មេធាវី​ការពារ​កញ្ញា សេង ធារី ថា​មន្ត្រី​ពន្ធនាគារ​រារាំង​គាត់​មិន​ឱ្យ​ចួប​កូនក្ដី

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី អះអាងថា មកទល់ពេលនេះ លោកនៅមិនទាន់បានចួបកូនក្ដីនៅឡើយទេ ព្រោះមន្ត្រីពន្ធនាគារបានរារាំងមិនឱ្យលោកចូលចួបកូនក្ដីទាំងមិនប្រាប់ហេតុផល ខណៈមេធាវីរូបនេះចាត់ទុកការរារាំងខាងលើថាខុសពីច្បាប់កំណត់ ប៉ះពាល់សិទ្ធិការពារក្តី ក៏ដូចជារំលោភសិទ្ធិមានមេធាវីរបស់ជនត្រូវចោទ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋសញ្ជាតិអាមេរិកាំង និងជាអ្នកច្បាប់ កញ្ញា សេង ធារី ត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ញុះញង់» ក្រោយត្រូវបានបើកសវនាការជំនុំជម្រះអស់ជាច្រើនលើកតាំងពីខែធ្នូ ឆ្នាំ២០២១ ហើយត្រូវបានប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា និងបញ្ជូនទៅពន្ធនាគារព្រៃសភ្លាមៗ។

លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឱ្យកញ្ញា សេង ធារី ថ្លែងប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា លោកបានទៅពន្ធនាគារ «ម២» កាលពីរសៀលថ្ងៃដែលអាជ្ញាធរចាប់បញ្ជូនកូនក្តីគាត់ ក្នុងគោលបំណងចួបដើម្បីផ្តល់ព័ត៌មានពីសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទៅកូនក្តី ពីព្រោះកាលពីថ្ងៃប្រកាសសាលក្រមនោះ កញ្ញា សេង ធារី ដែលជាកូនក្តីរបស់លោកមិនបានចូលបន្ទប់សវនាការទេ។ ដូច្នេះ កញ្ញាមិនបានដឹងថា សាលាដំបូងរាជធានីភ្នំពេញសម្រេចយ៉ាងណា ពាក់ព័ន្ធសំណុំរឿងរបស់ខ្លួនដែរ។

ក្រៅពីនេះ លោកថានឹងផ្តល់ប្រឹក្សាច្បាប់ដល់កូនក្តីពីសិទ្ធិប្តឹងឧទ្ធរណ៍ ពោលបើកញ្ញា សេង ធារី សម្រេចប្តឹង លោកនឹងរៀបចំពាក្យបណ្តឹងជូនគាត់។ យ៉ាងណា លោក ជូង ជូងី បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដែលមន្ត្រីពន្ធនាគារ ម២ មិនអនុញ្ញាតឱ្យរូបលោកជាមេធាវីបានចូលចួបកូនក្តី​។

លោកថា មន្ត្រីពន្ធនាគារបានរារាំងលោកមិនឱ្យចូលចួបកញ្ញា សេង ធារី ដោយមិនបញ្ជាក់ហេតុផលអ្វីឡើយ។ ក្រៅពីនោះ មន្ត្រីពន្ធនាគារថែមទាំងបង្វែរឱ្យលោកទៅសុំការអនុញ្ញាតពីស្ថាប័នតុលាការ បើចង់ចូលចួបកូនក្តី ខណៈលោកចាត់ទុកថា ការរារាំងបែបនេះ គឺខុសពីនីតិវិធីច្បាប់ ពីព្រោះច្បាប់កំណត់ថា មេធាវីអាចចូលចួបបាន ដើម្បីជជែកពីកិច្ចការបន្តជាមួយកូនក្តី ដោយមិនចាំបាច់សុំការអនុញ្ញាតពីស្ថាប័នណាឡើយ។

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
លោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោក ជូង ជូងីថា៖ «ចំពោះមេធាវី រឿងក្តីធម្មតា [ជាទូទៅ] ខ្ញុំអាចចួបបាន។ ប៉ុន្តែដោយឡែក ករណីកញ្ញា សេង ធារី នេះ គឺមន្ត្រីពន្ធនាគារ គេមិនអនុញ្ញាតឱ្យចួបតែម្តង! គេអត់មានបញ្ជាក់មូលហេតុអីទេ ហើយគេរុញឱ្យខ្ញុំទៅសុំការអនុញ្ញាតពីតុលាការទៅវិញ។ ការរុញឱ្យខ្ញុំសុំការអនុញ្ញាតពីតុលាការនេះ គឺខុសហើយ! ពីព្រោះតុលាការអត់មានតួនាទីសម្រេចអនុញ្ញាតឬក៏មិនអនុញ្ញាតឱ្យមេធាវីចូលចួបកូនក្តីទេ គឺច្បាប់មានចែងច្បាស់ កាលណាកូនក្តីជាប់ក្នុងពន្ធនាគារ គឺមេធាវីអាចចួបបាន អត់ចាំបាច់ត្រូវសុំការអនុញ្ញាតពីអ្នកណាៗ អត់ទេ»។

មេធាវីការពារក្ដីឱ្យពលរដ្ឋសញ្ជាតិអាមេរិកាំងរូបនេះ បន្ថែមថា អ្វីដែលមន្ត្រីពន្ធនាគារបានធ្វើ គឺប្រាស់ចាកពីច្បាប់។ លោកថា អ្នកជាប់ពន្ធនាគារ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ហើយច្បាប់កំណត់ឱ្យមេធាវីចួបកូនក្តីបាន។ ដូច្នេះ មន្ត្រីពន្ធនាគារជាអ្នកគ្រប់គ្រង ត្រូវអនុញ្ញាតឱ្យចួបតាមច្បាប់ និងពុំមែនរុញឱ្យមេធាវីទៅសុំការអនុញ្ញាតពីតុលាការឡើយ ខណៈតុលារការមិនមែនជាស្ថាប័នគ្រប់គ្រងអ្នកជាប់ពន្ធនាគារទេ។ យ៉ាងណា មេធាវីរូបនេះយល់ថា ករណីកញ្ញា សេង ធារី នេះរងនូវភាពមិនប្រក្រតី។ បែបនេះក្តី លោកនៅតែអះអាងពីបំណងទៅចួបកូនក្តីទៀតនាពេលឆាប់ៗ។

លោក ជូងី បន្តថា៖ «អាហ្នឹងគឺជាភាពមិនប្រក្រតីហើយ! គឺធ្វើឱ្យប៉ះពាល់សិទ្ធិការពារក្តីកូនក្តីរបស់ខ្ញុំ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមានមេធាវីរបស់ជនត្រូវចោទ»។

តបនឹងភាពចម្រូងចម្រាសនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ទទួលស្គាល់ថា មន្ត្រីពន្ធនាគារពិតជាមិនអនុញ្ញាតឱ្យមានការចូលចួបជនជាប់ឃុំឈ្មោះ សេង ធារី ប្រាកដមែន។

យ៉ាងណា លោកថា ហេតុផលគឺដោយសារក្នុងកាលៈទេសៈនេះ ពន្ធនាគារផ្ដោតលើស្ថានភាពសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជាគោល ខណៈកន្លងមក កញ្ញា សេង ធារី បានធ្វើសកម្មភាពមួយចំនួននាំឱ្យមានភាពចលាចល ដូច្នេះស្ថានភាពពេលនេះ មន្ត្រីពន្ធនាគារមិនអាចអនុញ្ញាតឱ្យមានការចូលចួបបានឡើយ។

មន្ត្រីជាន់ខ្ពស់ពន្ធនាគាររូបនេះបន្តថា អ្នកគ្រប់គ្រងពន្ធនាគារដឹងច្បាស់ពីនីតិវិធីថា មេធាវីមានសិទ្ធិចូលចួបកូនក្តីដោយមិនចាំបាច់សុំស្ថាប័នណា ប៉ុន្តែពន្ធនាគារមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ដោយសារក្តាប់បានព័ត៌មានថា ក្រុមកញ្ញា សេង ធារី ត្រៀមធ្វើបាតុកម្មនៅមុខមណ្ឌលអប់រំកែប្រែនោះ។

លោកថា៖ «យើងអត់ចង់ធ្វើឱ្យខុសគ្នាទេ! ជនជាប់ឃុំទាំងអស់ យើងចង់គ្រប់គ្រងក្នុងបទដ្ឋានមួយដូចគ្នា ប៉ុន្តែគាត់ខ្លួនឯងទេដែលចម្លែកខុសគេនោះ អ៊ីចឹងបានយើងរកវិធានការខុសប្លែកពីអ្នកដទៃដែរ។ ខ្ញុំសូមជម្រាបប៉ុណ្ណឹង! ហើយកុំគិតថាយើងរើសអើងដោយសារគាត់ជាសកម្មជននយោបាយអី មិនមែនទេ។ ការគ្រប់គ្រងជនជាប់ឃុំ វាមានស្តង់ដារតែមួយទេ នីតិវិធីបែបបទអីហ្នឹង គឺយើងធ្វើទៅតាមគោលការណ៍ជាផ្លូវការមានចែងជាធរមានរបស់យើង យើងអត់ចេះតែនឹកឃើញធ្វើទេ។ អ៊ីចឹងបើគេចោទថា ការគ្រប់គ្រងគាត់ ធ្វើដាក់គាត់ហ្នឹងខុសប្លែកពីគេ យើងសួរខ្លួនឯងវិញ តើសកម្មភាពគាត់កន្លងមកហ្នឹងវាដូចគេដែរឬយ៉ាងម៉េច!»

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារថា លោកមិនទាន់អាចកំណត់បានទេ ថាតើពេលណានឹងអនុញ្ញាតឱ្យមេធាវីចូលចួបអ្នកជាប់ឃុំឈ្មោះ សេង ធារី ប៉ុន្តែក្រុមការងារពន្ធនាគារនឹងប្រជុំពិភាក្សារកដំណោះស្រាយលើកិច្ចការនេះ ដើម្បីកុំឱ្យមានបញ្ហាជាមួយមេធាវីការពារក្តីឱ្យពលរដ្ឋសញ្ជាតិអាមេរិកាំងរូបនេះ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លីកាដូនឹងនៅតែបន្តតាមដានករណីកញ្ញា សេង ធារី បើទោះសាលក្រមសម្រេចរួចរាល់ ហើយមានការចាប់ខ្លួនកញ្ញាក៏ដោយ។ លោកថា រឿងនេះមិនទាន់បញ្ចប់ទេ ដោយសារសង្គមស៊ីវិលមួយនេះនឹងរង់ចាំមើលថាតើកញ្ញា សេង ធារី និងមេធាវី នឹងដាក់បណ្តឹងទៅឧទ្ធរណ៍ពាក់ព័ន្ធការផ្តន្ទាទោសនិងការចាប់ខ្លួនកញ្ញាដែរឬយ៉ាងណា។

បែបនេះក្តី លោកថា មេធាវីអាចចួបកូនក្តីបានគ្រប់កាលៈទេសៈតាមច្បាប់កំណត់ ដើម្បីបន្តនីតិវិធី បើពុំដូច្នេះទេ នឹងប៉ះពាល់ដល់សិទ្ធិរបស់កូនក្តី។

លោក អំ សំអាត ថា៖ «មេធាវីអាចចួបបានគ្រប់ពេលវេលាសម្រាប់កូនក្តីរបស់គាត់ ដោយមិនមានការរារាំងអីទេ ពីព្រោះជាការបន្តនីតិវិធីរបស់គាត់។ កាលណារារាំង វាប៉ះពាល់ដល់នីតិវិធីបន្តទៀត។ មេធាវីគាត់អាចនឹងចួបបានក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីបន្តនីតិវិធីក្នុងការប្តឹងឧទ្ធរណ៍អីបន្តទៀត។ ហើយបើមិនអ៊ីចឹងទេ វាប៉ះពាល់ដល់សិទ្ធិរបស់គាត់»។

លោក អំ សំអាត ចាត់ទុកការផ្តន្ទាទោសលើកញ្ញា សេង ធារី និងក្រុមបក្សប្រឆាំងប្រមាណ៦០នាក់ ថាជាសាលក្រមដ៏ធំមួយមិនដែលឃើញពីមុនមក ខណៈលោកសង្កេតឃើញថា ទាំងសហគមន៍អន្តរជាតិ ស្ថានទូត ជាពិសេសទូតអាមេរិក ជាដើម បានបង្ហាញប្រតិកម្ម និងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។

នៅថ្ងៃនេះដែរ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត ដោយអំពាវនាវ​ឱ្យ​មានការគោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និងការប្រមូលផ្តុំដោយ​សន្តិវិធី ក្រោយសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសមាជិកបក្សប្រឆាំងថាមានទោសពីបទ «ញុះញង់» និង «រួមគំនិតក្បត់» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ