ប្រមុខរាជរដ្ឋាភិបាលទទួលស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
យោងតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា លោកនឹងអញ្ជើញទទួលពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ធ្វើពីមាសសុទ្ធទម្ងន់ជាង៦គីឡូក្រាម ដែលដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃនេះ ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤។
លោកបន្តថា ការមកដល់នូវពានរង្វាន់បាល់ទាត់ពិភពលោកដែលមានតម្លៃប្រមាណ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។
បើតាមហ្វេសប៊ុកនាយករដ្ឋមន្ត្រី កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ ក្នុងនោះរួមមានការដង្ហែពានរង្វាន់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។
ក្រៅពីនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល១រសៀល រហូតដល់ម៉ោង១០យប់ផងដែរ។
គួរបញ្ជាក់ថា ពានពិភពលោកមួយនេះត្រូវបានរចនាឡើងដោយសិល្បករជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Silvio Gazzaniga ក្នុងឆ្នាំ១៩៧៤ ដែលផ្តល់ជូនក្រុមទទួលបានជ័យលាភីរៀងរាល់៤ឆ្នាំម្តង។ ពាននេះមានកម្ពស់ ១៤,៥ អ៊ីង (Inches) មានអត្តពលិកពីររូបតំណាងត្រដាងដៃពីរឡើងលើទ្រពិភពលោក។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន ត្រូវបានស្រង់ប្រសាសន៍មកផ្សព្វផ្សាយលើគេហទំព័រគណបក្សប្រជាជនកម្ពុជា ថាមានហេតុផលច្រើនដែលនាំឱ្យសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) សម្រេចចិត្តយកប្រទេសកម្ពុជាជាប្រទេសមួយ សម្រាប់ដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ក្នុងចំណោមប្រទេសចំនួន៥១។
លោកបន្តថា ហេតុផលនោះ គឺសហព័ន្ធបាល់ទាត់ពិភពលោក ពិនិត្យឃើញពីសន្ដិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពល្អរបស់កម្ពុជា ត្បិតពាននេះធ្លាប់មានករណីលួចនិងបាត់បង់ចំនួន២លើកមកហើយ ក្នុងនោះលើកទី១ កាលពីឆ្នាំ១៩៦៦ នៅអង់គ្លេស និងលើកទី២ ឆ្នាំ១៩៨៣ នៅប្រេស៊ីល។
ក្រៅតែពីបញ្ហាសន្តិសុខ និងសុវត្ថិភាពហើយនោះ លោកថា ការដង្ហែពាននេះមកកាន់កម្ពុជានាពេលនេះក៏ជាការលើកទឹកចិត្តកម្ពុជាដែលជាប្រទេសសមាជិក FIFA ដើម្បីជំរុញវិស័យកីឡាបាល់ទាត់ដែលជាកីឡាត្រូវបានចាត់ទុកជាការរួមចំណែកអភិវឌ្ឍយុវជននិងសង្គមផងដែរ ព្រមទាំងជាការផ្ដល់នូវកម្លាំងចិត្តឱ្យកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។
កាលពីឆ្នាំ២០១៨ ប្រទេសបារាំងបានទទួលពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) នេះ៕