ប្រធានា​ធិបតី​​បារាំង៖ មាន​​តែ​អ៊ុយក្រែន​​ទេ​​ដែល​​អាច​​សម្រេច​​ក្នុង​ការ​​ផ្ដល់​សម្បទាន​​ទឹកដី​​ពួកគេ​​បាន

ប្រធានាធិបតីបារាំង លោក Emmanuel Macron (រូបស្តាំ) និង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy (រូបឆ្វេង) ធ្វើសន្និសីទកាសែតរួមគ្នា អំឡុងទស្សនកិច្ចទៅទីក្រុងកៀវ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក Emmanuel Macron)

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានឱ្យដឹងនៅ​ក្នុងបទសម្ភាសន៍​មួយថា មានតែ​ប្រទេស​អ៊ុយក្រែន​តែមួយគត់​ដែល​អាច​ធ្វើការ​សម្រេចចិត្តថា តើពួកគេ​ត្រូវធ្វើសម្បទាន​​តំបន់​ណា​មួយ​​របស់​ខ្លួន​ទៅ​ឱ្យ រុស្ស៊ី ដើម្បី​បញ្ចប់​​សង្រ្គាមឬយ៉ាងណា។ នេះបើតាម​ការចុះផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters

ការថ្លែងរបស់ប្រធានាធិបតីបារាំងខាងលើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងកៀវ ជាមួយនឹង​ថ្នាក់ដឹកនាំកំពូល​នៃតំបន់​អឺរ៉ុប២រូប ផ្សេងទៀត ដែលរួមមាន អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi ដើម្បីបង្ហាញ​ការគាំទ្រ​ដល់ អ៊ុយក្រែន ​ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយ រុស្ស៊ី។

លោក អេម៉ានុយអែល ម៉ាក្រុង ថា៖ «ករណីនេះ [ការធ្វើសម្បទានទឹកដីដល់រុស្ស៊ី] គឺ​អាស្រ័យ​លើ​អ៊ុយក្រែនខ្លួនឯងផ្ទាល់​ជា​អ្នក​សម្រេច ខណៈយើងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងគោរពលើរាល់ការសម្រេចចិត្តដោយអ៊ុយក្រែន»។

ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ប្រទេសរបស់លោក​នឹងមិនទទួល​យកការដោះដូរ​ទឹកដី​ណាមួយ​របស់ខ្លួន​ជាថ្នូរនឹង​ការបញ្ចាប់សង្រ្គាមឈ្លានពានរបស់រុស្ស៊ីឡើយ។

គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់អឺរ៉ុបទាំង៣ខាងលើនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់រងនូវការរិះគន់ទាក់ទិននឹងការឆ្លើយតបនឹងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។

ជាការឆ្លើយតប ថ្នាក់ដឹកនាំកំពូលៗនៃតំបន់អឺរ៉ុបទាំងនេះបានលើកឡើងថា ខ្លួននឹងស្វែងរកដំណោះស្រាយជុំវិញ​ការ​រិះគន់​ដែលមានលើប្រទេសពួកគេ តាមរយៈដំណើរ​ទស្សនកិច្ចក្នុងប្រទេសអ៊ុយក្រែននេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ