គ.ជ.ប ចេញ​​មុខ​​ប្ដឹ​ង​​លោក សុន ឆ័យ ក្រោយ​​បក្ស​កាន់​អំណាច​​ប្ដឹង​​ទារ​សំណង​​១លាន​​ដុល្លារ

លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចប្តឹង អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ជាផ្លូវការពីបទ «បរិហារកេរិ៍្តជាសាធារណៈ» និង​ទាមទារ​ឱ្យលោក សុន ឆ័យ ធ្វើលិខិត​សុំទោស គ.ជ.ប ជាសាធារណៈ។

ពាក្យបណ្តឹង​ដាក់ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ ចុះនៅថ្ងៃទី១៧ ខែមិថុនានេះ ត្រូវ​បាន​ធ្វើឡើងដោយ​លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និង​លោក សោម សូរីដា អគ្គលេខាធិការរង​នៃ គ.ជ.ប។

នៅក្នុងពាក្យបណ្តឹងប្រឆាំងលោក សុន ឆ័យ គ.ជ.ប បានយោង​អង្គហេតុ​តាមរយៈ​បទសម្ភាសន៍​របស់​លោក សុន ឆ័យ នៅក្នុងកម្មវិធី Idea Talk របស់​សារ​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី៧ ខែមិថុនា ពោលគឺ ២ថ្ងៃ នៅក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។

គ.ជ.ប បានស្រង់សម្តីលោក សុន ឆ័យ ដែលបានថ្លែងនៅលើសារព័ត៌មាន The Cambodia Daily រិះគន់ទៅលើ​ការរៀបចំការបោះឆ្នោត និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួនផ្សេង​ទៀត រួមមាន ការបំភិតបំភ័យ​ពលរដ្ឋម្ចាស់ឆ្នោត ការ​ទិញ​សន្លឹកឆ្នោត ការ​លួច​សន្លឹកឆ្នោត និង​ភាព​មិន​ឯករាជ្យ​របស់ គ.ជ.ប ជាដើម។ គ.ជ.ប​ ចាត់​ទុកការ​លើកឡើង​របស់​លោក សុន ឆ័យ ថា បាន​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ង​រ​ដល់​ស្ថាប័ន​ជាតិមួយ​នេះ។

ការចេញមុខប្តឹង​របស់ គ.ជ.ប នៅពេលនេះ គឺក្រោយពី គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ប្រឆាំងលោក សុន ឆ័យ កាលពីថ្ងៃទី១៤ ខែមិថុនា ដោយទាមទារ​សំណង​ពី​អ្នកនយោបាយប្រឆាំងចាស់វស្សាប្រកប​ដោយ​ថ្វីមាត់រូបនេះ ចំនួន ១លាន​ដុល្លា​រ​អាមេរិក ដោយយោងលើ​អង្គហេតុប្រហាក់ប្រហែល​ទៅនឹង​បណ្តឹងរបស់ គ.ជ.ប នៅពេលនេះដែរ។

បណ្តឹងប្រឆាំងនឹង​លោក សុន ឆ័យ ដោយ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ធ្វើឡើងក្នុងពេល​ដែល​លោក សុន ឆ័យ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែមិថុនា។ រហូត​មកទល់ពេលនេះ គេមិនទាន់​ឃើញលោក សុន ឆ័យ ចេញមក​ប្រតិកម្ម​ចំពោះ​បណ្តឹង​ប្រឆាំង​រូបលោក​នៅឡើយ​ទេ។

គួររម្លឹកថា ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា លទ្ធផល​បណ្តោះអាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុ​ជា​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រមាណ​ ៧៥ភាគរយ ខណៈ​បក្សភ្លើងទៀន ទទួល​បានសំឡេងឆ្នោត​គាំទ្រប្រមាណ ២២ភាគរយ​នៃសំឡេងឆ្នោតសរុប។ ទោះជា​យ៉ាងណា ការបោះឆ្នោតនេះ​ត្រូវបានគណបក្សភ្លើងទៀន និងគណបក្សនយោបាយ​មួយចំនួនទៀត ព្រមទាំង​អង្គការសង្គមស៊ីវិល​ធ្វើការងារលើវិស័យបោះឆ្នោត រិះគន់ថា បាន​ប្រព្រឹត្តទៅ​ដោយ​គ្មានភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​ពិតប្រាកដ​នោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ