លោក សម រង្ស៊ី មិន​ជឿ​ថា​លោក កឹម សុខា ចង់​ផ្ដាច់​សម្ព័ន្ធភាព

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី អំឡុងពេលព្រឹត្តិការណ៍លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។ (ស្រី សុភ័ក្ត្រ)

​អតីតប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ លោក​ ស​ម ​រង្ស៊ី ​បាន​​លើកឡើងថា លោក កឹម សុខា នៅតែជាដៃគូនយោបាយ ដើម្បីរួមគ្នាប្រជែងអំណាចជា​​​​មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល បើទោះបីលោក កឹម សុខា បានប្រកាសផ្ដាច់សម្ព័ន្ធភាពនេះ​នៅក្នុង​សវនាការ កាលពីថ្ងៃពុធម្សិលមិញក្ដី។

លោក សម រង្ស៊ី បាននិយាយ​ក្នុ​ង​វិទ្យុ​អា​ស៊ីសេ​រី​​​​កាលពី​យប់ថ្ងៃម្សិល​​មិញ​​ថា ​កា​​រនិយា​​យរ​បស់លោក​ កឹ​ម ​សុខា​ មិន​ចេញ​ពី​បេះដូ​ងពិ​តរប​ស់គា​ត់ទេ​ ​ដោយលោក​សម្អាងថា ពេលនេះលោក កឹម សុខា កំពុងប្រឈម​នឹងការ​ចោទ​ប្រ​កា​​ន់ពីតុលាការតាម​បណ្ដឹង​របស់​រដ្ឋាភិបាល ហើយ​ការនិយាយនោះ ​ដើម្បីដោះសារ​កុំឱ្យមានការ​ចោ​ទប្រ​​កា​ន់ប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងពីស្ថានភាពនយោបាយបច្ចុប្បន្នទេ។

លោកថា៖ «ខ្ញុំជឿថាគោលដៅ កឹម សុខា គោលដៅ សម រង្ស៊ី ដូចគ្នាដដែល! យុទ្ធសាស្ត្រដូចគ្នាដដែល! ផ្លា​ស់​​​​​ប្តូ​​​រតាមរបៀបណា ត្រូវប្រើយុទ្ធសាស្ត្រយ៉ាងម៉េច គឺតាមបែបបទប្រជាធិបតេយ្យ គឺតាមយុទ្ធសាស្ត្របោះឆ្នោ​​​​ត អត់មានអ្វីក្រៅពីការបោះឆ្នោតទេ»។

លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជិត៥ឆ្នាំមកហើយ គិត​​ចាប់​ពីថ្ងៃ​ដែ​ល​សម​ត្ថកិ​ច្ចឆ្ម​ក់​ចូ​ល​ចាប់​ខ្លួនលោក​​ ​​កាល​ពី​ថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការចាប់ខ្លួននេះធ្វើ​ឡើងតាមបណ្តឹងរបស់រដ្ឋាភិបាលដែលចោទ​ថា លោក កឹម សុខា គប់គិតជាមួយបរទេសចង់ផ្ដួលរំលំរដ្ឋាភិបាល ដែល​បច្ចុប្បន្នលោក កឹម សុខា កំពុងតតាំងក្ដីនៅតុលាការ។

លោក មុត ចន្ថា ដែលត្រូវបានគេស្គាល់​ថាជាមនុស្សស្និទ្ធនឹង​លោក កឹម សុខា បានលើកឡើងលើហ្វេកប៊ុក​រ​បស់​​លោកនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងបន្ទប់សវនាការ​កាលពីថ្ងៃទី១៥ ខែមិថុនា លោក កឹម សុខា បានបញ្ជា​​ក់ជំហ​រយ៉ាងច្បាស់ថា ទំនាក់ទំនង​រវាងលោក កឹម សុខា និងលោក សម រង្ស៊ី «គ្មានអ្វីជាប់ពាក់ព័ន្ធគ្នាទៀតទេ និងបានចប់ហើយ»

មួ​​យវិញទៀ​ត លោកថា ការដែលលោក សម រង្ស៊ី បង្កើត​ពាក្យ «សម រង្ស៊ី​ – កឹម សុខា ជាមនុស្សតែមួ​យ»​ នោះ គឺធ្វើឡើង​​ក្នុង​ចេ​ត​​នា​ភ្ជាប់លោក កឹម សុខា ទៅនឹងសកម្មភាពខុសច្បាប់​របស់ខ្លួន និងដើម្បីប្រយោជន៍ផ្ទាល់​ខ្លួនប៉ុណ្ណោះ។

លោកបន្តថា​ សម្ព័ន្ធភាពលោក កឹម សុខា និងលោក សម រង្ស៊ី ត្រូវបានបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ២​​០២១ នៅពេលគណបក្សភ្លើងទៀន បានរៀបចំសមាជវិសាមញ្ញប្រកាសផ្ដាច់ខ្លួនចេញពីសម្ព័ន្ធ​ភាព​ក្នុងគណប​ក្សសង្រ្គោះជាតិដែលត្រូវបាន​រំលាយ ហើយ​សម្រេច​ចូលរួមការបោះឆ្នោតឃុំ-សង្កាត់ នៅ​ថ្ងៃទី៥ ខែមិថុនា ​កន្លងទៅនេះ។

តែយ៉ាងណា លោក សម រង្ស៊ី សម្អាងថា ការចេញដំណើររបស់គណបក្សភ្លើងទៀនទៅកាន់ទីលានបោះឆ្នោត​ ថាជាយុទ្ធសាស្ត្រ មិនមែនជាចេតនា​បែកបាក់ទេ។

លោកថា៖ «ចំពោះខ្ញុំៗយល់ឃើញថា ក្នុងការរង់ចាំព្រះអាទិត្យរះ ​[គណបក្សសង្គ្រោះជាតិ] ឡើងវិញ បើយើង​នៅកណ្ដាលវាល​ស្រែ​ កណ្ដាលព្រៃ​ងងឹតឈឹង យើងអុជទៀន​សិន​ទៅ ​ឱ្យ​មាន​ពន្លឺ​ខ្លះសិន​ទៅ បន្តិចទៀត​ព្រះអាទិត្យរះហើយ ដល់ព្រះអាទិត្យរះ យើងមិនបាច់អុជទៀនទៀតទេ»។

លោក មាជ សុវណ្ណារ៉ា ជាមនុស្សស្និទ្ធនឹងលោក កឹម សុខា ដែរនោះ បាន​ចោទជាសំណួរថា តើការបកស្រា​យ​រ​បស់លោក សម រង្ស៊ី នេះ​ជាយុទ្ធសាស្ត្រ ដើម្បីបង្រួប​បង្រួមអ្នកប្រជាធិបតេយ្យ ឬជាយុទ្ធសាស្ត្រគុំ​កួ​ន​ទៅ​លើ​អ្នក​ប្រជាធិបតេយ្យដូចគ្នា។

លោកថា៖ «ពេលនេះ លោក សម រង្ស៊ី គួរតែមើលពេលវេលា ក្នុងស្ថានការណ៍​នយោបាយណាមួយ ដើម្បីរក្សា​នូវកម្លាំងអ្នកប្រជាធិបតេយ្យ ជាជាងវាយប្រហារគ្នាដោយគំនុំ​គុំកួន ឬក៏ដោយនយោបាយប្រជាភិថុតិសម្រាប់​ប្រជាប្រិយភាពខ្លួន តែវាធ្វើឱ្យខូចខាតកម្លាំងអ្នកប្រជាធិបតេយ្យ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកសម្ព័ន្ធភាពរបស់ក្រុមអ្នកនយោបាយប្រ​ឆាំងមួយនេះបានដើរដល់​​ផ្លូវ​​បំបែក​ជាយូរមកហើយ តែថាលោក សម រង្ស៊ី ចេះតែយកឈ្មោះលោក កឹម សុខា ​បោកប្រាស់​ប្រជាពលរដ្ឋ។

លោកបន្តថា៖ «ដូច្នេះ ចាប់ពីពេលនេះទៅ ខ្ញុំជឿថា ប្រជា​​ពល​​រដ្ឋ​​​ដែលធ្លាប់ជឿនិងចាញ់បោកមេឧទ្ទាមក្រៅច្បាប់នេះល្មមយល់បញ្ហាហើយ»។

អតីតក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ លោក ម៉ៅ ឆន យល់ថា យុទ្ធសាស្ត្រ​ដើម្បីផលប្រយោជន៍រួមជា​ជម្រើសចាំបាច់ ប៉ុន្តែថាយុទ្ធសាស្ត្រខ្វះភាពស្មោះត្រង់ ជាបរាជ័យរបស់អ្នកប្រជាធិបតេយ្យ។

លោកថា៖ «ខាងឯកឧត្តម កឹម សុខា ត្រូវតែរកវិធីសាស្ត្រយ៉ាងណា​រកដំណោះស្រាយឱ្យបាន ហើយ​យើង​មកជួបគ្នាឡើងវិញ ខ្ញុំគិតថា កម្លាំងប្រជាធិបតេយ្យនឹងពុះកញ្ជ្រោលឡើងវិញ ដូច​ឆ្នាំ២​០១៣ និង​២០១៧ អ៊ីចឹងដែរ»។

គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស​សម​រង្ស៊ីរបស់លោក សម រង្ស៊ី បានច្របាច់បញ្ចូល​គ្នាកាលពី​ខែ​កក្កដា ឆ្នាំ២០១២ បង្កើតបានជាគណបក្សប្រឆាំងធំមួយឈ្មោះថា «គណបក្សសង្គ្រោះជាតិ»។

តែគណបក្សប្រឆាំងមួយនេះត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ២០១៧ ក្រោយពីដណ្តើម​បានអាសនៈ​ជិត​ទាន់​គណបក្សប្រជាជនកម្ពុជា ទាំងអាសនៈនៅក្នុងសភា និងនៅថ្នាក់ឃុំ-សង្កាត់។

យ៉ាង​ណា អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រី​ស្រស់ មើលឃើញថា ការលើកឡើង​របស់លោក កឹម សុខា អាចជា​រឿង​ស​​​​​ម​​ហេតុ​ផល ខណៈ​លោកកំពុងតស៊ូប្រឆាំងនឹងបទចោទក្នុងប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា។ ចំណែក​សាររប​ស់​​លោក សម រង្ស៊ី កញ្ញា​មើលឃើញថា ក៏ជាចេតនាចង់ឱ្យសំឡេងអ្នកប្រជាធិបតេយ្យនៅមូលគ្នា និង​មិនចង់ឱ្យមានការបែកបាក់​នោះទេ​ ហើយ​ក៏អា​​ច​ជាយុទ្ធសាស្ត្ររបស់អ្នកទាំងពីរ ដើម្បីបានចូលរួមប្រកួត​ការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣ ខាងមុខដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ