គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៨ ខែមេសា បានចេញផ្សាយបញ្ជីឈ្មោះអ្នកសង្កេតការណ៍ដែលត្រូវសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ទោះជាយ៉ាងណា គេសង្កេតឃើញថា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (Comfrel) ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយមានអ្នកសង្កេតការណ៍របស់ខ្លួនត្រឹមតែ២១នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមសង្គមស៊ីវិលជាង៦០ កាលពីខែកក្កដា ឆ្នាំមុន ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងពីលក្ខខណ្ឌចាំបាច់ចំនួនប្រាំមួយ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដែលក្នុងនោះមានដូចជាការមានបរិយាកាសនយោបាយសេរីមួយ ការពិនិត្យសមាសភាពនិងឯករាជ្យភាពរបស់ គ.ជ.ប កងកម្លាំងប្រដាប់អាវុធ និងប្រព័ន្ធតុលាការផងដែរ។
ថ្ងៃទី១៦ ខែឧសភា គឺជាពេលវេលាដែលអង្គការខុមហ្វ្រែលត្រូវសម្រេចថាតើខ្លួនគួរតែបញ្ជូនអ្នកសង្កេតការណ៍ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោតឬយ៉ាងណា ខណៈយោងតាមការវាយតម្លៃក្នុងរយៈពេល១០ខែ បន្ទាប់ពីការចេញផ្សាយសេចក្តីថ្លែងការណ៍ ពួកគេរកឃើញថា លក្ខខណ្ឌដែលស្នើចំនួនពីរត្រូវបានបំពេញ ប៉ុន្តែមិនពេញលេញដូចការចង់បានឡើយ។
ទាក់ទិននឹងករណីនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការ ខុមហ្វែ្រល លោក កន សាវាង្ស ថ្លែងថា៖ «យើងបានសម្រេចដាក់អ្នកសង្កេតការណ៍ បើទោះបីជាធនធានមានកម្រិតក៏ដោយ»។
ធនធានមានកម្រិតនេះកើតឡើងដំបូងចេញពីការលំបាកក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ស្ម័គ្រចិត្តទូទាំងប្រទេស។
ហើយចុងក្រោយ ខុមហ្វ្រែលអាចប្រមូលអ្នកសង្កេតការណ៍បានត្រឹមតែ១ ៩៥០នាក់តែប៉ុណ្ណោះ ខណៈលោក កន សាវាង្ស ទទួលស្គាល់ថា ចំនួននេះគឺខុសគ្នាខ្លាំងពីអ្វីដែលពួកគេធ្លាប់មាននៅក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ។
លោកបន្ថែមថា៖ «និយាយឱ្យខ្លីទៅ យើងធ្លាប់ជាភ្នែកនិងច្រមុះកាលពីពេលកន្លងទៅ។ ហើយគណបក្សនយោបាយនានានៅពេលនោះមានការសាទរយ៉ាងខ្លាំង ដោយសារតែពួកគេយល់ឃើញថា វត្តមានរបស់យើងអាចកាត់បន្ថយភាពមិនប្រក្រតីបានច្រើន»។
គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ អង្គការខុមហ្វ្រែលមានអ្នកសង្កេតការណ៍សរុបចំនួន១៤ ៥៨០នាក់នៅទូទាំងប្រទេស ដែលពួកគេនៅពេលនោះក៏ជាសមាជិកមួយនៃបន្ទប់ស្ថានការណ៍បោះឆ្នោតផងដែរ។ ជាមួយគ្នានេះ គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (Nicfec) ក៏មានអ្នកសង្កេតការណ៍ចំនួន១ ០៥២នាក់ ខណៈអង្គការមជ្ឈមណ្ឌលភីឌីភី (PDP-Center) បានចុះឈ្មោះអ្នកសង្កេតការណ៍របស់ខ្លួនចំនួន២២៩នាក់នៅទូទាំងប្រទេសផងដែរ។

ទោះជាយ៉ាងណា ចំនូននៃការចូលរួមរបស់អង្គការឃ្លាំមើលការបោះឆ្នោតធំៗខាងលើនេះ សម្រាប់អាណត្តិទី៥ ហាក់មានការខុសគ្នាខ្លាំងជាមួយនឹងអាណត្តិមុនៗ ខណៈអ្នកចូលរួមសង្កេតការណ៍នាពេលបច្ចុប្បន្នឃើញមានមកពីតែស្ថាប័នដែលដឹកនាំដោយមន្រ្តីរដ្ឋាភិបាលប៉ុណ្ណោះ។
ទាក់ទិននឹងករណីនេះ លោកស្រី ណាលី ពីឡូក (NalyPilorge) នាយិកាអង្គការលីកាដូ បានលើកឡើងថា ៩៣% នៃអ្នកសង្កេតការណ៍បោះឆ្នោតសម្រាប់អាណត្តិនេះ គឺសុទ្ធសឹងតែមកពីក្រុមដែលដឹកនាំដោយមន្រ្តីរដ្ឋាភិបាល ខណៈលោកស្រីបន្ថែមថា ការដែលមានអ្នកសង្កេតការណ៍មិនប្រកាន់បក្សពួកនៅទីតាំងរាប់សន្លឹកឆ្នោត គឺជារឿងចាំបាច់ណាស់។
លោកស្រីថា៖ «ដើម្បីឱ្យការបោះឆ្នោតណាមួយអាចជឿជាក់បាន លុះត្រាតែការិយាល័យបោះឆ្នោតនីមួយៗមានអ្នកសង្កេតការណ៍មកពីអង្គការឯករាជ្យ ដើម្បីធានាឱ្យមាននូវតម្លាភាពជុំវិញការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត»។
លោកស្រីបន្ថែមថា សម្រាប់ការបោះឆ្នោតកាលពីអាណត្តិមុន ការបង្កើត «បន្ទប់ស្ថានការណ៍» ដោយអង្គការសង្គមស៊ីវិលក្នុងស្រុកនានាត្រូវបានគេចោទប្រកាន់ថាជាផ្នែកមួយនៃបដិវត្តន៍ពណ៌ ខណៈអង្គការខុមហ្វ្រែល និងនិកហ្វិច ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ករណីចោទប្រកាន់នេះអាចជាឧបសគ្គដ៏ធំបំផុតសម្រាប់ក្រុមអ្នកសង្កេតការណ៍ឯករាជ្យក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈពួកគេជារឿយៗតែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្វីដែលរដ្ឋាភិបាលចាត់ទុកថាជា «បដិវត្តន៍ពណ៌»។ យុទ្ធសាស្ត្រនេះទៀតសោតត្រូវបានគេប្រើយ៉ាងពេញនិយមក្នុងការបោះឆ្នោតឆ្នាំ២០១៧ និងការរំលាយគណបក្សសង្គ្រោះជាតិ។
ទាក់ទិននឹងករណីនេះ លោក កន សាវាង្ស បានឱ្យដឹងថា សារដែលអង្គការរបស់ខ្លួនត្រូវបានដាក់ឈ្មោះថាជាផ្នែកមួយនៃបដិវត្តន៍ពណ៌នេះ បានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់ថ្នាក់មូលដ្ឋាន។
លោកថា៖ «វាបានរីកសាយភាយដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយពួកគេបានចោទក្រុមនេះថា គឺអ្នកប្រឆាំងនឹងរដ្ឋាភិបាល»។
ការចោទប្រកាន់នេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មជនធ្វើការងារសង្គម និងអ្នកស្ម័គ្រចិត្តនានាដែលបង្កើតមូលដ្ឋាននៃអង្គការឃ្លាំមើលការបោះឆ្នោត ដូចជា អង្គការខុមហ្វ្រែល និងនិកហ្វិច ជាដើម។
ជាមួយគ្នានេះ នាយកប្រតិបត្តិនៃអង្គការនិកហ្វិច លោក សំ គន្ធាមី បានឱ្យដឹងផងដែរថា ក្រុមរបស់លោកធ្លាប់មានអ្នកសង្កេតការណ៍ច្រើនជាង១ពាន់នាក់ កាលពីឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែតួលេខបានធ្លាក់ចុះមកនៅត្រឹមប្រមាណជា២០នាក់ប៉ុណ្ណោះសម្រាប់ការបោះឆ្នោតអាណត្តិនេះ។
លោកបន្តថា ការងារដែលក្រុមលោកបានធ្វើ គឺពិតជាខុសស្រឡះពីការចោទប្រកាន់ខ្លាំងណាស់ ខណៈខ្លួនគ្រាន់តែធ្វើកិច្ចការងារដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសង្កេតការណ៍បោះឆ្នោតប៉ុណ្ណោះ។
លោក សំ គន្ធាមី បន្ថែមថា៖ «[បុគ្គលិក] បានទូរសព្ទមកខ្ញុំ ហើយប្រាប់ថាឪពុកម្តាយរបស់ពួកគេបានសុំឱ្យពួកគេលាឈប់ពីការងារ។ បើទោះបីជាពួកគេចង់ជួយយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេក៏មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ»។
លោកថា៖ «[បន្ទាប់ពី] យើងត្រូវបានកំណត់ហៅបែបនោះ [បដិវត្តន៍ពណ៌] យើងមានការលំបាកក្នុងការស្វែងរកអ្នកសង្កេតការណ៍ខ្លាំងណាស់ ដោយសារតែពួកគេ [បុគ្គលិក] មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ»។
ត្រលប់មកកាន់អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការ ខុមហ្វែ្រល វិញ លោកហាក់សម្ដែងការហួសចិត្តទាក់ទិននឹងសំណួរថាតើហេតុអ្វីបានជាក្រុមអ្នកសង្កេតការណ៍ដែលត្រូវបានចោទថាព្យាយាមផ្តួលរំលំរដ្ឋាភិបាល នៅតែត្រូវបានអនុញ្ញាតឱ្យតាមដានការបោះឆ្នោត។
លោកថា៖ «ខ្ញុំក៏ធ្លាប់បានជជែកជាមួយក្រសួងមហាផ្ទៃអំពីករណីនេះផងដែរ ខណៈពួកគេឆ្លើយតបថា វាទាក់ទិននឹងផ្នែកនយោបាយ ហើយបើវាជាការពិតមែននោះ [ជាបដិវត្តន៍ពណ៌] ខុមហ្វ្រែលក៏ច្បាស់ជាត្រូវបានរំលាយផងដែរ»។
ទាក់ទិននឹងការខ្វះអ្នកសង្កេតការណ៍ដដែលនេះ លោក កន សាវាង្ស និងលោក សំ គន្ធាមី បានលើកឡើងស្រដៀងគ្នាថា បញ្ហានេះកើតឡើងដោយសារតែកង្វះថិវកាជំនួយផងដែរ ខណៈអង្គការរបស់ពួកគេបានជួបប្រទះការលំបាកយ៉ាងខ្លាំងក្នុងការទទួលបានមូលនិធិសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ។
លោក កន សាវាង្ស មិនអាចប្រាប់លម្អិតអំពីប្រភពជំនួយដែលផ្ដល់ដល់អង្គការរបស់លោកឡើយ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ខុមហ្វ្រែល គឺមិនទទួលបានថវិកាសម្រាប់កិច្ចការងារអង្កេតរបស់ពួកគេនោះទេ។
សម្រាប់លោក សំ គន្ធាមី បានឱ្យដឹងថា អង្គការរបស់លោកធ្លាប់ទទួលបានមូលនិធិពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ជំនួយនេះបានបាត់បង់ទៅវិញ បន្ទាប់ពីវិទ្យាស្ថានមួយនេះត្រូវបានកំណត់ហៅថាជាបដិវត្តន៍ពណ៌ និងស្នើឱ្យចាកចេញពីប្រទេសក្នុងឆ្នាំ២០១៧។
លោកបន្ថែមថា អង្គការរបស់ខ្លួន កាលពីពេលកន្លងទៅ ក៏ធ្លាប់ទទួលបានមូលនិធិពីវិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ (IRI) និងសហភាពអឺរ៉ុប (European Union) ផងដែរ ប៉ុន្តែស្ថាប័នកំពូលៗទាំងពីរនេះក៏ត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលថាជាអ្នកចូលរួមក្នុងបដិវត្តន៍ពណ៌ដូចគ្នា។
លោកថា៖ «យើងមានអារម្មណ៍ថាសោកស្ដាយ ព្រោះយើងដឹងថា យើងនៅតែមានសមត្ថភាពក្នុងការធ្វើការងារនេះ។ បញ្ហាដែលប្រឈមនៅពេលនេះ គឺថាយើងមិនមានអ្នកផ្ដល់ជំនួយទៀតឡើយ ហើយយើងក៏មិនដឹងថាតើត្រូវសុំថវិកាពីខាងណាផងដែរ»។
ខណៈលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ត្រូវបានបង្ហាញជាបន្តបន្ទាប់ គណបក្សនយោបាយមួយចំនួនក៏បានចោទប្រកាន់ពីភាពមិនប្រក្រតីកើតឡើងក្នុងដំណើរការបោះឆ្នោតផងដែរ ដែលក្នុងនោះរួមមាន វត្តមានរបស់មន្ត្រីមូលដ្ឋាននៅមណ្ឌលបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតមិនច្បាស់នៅតាមមណ្ឌល ការយាយីលើអ្នកសង្កេតការណ៍ និងភ្នាក់ងារបោះឆ្នោត។
ទាក់ទិននឹងករណីនេះ គណបក្សនានាបានឱ្យដឹងថា ពួកគេបច្ចុប្បន្នកំពុងតែប្រមូលភស្តុតាង ដើម្បីបង្ហាញដល់ គ.ជ.ប។
គួរបញ្ជាក់ថា ទាំងអង្គការខុមហ្វ្រែល និងនិកហ្វិច ជាធម្មតា តែងតែចេញផ្សាយការវាយតម្លៃដំណើរការបោះឆ្នោត ដែលក្នុងនោះរួមមាន ការត្រួតពិនិត្យ និងវាយតម្លៃគ្រប់សកម្មភាពទាំងអស់ រាប់ចាប់តាំងពីការចុះឈ្មោះបោះឆ្នោត ការបិទប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុង «ថ្ងៃស និងថ្ងៃបោះឆ្នោត» ដំណើរការតវ៉ា និងលទ្ធផលចុងក្រោយ។ ជាមួយគ្នានេះ ពួកគេក៏ផ្តល់ការវិភាគ ឬស្ថិតិនៃតំណាងស្ត្រី និងក្រុមជនជាតិភាគតិច នៅក្នុងការបោះឆ្នោតផងដែរ។ លោក កន សាវាង្ស ថាសម្រាប់អាណត្តិនេះ គឺលែងមានសកម្មភាពអស់ទាំងនេះទៀតហើយ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ ‘We Were the Eyes and Nose:’ Independent Poll Observers Cut Down to Size