បក្សឆន្ទៈខ្មែរ​ចង់​ឱ្យ​មាន​ការ​រួបរួម​បក្ស​តូចៗ​មុន​ការបោះឆ្នោត​ឆ្នាំ២០២៣ ខណៈ​មើល​ឃើញ​បក្ស​ធំ​២​មាន​ទំនោរ​ជ្រុល​ទៅ​រក​ចិន​និង​អាមេរិក

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។

ការផ្លែផ្លានិងដៀមដាមស្របពេលនៃការអំពាវនាវរបស់គណបក្សឆន្ទៈខ្មែរនេះ ដោយសារតែ​​ប៉ូល​​​​នយោបាយរបស់​​គណ​​​បក្សធំៗ គឺ «គ​​ណ​​បក្សប្រជាជនកម្ពុជា» ដែលមានទំនោរទៅរករ​​បបកុម្មុយនី​​ស្ត​​ចិនជ្រុល និង «គណបក្សភ្លើងទៀន» ដែលស្និទ្ធខ្លាំងទៅរកប្លុកលោកសេរី ត្រូវបានគណបក្សក្រៅ​​​រដ្ឋា​​​ភិ​​បាលមួយនេះចាត់ទុកថា វានឹងអាចធ្វើឱ្យកម្ពុជាត្រូវប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត​​នយោ​​បា​​យជាថ្មីទៀតនៅពេលណាមួយ។

គណបក្សឆន្ទៈខ្មែរ បញ្ជាក់ជំហរថា ស្ថិតក្រោមហេតុផលនេះហើយដែលនាំឱ្យមានយុទ្ធនាការនៃ​​ការ​កៀរគររកកម្លាំងអ្នកប្រជាធិបតេយ្យដែលមិនជាប់និន្នាការប៉ូលនយោបាយពីមហាអំណាច​​ទាំង​​ពីរនេះ ឱ្យទៅជាកម្លាំងនយោបាយថ្មី ដើម្បីកម្ពុជាមានស្ថិរភាពនិងការអភិវឌ្ឍមួយ​​ដោយ​​ពិត​​​​ប្រាកដ។

បើតាមសេចក្ដីថ្លែងការណ៍ដែលគណបក្សឆន្ទៈខ្មែរ ចេញកាលពីថ្ងៃទី១៦ ខែមិថុនា បង្ហាញថា​ ការ​​បោះ​​​​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ខាងមុខនេះ គឺកម្ពុជាគួរមានប៉ូលនយោ​​បាយមួយ​​ថ្មី​​ តាមរយៈការរួបរួមកម្លាំងនយោបាយពីគ្រប់បក្សនយោបាយ ហើយធ្វើឱ្យបានលឿននិងឆាប់​​​រ​​ហ័​​​សតាមដែលអាចធ្វើទៅបាន។

លើសពីនេះទៅទៀត គណបក្សឆន្ទៈខ្មែរក៏អំពាវនាវដែរឱ្យមានការគាំទ្រពីមជ្ឈដ្ឋានទូទៅចំពោះ​​ប៉ូ​ល​​​​​នយោបាយថ្មីនេះ ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងការប្រកួតប្រជែងអំណាចតាមរយៈ​ការ​​បោះ​​ឆ្នោត​​ជា​​តិ​​​​​ខាងមុខនេះ។

បន្ថែមពីលើនេះ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បញ្ជាក់ជំហរថា ការកៀរគរបក្ស​​ន​យោ​បាយនៅពេលនេះ គឺរួមកម្លាំងគ្នាជាគណបក្សធំមួយ ដើម្បីប្រជែងអំណាចតាមការបោះឆ្នោត​ជាមួយគណបក្ស​​ប្រ​​ជា​​ជនកម្ពុជាក្នុងពេលខាងមុខនេះ។ លោកបន្តថា កម្លាំងរួមនេះអាចនឹងជ្រក​​ក្រោម​​​​ឆ័ត្រមួយថ្មី ដែលមិនមែនជាបក្សដែលពួកគេកំពុងប្រតិ​​​បត្តិការសព្វថ្ងៃនេះ​ទេ។

លោកបន្តថា៖ «ជាគោលគំនិតរបស់គណបក្សឆន្ទៈខ្មែរ យើងចង់ថា បើសិនជាមានការរួមគ្នានៃគ​​ណ​​​​​​បក្ស​​ពីរបី ឬក៏បួនអីហ្នឹង ឬក៏ច្រើនជាងហ្នឹង យើងអាចរួមគ្នាបង្កើតទៅជាគណ​​បក្សនយោបាយ​​មួយ​​ថ្មីទៅ។ គណបក្សនយោបាយមួយថ្មីចែសហ្នឹង យើងនឹងរួមគ្នាធ្វើលើគណបក្សថ្មីនោះតែម្តង»។

បើតាមលោក គង់ មុនីកា ចំពោះមុខនេះ មេដឹកនាំគណបក្សមួយចំនួន ដូចជា លោក ប៉ុល ហំម មក​​ពី «គណបក្សកែទម្រង់កម្ពុជា» និង «គណបក្សកម្ពុជានិយម» របស់​លោ​​​​ក យ៉ែម បុញ្ញឫទ្ធិ ជាដើម «គណបក្សឆន្ទៈ​​ខ្មែរ» បានជួបពិគ្រោះយោបល់គ្នាក្នុងកម្រិតទ្វេភាគីម្តងជាពីរដងរួចហើយ។ ​​ប៉ុន្តែលទ្ធផលយ៉ាងណានោះ លោក​​នៅ​​មិន​​ទាន់​​អាចបញ្ជាក់ឱ្យដឹងបាននៅឡើយទេនាពេលនេះ។

ប្រភពដដែលបន្តថា ចំពោះគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្រុមការ​​ងា​​រ​​​កៀរគរក៏ធ្លាប់បានជួបសន្ទនាដែរ ប៉ុន្តែភាគីទាំងពីរបក្សនេះនៅមិនទាន់បង្ហាញជំហររួបរួម​​នៅ​ឡើយ​​ទេ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកសារនយោបាយរបស់​​គ​​​​​ណ​បក្សឆន្ទៈខ្មែរនេះថា វាគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ មួយវិញទៀត ការអះអាងថា គណ​​ប​​ក្ស​​​​ន​​យោបាយមានភាពជ្រុលនិយមទៅរកភាគីណាមួយនោះ វាជាការចោទប្រកាន់ដែលមិន​​ឈ​​រ​​​លើការពិតទេ។

បើតាមលោក សុខ ឥសាន ជាធម្មតា គ្រប់គណបក្សនយោបាយសុទ្ធតែមានឯកសារតម្កល់នៅក្រ​​សួង​​​មហាផ្ទៃដូចគ្នា រួមទាំងអ្នកចោទប្រកាន់គេនេះផង។ ហេតុដូច្នេះ ប្រសិនបើពិតជាមាន​​ការ​​អនុ​​វត្ត​​​​ខុស​​​ពី​​​​គោលការណ៍មែន ប្រហែលគណបក្សកាន់អំណាចមិនអាចធ្វើសកម្មភាព​​នយោបាយ​​បានទេ​​។

លោកបន្តថា៖ «ខ្ញុំយល់ថា គណបក្សនយោបាយនីមួយៗសុទ្ធតែមានលក្ខន្តិកៈតម្កល់នៅក្រសួងមហា​​​ផ្ទៃ​។ ដូច្នេះ ចោទថាគណបក្សនយោបាយនីមួយៗមានភាពជ្រុលនិយមទៅឆ្វេង ជ្រុល​​និយមទៅ​​ស្តាំ​​អី​​​​ហ្នឹង វាអត់ត្រឹមត្រូវទេ។ យើងប្រៀបធៀបដើរនយោបាយជ្រុលឬមិនជ្រុល យើងប្រៀប​​ធៀបហើយ​ ថា​​តើសកម្មភាពដូចទៅនឹង​លក្ខន្តិកៈដែលបានត​ម្កល់នៅក្រសួងម​ហាផ្ទៃដែរឬអត់​​? បើយើង​​ធ្វើ​ដូចល​​ក្ខន្តិកៈទុកនៅក្រសួងមហាផ្ទៃហើយ វាអត់មានជ្រុលអីទេ ពីព្រោះអាហ្នឹងវាស្របច្បាប់»។

កម្ពុជាធ្លាប់មានប្រវត្តិនៃការចងសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ក្រោយមានកិច្ចព្រមព្រៀង​​នយោ​​បា​យ​ដោយអ៊ុនតាក់ជាលើកដំបូងក្នុងឆ្នាំ១៩៩៧ មកពីភាគីបក្សនយោបាយចំនួន៤ ក្នុងនោះ​​មាន​​​​ គណ​​​​បក្ស​​​​​​ហ្វ៊ុនស៊ិនប៉ិច គណបក្សលោកតាសឺនសាន និងគណបក្សជាតិខ្មែរ (បច្ចុប្បន្នជា​​គ​​ណ​បក្ស​​ភ្លើង​​ទៀន)ជាដើម។ ប៉ុន្តែសម្ព័ន្ធភាពនេះរស់មិនបានប៉ុន្មានក៏សន្លប់ធំវិញ គឺទទួលការ​​បរា​​ជ័យ ដោយសារសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រមចូលរួមបោះឆ្នោត បន្ទាប់ពីព្រះអង្គត្រូវ​​បាន​​លើ​​​ក​​​លែង​​ទោសដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣៥ឆ្នាំ។

គេសង្កេតឃើញថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យនេះក៏លេចពន្លកជាថ្មីទៀត ប៉ុន្តែក្នុងរយៈ​​ពេល​​ខ្លី នៅឆ្នាំ២០០៣ ក្នុង​​កម្រិត​​ទ្វេភាគីរវាងគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី។ មិនយូរប៉ុន្មាន សម្ព័ន្ធភាពនេះក៏រលាយបាត់ទៀត ដោយសារសម្រេចក្រុមព្រះ នរោត្តម រណ​​ឫទ្ធិ ព្រះអង្គសម្រេចព្រះទ័យចូលរួមក្នុងរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន។

សម្រាប់នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ សាទរចំពោះ​​ការបង្កើត​​យន្តការ​​ឱ្យ​មានចលនាអ្នកប្រជាធិបតេយ្យនេះ។ប៉ុន្តែអ្នកវិភាគរូបនេះនៅតែមើលឃើញថា ការ​​រួប​​រួម​​ក​ម្លាំង​​​​​នយោបាយថ្មីនេះ ប្រសិនបើខ្វះការចូលរួមពីតួអង្គសំខាន់ៗពីររូប គឺលោក សម  រង្ស៊ី និង​​លោក កឹម សុខា កម្លាំងតាមបែបនយោបាយថ្មីនេះទំនងជាមានឥទ្ធិពលតិចតួចនៅក្នុងឆាកន​យោ​​បាយ​​ប៉ុ​​ណ្ណោះ​​។

លោកបន្តថា៖ «ខ្ញុំយល់ឃើញថា កម្លាំងនេះនៅតែមិនទាន់មានឥទ្ធិពលខ្លាំងណាមួយ ដើម្បីប្រ​ជែង​​ជា​​​មួយគណ​បក្សកាន់អំណាចនៅឡើយទេ។ វាគ្រាន់តែជាកម្លាំងមួយបង្ហាញភាពរួបរួម ប៉ុន្តែមិ​នទា​​ន់​​​បានបង្ហាញពីសកម្មភាព​​ដែលយើងពិបាក​​នឹងវាយតម្លៃថា ប្រជា​ម្ចាស់ឆ្នោតគាត់​​នឹងងាក​​ទៅគាំ​ទ្រ​​ចលនានៃការបង្រួបបង្រួម ឬក៏ប្រជាម្ចាស់ឆ្នោតគាត់​​នៅរង់ចាំការបង្រួប​បង្រួមរបស់​​អតីតមេដឹក​​នាំ​​ធំៗ​​ទាំងពីរឡើងវិញ»។

បើតាមលោក សេក សុជាតិ ដើម្បីឱ្យសម្ព័ន្ធភាពនេះមានភាពរឹងមំាទៅបាន ដរាបណាកម្លាំង​​ន​​យោ​​​​​​បាយថ្មី តាមរយៈការច្របាច់បញ្ចូលគ្នានេះ ធ្វើការដោយពិតប្រាកដ ជាជាងបង្កើតឱ្យ​​ចលនា​​ន​​យោ​​​បាយ​ហើយរលាយទៅវិញ ដូចធ្លាប់មានក្នុងពេលកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ