ប្រមុខយោធាអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញ បានឱ្យដឹងថា រុស្ស៊ីបានប្រមូលផ្ដុំកងកម្លាំងវាយប្រហារដោយផ្ដោតសំខាន់ខ្លាំងនៅភាគខាងជើងនៃតំបន់ Luhansk និងកំពុងតែព្យាយាមបង្កើនការវាយប្រហារពេលដំណាលគ្នាៗក្នុងទិសដៅក្នុងតំបន់ចំនួន៩ផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងតាមរយៈសារមួយ លោក វ៉ាឡឺរី ហ្សាលូស្ន៊ី (Valeriy Zaluzhny) អគ្គមេបញ្ជាការនៃយោធាអ៊ុយក្រែន បានលើកឡើងថា៖ «ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លានៅក្នុងតំបន់ Luhansk នៅតែបន្តកើតមានឡើង ខណៈកងទ័ពរុស្ស៊ីបច្ចុប្បន្នកំពុងតែប្រើប្រាស់យន្តហោះ អាវុធបាញ់ពីលើស្មា [អាបេ] និងកាំភ្លើងធំ ជាដើម»។
ក្រៅពីតំបន់ទាំងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីពេលថ្មីៗនេះ ក៏ធ្លាប់បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនក៏បានទទួលរងនូវការខាតបង់យ៉ាងឈឺចាប់ ក្នុងការប្រយុទ្ធតទល់ជាមួយនឹងទាហានរុស្ស៊ី ទាំងនៅក្នុងតំបន់ទីក្រុង Sievierodonetsk ភាគខាងកើត និងតំបន់ Kharkiv ផងដែរ។
ទាក់ទិននឹងករណីនេះ ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការប៉ុនប៉ងសម្លាប់ជនជាតិអ៊ុយក្រែន ធ្វើឱ្យខូចខាតកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងចាត់ទុកសកម្មភាពរបស់រុស្ស៊ីនេះថាជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ផងដែរ៕












