អង្គការ​សង្គមស៊ីវិល​ជាង​៣០​ស្នើ​ទៅ​លោក ហ៊ុន សែន អន្តរាគមន៍​រឿង​ច្បាប់​ស្តីពី​សិទ្ធិទទួលព័ត៌មាន

អង្គការសង្គមស៊ីវិលយកលិខិតទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៣ស្ថាប័នដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសិទ្ធិមនុស្ស បានដាក់​លិខិត​ស្នើសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្លឿនបញ្ចប់ដំណើរ​ការនៃការតាក់​តែង​សេ​ចក្តី​​ព្រាងច្បាប់ស្តីពី “សិទ្ធិទទួលព័ត៌មាន” ដោយស្នើដាក់បញ្ចូលនូវធាតុចូលពីក្រុមអង្គការសង្គមស៊ីវិល និងដាក់​ជូនទៅកាន់​រដ្ឋសភាដើម្បីពិភាក្សានិងអនុម័ត។

ការស្នើសុំនេះធ្វើឡើងរួមគ្នាដោយការនាំយកលិខិតទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

លោក គង់ ចំរើន តំណាងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលលិខិតស្នើ បន្ទាប់ពីមានការត្រួតពិនិត្យ​និងទាមទារបន្ថែមឯកសារពាក់ព័ន្ធ​​អស់​រយៈ​ពេល​ជិត១ម៉ោង។

លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) មានប្រសាសន៍ថា ការដាក់លិខិតនៅថ្ងៃម្សិលមិញនេះ គឺជាការបង្ហាញការពីការចូលរួមយ៉ាងសកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល ក្នុងការធានាឱ្យសម្រេចបាននូវកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសទៅលើការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន។

លោក អ៊ិត សូធឿត បន្ថែមថា៖ «មែនទែនទៅ ការជំរុញនេះ គឺយើងបង្ហាញពីការគាំទ្ររបស់ក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាការបង្ហាញអំពីការគិតរបស់យើងថា ច្បាប់នេះពិតជាមានសារៈសំខាន់ ហើយមិនមែនតែសង្គមស៊ីវិលទេ សូម្បីតែសម្តេចនាយករដ្ឋមន្ត្រី ក៏គាត់ធ្លាប់លើកឡើងដែរ។ ហើយយើងយោងតាមប្រសាសន៍នៅក្នុងឆ្នាំ២០២០ហ្នឹង គឺសម្តេចលោកក៏ជំរុញឱ្យច្បាប់ហ្នឹងឆាប់បានចេញនៅក្នុងឆ្នាំ២០២០នេះដែរ ក៏ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ។ អ៊ីចឹងវាបង្ហាញថា សូម្បីតែសម្តេចក៏ឱ្យតម្លៃច្បាប់នេះដែរ។ អ៊ីចឹងអ្វីដែលយើងធ្វើនេះគ្រាន់តែជាការគាំទ្រទៅលើអ្វីដែលសម្តេចបានផ្តល់សារៈសំខាន់ទៅដល់ច្បាប់នេះ ដែលវាអាចជួយសម្រួលការកំណែទម្រង់របស់រដ្ឋាភិបាល ដើម្បីពង្រឹងនីតិរដ្ឋ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើង»។

នៅក្នុងលិខិតដាក់ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រុមអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ស្តីពី “សិទ្ធិទទួលព័ត៌មាន” ហាក់​ដូច​ជាមិនទាន់មានការវិវត្តជាវិជ្ជមាននៅឡើយ ចាប់តាំងពីបានបញ្ចប់សេចក្តីព្រាងនៅខែមករា ឆ្នាំ​២០​១៨ និងបន្ទាប់ពីឆ្លងកាត់ក្រុមការងារបច្ចេកទេសពិនិត្យ ការចូលរួមផ្តល់មតិយោបល់ និងផ្តល់​ធាតុ​ចូលនានាតាមរយៈក្រសួងព័ត៌មាន ដោយធាតុចូលមួយចំនួនបានដាក់បញ្ចូលរួចហើយ និងមួយ​ចំនួន​ទៀតនៅមិនទាន់បានឆ្លើយតបគ្រប់គ្រាន់នៅឡើយ។

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា លើកឡើងថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះមានសារៈសំខាន់សម្រាប់ពលរដ្ឋទូទៅ ដែលចង់ស្វែងរកព័ត៌មានជុំវិញការអភិវឌ្ឍរបស់ភូមិឃុំជាដើម។ លោកសង្កត់ធ្ងន់ថា ប្រសិនបើមិនមានច្បាប់នេះទេ អាជ្ញាធរមានសិទ្ធិក្នុងការផ្តល់ឬមិនផ្តល់ព័ត៌មានរសើបមួយចំនួនរបស់ខ្លួនទៅកាន់ប្រជាពលរដ្ឋនៅពេលដែលពួកគាត់ស្នើ។

លោក ណុប វី ថ្លែងបន្តថា៖ «ផ្តល់ផលប្រយោជន៍ច្រើនណាស់ ហេតុអ្វី? ដូចករណីស្នើសុំព័ត៌មានត្រឹមកម្រិតឃុំចុះ ប្រជាពលរដ្ឋលោកត្រូវដឹងព័ត៌មានទាំងអស់ហ្នឹង។ ឧទាហរណ៍ព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុឃុំ ព័ត៌មានទាក់ទងជាមួយរឿងការរៀបចំផែនការអភិឌ្ឍន៍ឃុំ ព័ត៌មានទាក់ទងនឹងការដេញថ្លៃនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន សួរថាយើងមានក្រមខណ្ឌច្បាប់ណាដែលធានាថាពលរដ្ឋអាចទៅស្នើសុំព័ត៌មានទាំងអស់ហ្នឹងបានដែរឬទេ? យើងអត់មានទេ។ អ៊ីចឹងនៅពេលដែលពលរដ្ឋទៅស្នើសុំព័ត៌មាន មានមន្ត្រីមួយចំនួនគឺគាត់បានគំរាមកំហែង សម្លុតប្រជាពលរដ្ឋទៅទៀត ថាវាអត់មានអី្វជាកាតព្វកិច្ច អត់មានអ្វីជាភារកិច្ច ដែលពួកគាត់ត្រូវមកសុំព័ត៌មានទាំងអស់ហ្នឹងនោះទេ។ ចំណុចមួយផ្សេងទៀត ជួនកាលគាត់ចង់ឱ្យក៏បាន មិនចង់ឱ្យក៏បាន ទាំងនេះវាគឺជាការបង្ហាញពីឥរិយាបថរបស់មន្ត្រីខ្លះ»។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី “សិទ្ធិទទួលព័ត៌មាន” បានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មាន១០ជំពូក និង៣៦៧មាត្រា។ ច្បាប់នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា។

យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលក៏បានស្នើឱ្យស្ថាប័នរដ្ឋដាក់បញ្ចូលធាតុចូលមួយចំនួន ដូចជា ពិនិត្យនិងកែតម្រូវមាត្រា៣និងមាត្រា៤ឡើងវិញ ដើម្បីធានាថាមាត្រាទាំងនេះអាចអនុវត្តបានគ្រប់ស្ថាប័នសាធារណៈទាំងអស់ រួមទាំងស្ថាប័នអនុវត្តមុខងារសាធារណៈដូចជាតុលាការ ស្ថាប័ននីតិប្បញ្ញត្តិ និងអង្គភាពរដ្ឋធម្មនុញ្ញ ពិសេសស្ថាប័នឯកជនដោយប្រើប្រាស់ថវិកាសាធារណៈ។

ពួកគេក៏ស្នើឱ្យលុបមាត្រា២០.៧ចេញ ពីព្រោះមាត្រានេះមានលក្ខណៈទូលំទូលាយពេកនិងមិនចាំបាច់។ ស្នើឱ្យលុបមាត្រា១៥.៤ ទាក់ទងនឹងដែនកំណត់រយៈពេល៤០ថ្ងៃ មុនធ្វើការស្នើសុំម្តងទៀត និងស្នើឱ្យបន្ថែមឯកសារយោងនៃសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សនិងឯកសារពាក់ព័ន្ធនឹងសិទ្ធិទទួលព័ត៌មាន រួមទាំងមាត្រា១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាដើម៕

អត្ថបទ៖ គួយ ឡង់ឌី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ