហ៊ាន រង្សី)

​ការ​​ចោទ​ប្រកាន់​គ្នា​ពីសំ​ណាក់​អ្នកន​យោ​បា​យ​​​កំពូលៗ​ពី​ការ​លួច​សន្លឹក​ឆ្នោត​ បាន​កើ​​ត​ឡើ​​ងជា​ថ្មីទៀ​តនៅ​​អា​ណ​ត្តិថ្មី​នេះ​ ក្រោ​​យ​ពីកា​របោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-​​សង្កា​ត់បានបិទបញ្ច​ប់​ទៅកាលពីថ្ងៃ​ទី៥ ខែ​​មិថុ​នា​ ឆ្នាំ២០២២​នេះ។

បញ្ហានេះ​ជំ​​រុញ​​​​ឱ្យមា​នកា​រ​ព្រួ​យ​បា​រម្ភ​ពីដំណើរឆ្ពោះទៅរកការផ្សះផ្សាជាតិ ក្រោយ​ពីរបត់នយោ​បាយឈា​​នទៅ​រំលាយឆន្ទៈម្ចាស់ឆ្នោតជាង​៣លាន​នាក់ ចាប់ពីចុងឆ្នាំ២០១៧រួចមក។

បច្ចុប្បន្ន​ភាព​វិញ លទ្ធផលបណ្ដោះអាសន្ន​នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៥​នេះ គណបក្សប្រជា​​ជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រជាង​ «៥លាន​៣សែន» ខណៈ​គណបក្ស​ភ្លើង​ទៀនដែល​ជា​គណបក្សដេ​ញ​តាមពីក្រោយ ទទួល​បាន​សំឡេងឆ្នោតជាង «១លាន​៦សែន» ក្នុង​ចំណោមអ្នកចេញទៅបោះឆ្នោតជាង «៧លា​ន១សែននាក់»។

លោកនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន ​កាលពីថ្ងៃទី​១៣ ខែ​មិថុនា​ ក្នុងពិធី​បិទវ​គ្គបណ្ដុះបណ្ដាលមួយ​ក្នុង​រាជ​ធានីភ្នំ​​ពេញ​​​ ​បានប្រកា​សច្រាន​ចោល​កា​រចោ​ទប្រ​កាន់​ដែល​ថាជ័យ​ជម្នះរប​ស់គណបក្សកាន់អំ​ណាចមានការលួចបន្លំសន្លឹកឆ្នោត។

លោកថា៖ «ពួ​​កអ្នក​ឯងដែលចោទថាគេ​លួ​ចនេះ [លួចសន្លឹកឆ្នោតនេះ] ហ៊ានស្បថឱ្យរន្ទះបាញ់ឬអត់? ហ៊ានស្បថឱ្យ​ងាប់តៃហោងឬអត់? យើងនិយាយគ្នាអញ្ចេះវិញម្ដង»។

​​ប្រតិកម្មនេះ​បាន​​កើតឡើង​តែប៉ុ​ន្មាន​ថ្ងៃប៉ុណ្ណោះ ក្រោ​យពីលោ​ក​ សម ​រង្ស៊ី អតី​តស្ថាប​​និក​គណ​​ប​ក្ស​ស​ង្គ្រោះជា​​តិដែលតុលាការបានរំលាយ​ និ​ង​ជាស្ថាប​និកគណបក្សភ្លើងទៀនដែរនោះ បាន​​ថ្លែងចោ​ទប្រ​កាន់​ថា ​ស​​ន្លឹ​កឆ្នោតដែ​លគ​ណប​ក្សភ្លើងទៀ​នទទួ​លបា​នជាសន្លឹក​ឆ្នោតសល់​ពីកា​រលួ​ចប​ន្លំ។​

លោ​កថា​៖ «​លោក ហ៊ុន សែន ស​ព្វថ្ងៃ​គាត់​ស្លន់ស្លោ គាត់ថាខំលួ​ច​ប៉ុ​ណ្ណឹង​ហើយ ​គំរា​មវា​​ប៉ុណ្ណឹង​ហើយ​ ស​ម្លុ​​ត​​វា​​ប៉ុ​ណ្ណឹ​ង​​ហើ​​​យ​ ​ប៉ុ​ន​ប៉ង​ទិញ​វាប៉ុ​ណ្ណឹ​ង​ហើ​យ​ នៅ​សល់​២​២​ភា​គ​រ​យ​នេះ​ ​គឺអ​ស្ចារ្យ​»។​

សង្គ្រា​​មពាក្យស​ម្តី​​នេះបានកើតឡើងម្តងហើយអំ​ឡុ​ង​នៃកា​របោះឆ្នោ​តជាតិ​ឆ្នាំ​​២​​០​​១​៣​​ គឺ​​​លោ​ក​នា​យករ​ដ្ឋ​មន្ត្រី​ ហ៊ុ​ន សែន ​បានបបួ​ល​លោក សម រង្ស៊ី ស្បថ ក្រោយពីមានការចោទប្រ​កាន់ដូ​​​ច​​​​គ្នានេះ។ កា​​​រ​បោះឆ្នោតនៅពេលនោះ ​គ​ណបក្សប្រ​ជាជន​ក​ម្ពុជា ​បានបាត់ប​ង់អាស​នៈក្នុងសភា​ចំនួន​២២ ពោលគឺពី៩០អាសនៈ មកនៅត្រឹម៦៨អាសនៈ។

អា​ស​នៈដែលបក្សកាន់អំណាចបាត់បង់នោះបានធ្លាក់មកលើគណបក្សសង្គ្រោះជាតិដែល​ជាគណបក្សប្រ​ឆាំ​ងធំ​ជាងគេ ដែលគណបក្សនេះកើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស​សម​រង្ស៊ី របស់​លោក សម រង្ស៊ី​ និងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា។ ប៉ុ​​ន្តែគណបក្សប្រឆាំងធំនេះ ត្រូវតុលាការកំពូលរំលាយ​ចេញពីឆាកនយោបាយនៅចុងឆ្នាំ២០១៧ ក្រោ​​យ​​​ពី​ដណ្តើមបានអាសនៈឃុំសង្កាត់ កើនជិតទាន់គណបក្សកាន់អំណាចដែរ ដែលគិតជាសំឡេង​ឆ្នោតជា​ង «​​៣លា​នសំឡេង» ឬស្មើនឹងជាង៤៣ភាគរយ។

ភាពចម្រូងចម្រាសនេះបានចោទជាសំណួរថា តើវប្បធម៌ចោទប្រកាន់គ្នារឿងលួចសន្លឹកឆ្នោតនឹងអាចប​​ញ្ច​ប់​​នៅពេលណា?

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ​​លោក​ប​ណ្ឌិត មាស ​នី ​លើកឡើង​ថា ​ក្នុ​​ង​ប្រ​ទេស​មា​ននី​តិ​រដ្ឋពិតប្រា​កដ គេមិ​នចាំ​បា​ច់ប​បួល​គ្នាស្ប​ថនោះ​​ទេ តែ​គេត្រូវប្រ​គ​ល់ភារកិ​ច្ច​​នេះឱ្យទៅ​ប្រ​ព័ន្ធ​ច្បាប់​ជាអ្នក​ស៊ើប​អង្កេ​ត ដើម្បីរក​អ្នកដែ​ល​នៅពី​ក្រោ​យ​បញ្ហា​។ ក្នុង​ន័យនេះ លោក​យល់​ថា​ អ្ន​ក​ច្បាប់​​នៅ​​ក​​ម្ពុជា​ មានជំ​​នា​ញមិន​អន់ជាងប្រទេស​ដទៃទេ ដោយហេតុថា ​បើគេ​ចង់ចាប់​នរ​ណាម្នាក់​ បុ​គ្គលនោះពិ​បាកនឹងរួចខ្លួន​​ណាស់។

តែយ៉ាងណា លោកមើលឃើ​ញថា ​បញ្ហានេះ​អាចមកពីកត្តាចម្បង៣ គឺការមិនទុកចិត្តគ្នារវាងអ្នក​រៀបចំទីលានប្រកួតនិងអ្នកចូលរួមប្រ​កួត ខ្វះជំនឿលើការអនុវត្តច្បាប់ រួមទាំងអ្នកចូលរួមប្រកួត​ខ្វះភាពម្ចាស់ការ​ក្នុងការដាក់ពង្រាយអ្នកឃ្លាំមើលដំណើរការ​បោះ​ឆ្នោតឱ្យបាន​គ្រប់គោល​ដៅ​ប្រកប​ដោយ​សមត្ថ​ភាពនិងជំនឿទុកចិត្ត។

លោ​កមើលឃើញថា បញ្ហានេះ បើមិន​ត្រូវ​បាន​ដោះ​ស្រាយ​ទេ ភាព​មិន​ទុក​ចិត្ត​នៅ​តែ​បន្ត​កើតឡើង​​រហូត ហើ​​យ​​ដំណើរឈានទៅរកការផ្សះផ្សាជាតិមិនអាច​ធ្វើ​ទៅ​រួចទេ ដែលការណ៍នេះជាដើម​ចម​ជំរុញឱ្យមានបញ្ហាសង្គម។

លោកថា៖​ «បើសិនជាយើងសម្អាងទៅលើនីតិរដ្ឋ នីតិរដ្ឋហ្នឹង វានឹងធ្វើការឱ្យយើង វានឹងរកឱ្យឃើញថាន​រ​ណា​​ជាជននៅពីក្រោយ ឬក៏ការបោះឆ្នោតហ្នឹងវាមានភាពមិនប្រក្រតីអីយ៉ាងម៉េចៗ។ យើងមានអ្នកស៊ើបអ​ង្កេ​ត​​ឯ​ករាជ្យមួយទៅ យើងរក​ឃើញ​ហើយ»។

យ៉ាងណា លោក មាស នី យល់​ថា វប្បធម៌នៃការចោទប្រកាន់គ្នាពីរឿងលួចសន្លឹកឆ្នោតនឹងអាច​បញ្ចប់ទៅបាន បើអ្នកនយោបាយមានឆន្ទៈពិតប្រាកដ ធ្វើឱ្យទីលានប្រកួតការបោះឆ្នោតមាន​តម្លាភាពនិងនីតិរដ្ឋពិតប្រាកដ ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

លោកថា៖ «អ្នកខ្លះគេថា ទាល់តែមានការផ្លាស់ប្តូរ គ.ជ.ប អ៊ីចឹង! ប៉ុន្តែសម្រាប់ខ្ញុំវិញ ក្នុងកាលៈទេសៈនេះ ឱ្យ​គ​​​ណ​បក្សកាន់​អំណាច​ទៅ​បោះបង់ គ.ជ.ប ចោល ​គឺ​មិន​ទេ! ខ្ញុំគិត​ថាមិន​អាចទៅរួចទេ។ ក៏ប៉ុន្តែយើងអាចទា​ម​ទា​រឱ្យ​​មាន​តម្លាភាពក្នុងការរាប់សន្លឹកឆ្នោត យើងអាចធ្វើឱ្យមានការដាក់ពង្រាយដោយ​យុត្តិធម៌ ​ដោយ​ស​​ម​ធ​ម៌ ​ទៅលើអ្នក​សង្កេតកា​រណ៍ ត្រួតពិនិត្យទៅលើការរាប់សន្លឹកឆ្នោត អាហ្នឹងក៏អាចជួយគ្នាបានដែរ»។

នា​យកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធ​ភាព​ការ​ងារ និងសិទ្ធិមនុស្ស​ លោក មឿន តុលា មាន​ប្រសាសន៍ថា​​ ច្បាប់​​ស្តីពី​​គណបក្ស​​​​នយោបាយដែល​​បើក​ផ្លូវ​ឱ្យមាន​ការ​រំលាយ​គណបក្សឬរឹប​អូស​ឆន្ទៈពល​រដ្ឋ ច្បាប់​​បោះ​ឆ្នោត និ​​ង​​ប្រ​ព័ន្ធ​យុ​ត្តិធម៌មិនឯករាជ្យ ជា​ដើមចមជំរុញឱ្យមានការចោទប្រកាន់​គ្នាពីលទ្ធផលបោះឆ្នោត។

ក៏​ប៉ុ​​ន្តែលោកគិតថា​ បញ្ហាទាំងនេះមិនមែនជាកំហុសរបស់ គ.ជ.ប ឬ​ក្រសួង​ណាមួ​យ​នោះ​ទេ តែវា​ជា​ឆន្ទៈរ​ប​ស់គណបក្សកាន់អំណាចដែលជាតួអង្គសំខាន់ក្នុងការធ្វើកំណែទម្រង់។

លោ​កថា៖ «ប្រទេសណាក៏ដោយ ឱ្យតែប្រព័ន្ធបោះឆ្នោតនៅតែអត់ធានាបាននូវការប្រកួតប្រជែងដោយសេ​រីត្រឹមត្រូវពិតប្រាកដ សង្គមហ្នឹងនៅតែបន្តបែកបាក់ហែកហួរគ្នាអ៊ីចឹង»។

លោ​​ក តុលា យល់ថា តម្លាភាពនឹងមិនអាចផ្តល់ទំនុកចិត្តដល់​គ្រប់ភាគីពាក់ព័ន្ធទេ បើនៅពេលពលរដ្ឋចូ​​លទៅគូសសន្លឹកឆ្នោត​ស្ថិតក្នុងបន្ទប់សម្ងាត់ តែដល់ពេលរាប់សន្លឹកឆ្នោតក្នុង​បន្ទប់បិទ​ជិត​នោះ។ លោក​បន្តថា បញ្ហាចម្បងមួយទៀត​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់តម្លាភាពនៃការ​ប្រកួតប្រជែងនោះ គឺ​ការបែងចែកមិនឱ្យ​ដាច់រវាងមន្ត្រីនយោបាយនិងមន្ត្រីរដ្ឋ ដែល​ធ្វើ​ឱ្យមន្ត្រីខ្លះ​នៅតែបម្រើផលប្រយោជន៍បក្ស បើ​ទោះបីខ្លួនជាប់ឆ្នោតក្លាយជាមន្ត្រីរដ្ឋក្តី។

ប​ញ្ហា​​​នេះ លោក​គិត​ថា ការ​​ចោទ​ប្រកាន់​​គ្នា​​នឹង​ត្រូវ​បាន​​បញ្ចប់ ​បើ​គណបក្ស​កាន់អំណាចបង្កើតបាន​ប្រព័ន្ធនៃការប្រកួតអំណាច ឬការបោះឆ្នោតនេះបានផ្តល់ទំនុកចិត្តពីគ្រប់ភាគី។

បញ្ហា​នេះ លោក តុលា លើកឡើងថា នៅ​ភូមា ឬ​មីយ៉ាន់ម៉ា គណៈកម្មាធិការរៀបចំការបោះឆ្នោត​របស់​ប្រទេសនេះ​​ ហ៊ា​​​ន​ប្រ​​​កាសពីជ័យជម្នះ​របស់​គណបក្ស​​ប្រឆាំង ដែល​ដឹកនាំដោ​យ​លោកស្រី អ៊ុងសាន ​ស៊ូជី។ ដា​​​ច់ដោ​យឡែក នៅប្រទេសថៃវិញ លោក​ថា មានការរំលាយគណបក្ស​ប្រឆាំង​ដែរ តែ​តុលាការ​ថៃមិនបើកផ្លូវ​ឱ្យមា​ន​​​កា​ររឹបអូសយកឆន្ទៈម្ចាស់ឆ្នោតទៅចែកគ្នា ដូច​ករណីកើតឡើងនៅកម្ពុជាអំឡុងចុងឆ្នាំ២០១៧នោះ​ទេ។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញប្រហាក់ប្រហែលគ្នា​​នេះ​​ដែរ ដោយ​ស​​ម្អា​​ងថា ការចោទប្រកាន់គ្នាពីការលួចបន្លំ​សន្លឹកឆ្នោត អាច​មក​ពីសមត្ថ​ភាពរបស់​អ្នក​ចូល​រួម​ប្រកួត ​ការ​ពង្រា​យ​​​អ្នក​សង្កេត​ការណ៍​​ដើម្បីការពារសន្លឹកឆ្នោត​​ដែលពល​រដ្ឋ​បោះ​ឱ្យ ​រួមទាំង​ខ្វះភាព​ក្លាហាន​ក្នុងការតវ៉ាភ្លាមៗ​ប្រ​ឆាំ​​ង​​នឹង​ស​កម្មភាពណាមួយ​ដែលពួកគេគិត​ថាជា​ហានិភ័យដល់សន្លឹកឆ្នោតគាំទ្រពួកគេ។

បញ្ហានេះ​ លោក​យល់​ថា កង្វះ​សមត្ថ​ភាពនិង​ភាព​ភ័យ​ខ្លាច​របស់​អ្នក​ចូល​រួម​ប្រកួត រួម​ទាំង​ចរន្តបែកបាក់រប​ស់​អ្នកប្រជាធិបតេយ្យផងនោះ ជាកាដូផ្តល់ជូនទៅដៃគូប្រកួត​ដែលមានប្រៀប ​កំពុង​គ្រប់គ្រងអំណាចផងដែរ។

លោកថា៖ «សម្រាប់គណបក្សកាន់អំណាច ខ្ញុំជឿថា លោកនឹងមិនផ្លាស់ប្តូរនូវអ្វីដែលគាត់ធ្លាប់ធ្វើទេ ក៏ប៉ុន្តែខ្ញុំ​​​​ជឿជា​ក់​ថា គាត់នឹងពង្រឹងនូវចំណុចខ្លាំងទាំងអស់ហ្នឹងទៀត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់គាត់ ឬក៏លទ្ធផ​ល​ដែ​ល​គាត់​ទទួលបាន ឱ្យនៅរក្សាតួលេខដដែល ឬក៏អាចកើនឡើងជាងបច្ចុប្បន្ន»។

យ៉ាងណា លោកយល់ថា អ្នកនយោបាយធ្វើឱ្យជាតិ​បែក​បាក់ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ ដែលច្បាប់​កំពូល​នេះ​ចែងថា ក​ម្ពុ​ជាអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្សនោះ ពួក​គេនឹង​រង​ការ​ស្តីបន្ទោស​ពី​ប្រជា​ពលរដ្ឋ និងត្រូវបានគេចារក្នុងប្រវត្តិ​សាស្ត្រ ជាមនុស្ស​ខ្វះ​មនសិការជាតិ រារាំងដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលជាបំណងប្រាថ្នា​របស់សហគមន៍ជាតិនិងអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ