ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​កំពុង​ស្វែងរក​អ្នក​បញ្ចេញ​សំឡេង​លោក កឹម សុខា ថ្លែង​ក្នុង​សវនាការ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានសាលាដំបូងរាជធានីភ្នំពេញ អះអាងថា តុលាការកំពុងស្វែងរកអ្នកបញ្ចេញសំឡេងលោក កឹម សុខា ដែលថ្លែងក្នុងបន្ទប់សវនាការ ក្រោយពីសំឡេងនេះត្រូវបានសារព័ត៌មាន Fresh News យកមកចុះផ្សាយជាសាធារណៈកាលពីថ្ងៃទី១៥ ខែមិថុនា។

កន្លងមក គេសង្កេតឃើញថា អ្នកដែលចូលស្ដាប់សវនាការលោក កឹម សុខា ទាំងអស់ រួមទាំងអ្នកសារព័ត៌មានផង ត្រូវបានមន្ត្រីតុលាការតម្រូវឱ្យទុកទូរសព្ទដៃ ឧបករណ៍ថតសំឡេង និងនាឡិកានៅខាងក្រៅបន្ទប់សវនាការទាំងអស់ លើកលែងតែប៊ិក សៀវភៅ ឬក្រដាស ប៉ុណ្ណោះ។

ក្រៅពីឱ្យទុកសម្ភារហើយ គ្រប់អ្នកចូលរួមស្ដាប់សវនាការលោក កឹម សុខា ដែលកន្លងមកគេឃើញភាគច្រើនមានអ្នកសារព័ត៌មាន សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស តំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស តំណាងសហភាពអឺរ៉ុប និងស្ថានទូតនានា ត្រូវបានមន្ត្រីតុលាការត្រួតពិនិត្យសន្តិសុខតឹងរ៉ឹង មុនពេលអនុញ្ញាតឱ្យចូលបន្ទប់សវនាការ បើទោះបីជាពួកគេបានទុកសម្ភាររួចរាល់ហើយក្ដី។

ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា តុលាការកំពុងស្វែងរកអ្នកដែលបានបញ្ចេញសារសំឡេងលោក កឹម សុខា ដែលបានថ្លែងក្នុងបន្ទប់សវនាការកាលពីម្សិលមិញ បើទោះជាគេដឹងថា សារព័ត៌មាន Fresh News បានបញ្ចេញសារសំឡេងនេះក្តី។

លោកថា៖ «ខ្ញុំអត់ទាន់ដឹង​ កំពុងតាមដូចគ្នាហ្នឹង! ​បើថាអ៊ីចឹងទេ លើកក្រោយប្រហែលជាមិនបានឱ្យនេះចូលតែម្ដងក៏ស្រួលដែរ។ អត់ទេ! ខ្ញុំកំពុងរកហើយ។ ចុះបើអ្នកលួចចូលមួយគំនរកន្លងមក ពួកអ្នកសារព័ត៌មានខ្លះធ្វើបន្លំៗបាន មិនអួតថាបន្លំតុលាការបាន? ពង្រឹងសន្តិសុខទៅ មានតែអ៊ីចឹង ​​ហៅពួកហ្នឹងមកប្រជុំទៅ ឱ្យទៅធ្វើម៉េច? ធ្វើម៉េចដឹង! លោកស្រីថាគួរធ្វើម៉េច? ខ្ញុំថាខាងអ្នកសារព័ត៌មានដូចគ្នា យើងធ្វើម៉េច? ទៅសុំគេ? គេមិនលាក់ប្រភពព័ត៌មានបាន? គេត្រូវឱ្យយើងអត់? ខ្ញុំកំពុងរកហើយ សុំប៉ុណ្ណឹងចុះ»។

ទាក់ទងករណីនេះ វីអូឌី មិនអាចសុំប្រតិកម្មឆ្លើយតបរបស់លោក មុត ចន្ថា មន្រ្តីជំនិតរបស់លោក កឹម សុខា បានទេនៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសំណុំរឿងលោក កឹម​ សុខា គឺលោក កូយ សៅ សុំមិនឆ្លើយតបចំពោះរឿងនេះទេ ដោយលោកបង្វែរសំណួរឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញវិញ។

លោកថា៖ «ខ្ញុំអត់មានតួនាទីអីត្រូវឆ្លើយសារព័ត៌មាន ព្រោះខុសពីវិជ្ជាជីវៈរបស់ខ្ញុំ។ អ៊ីចឹងចង់ដឹង​​អីយ៉ាងម៉េច អញ្ជើញសួរអ្នកនាំពាក្យ​​ អ៊ីចឹងហើយ! សួរអ្នកនាំពាក្យទៅ ក្រែងយើងស្គាល់ហើយ​ឬក៏ម៉េច! ហ្នឹងហើយ! ដោយសារខ្ញុំអត់មានតួនាទីហ្នឹងទេ ហើយ​បើខ្ញុំទៅឆ្លើយទៅទៀតហ្នឹង វា​ខុសច្បាប់!​ អ៊ីចឹងបានសុំអធ្យាស្រ័យ។​ អ៊ីចឹងសុំអញ្ជើញសួរទៅអ្នកនាំពាក្យ​ខាងតុលាការទៅ គេប្រាប់ហើយណា»។

រីឯអ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មានប្រសាសន៍ថា លោកនឹងពិនិត្យមើលរឿងនេះ ហើយនៅពេលសួរថាតើតុលាការមានវិធានការយ៉ាងណាលើអ្នកបញ្ចេញសារសំឡេងលោក កឹម សុខា លោក ប្លង់ សុផល មិនបានឆ្លើយតបនោះទេ។

លោកថា៖ «ខ្ញុំអត់ដឹងព័ត៌មានហ្នឹងផង! ចាំមើលឆែកមើល​តិចមើល៍ តើមានព័ត៌មានហ្នឹងអត់!​ ខ្ញុំអត់ទាន់ទទួលបានព័ត៌មានហ្នឹង។ អត់! ខ្ញុំអត់ទាន់ទទួលបានព័ត៌មានហ្នឹងផង»។

នាយិកា​​ប្រតិបត្តិមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា លោកស្រី ចក់ សុភាព ដែលតែងតែចូលតាមដាននិងឃ្លាំមើលសវនាការលោក កឹម សុខា កត់សម្គាល់ថា កន្លងមក ទាំងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងតំណាងទូតនានាដែលបានចូលរួម ត្រូវបានមន្ត្រីតុលាការតម្រូវឱ្យដាក់ទូរសព្ទ និងឧបករណ៍ថតសំឡេង រួមទាំងនាឡិកា​​នៅខាងក្រៅ។

លោកស្រីបង្ហាញការងឿងឆ្ងល់នៅពេលដែលសារព័ត៌មាន Fresh News យកសំឡេងលោក កឹម សុខា មកចុះផ្សាយជាសាធារណៈ ទោះបីជាកន្លងមក អ្នកចូលរួមស្ដាប់សវនាការលោក កឹម សុខា ទាំងអស់ត្រូវបានមន្ត្រីតុលាការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹងក្តី ខណៈករណីខ្លះ សូម្បីតែថតរូបនៅខាងក្រៅបរិវេណតុលាការ ក៏មិនត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យថតដែរ។​​​

លោកស្រីថា៖ «​តើតុលាការមានវិធានការក្នុងការលើកលែងយ៉ាងម៉េចដែរ បើសិនជាសារព័ត៌មានមួយដែលកន្លងមក យើងដឹងហើយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល​ តែងតែផ្សាយរឿងរ៉ាវល្អៗពីរដ្ឋាភិបាល គាត់អាចមានលទ្ធភាពទទួលបានសំឡេងហ្នឹង ថាតើពួកគាត់ទទួលបានការអនុញ្ញាតពីតុលាការ​ឬក៏យ៉ាងណា? បើមិនមានការអនុញ្ញាត តើស្ថាប័នតុលាការនឹងមានចំណាត់ការបែបណា? ព្រោះបើសិនក្នុងករណីនេះកើតឡើងចំពោះស្ថាប័នព័ត៌មានដទៃទៀតឬបុគ្គលដទៃទៀតដែលអាច​​មាននិន្នាការផ្ទុយ ប្រហែលជាអាចនឹងប្រឈមនឹងផ្លូវច្បាប់ណាមួយពីតុលាការក៏អាចថាបានដែរ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន សុំមិនធ្វើអត្ថាប្បាយ ដោយបង្វែរសំណួរនេះឱ្យសួរខាងសាលាដំបូងរាជធានីភ្នំពេញវិញ។

ទោះជាយ៉ាងណា នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថាបើសិនជាតុលាការមានការបន្ធូរបន្ថយណាមួយ គួរតែបើកជាសាធារណៈ មិនគួរលើកលែងបុគ្គលឬជនណាម្នាក់ ដោយមិនអនុលោមទៅតាមគោលការណ៍ស្មើភាពគ្នានោះទេ នឹងធ្វើឱ្យមានការរិះគន់ថា ការអនុវត្តរបស់តុលាការមានស្ដង់ដារពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ