ជនជាតិដើមភាគតិច​ពូនង​នៅ​ភូមិឡៅកា អស់​ជំនឿ​លើ​តុលាការ​ក្នុង​រឿង​ដីធ្លី

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី ដែលពាក់ព័ន្ធនឹងបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន «ឌីវេឡុបមេន ខូអិលធីឌី» ចូលបំភ្លឺ​នៅតុលាការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ជនជាតិ​ដើម​ភាគតិច​ពូនង​ នៅ​សហគមន៍​ឡៅកា ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​ បាន​អះអាង​ថា ពួកគេ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ខេត្តមណ្ឌលគិរី​ហើយ ក្រោយ​ពី​តុលាការ​ខេត្ត​នេះបាន​កោះហៅ​ពួកគេ​ឱ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​បណ្តឹង​របស់​អ្នក​មានអំណាច ខណៈពាក្យ​បណ្តឹង​របស់​ពួកគេ​បែរជា​តុលាការ​តម្កល់​ទុក​ឥត​ចាត់​ការទៅវិញ។

ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង អ្នកស្រី ផ្លឹក ភីរុំ អាយុ៤១ឆ្នាំ រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅថ្ងៃអង្គារនេះថា កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ អ្នកស្រីរួមជាមួយតំណាងប្រជាពលរដ្ឋចំនួន៣នាក់ទៀត ត្រូវបានសាលាដំបូងខេត្ដមណ្ឌលគិរីកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងបណ្តឹងរបស់ក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន (Village Development) របស់ភរិយាអភិបាលរងខេត្ដមណ្ឌលគិរី លោក យឹម លុច។

អ្នកស្រីបានចាត់ទុកការកោះហៅរបស់តុលាការនេះថាជារឿងអយុត្តិធម៌ សម្រាប់អ្នកស្រឡាញ់និងការពារដីព្រៃឈើសហគមន៍ជនជាតិដើមភាគតិច បែរជាជាប់ទោសទៅវិញ។ អ្នកស្រីបន្ដថា ពួកអ្នកស្រីមានពាក្យបណ្ដឹងជាច្រើនដែលកំពុងជាប់នៅតុលាការ ហើយការកាត់ក្ដីរបស់តុលាការ គឺមិនមានតុល្យភាព ឬក៏យុត្តិធម៌ និងស្មើភាពគ្នាឡើយ។

អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថា ពេលក្រោយៗ បើតុលាការនៅតែធ្វើអ៊ីចឹងៗ ប្រព័ន្ធតុលាការហ្នឹង គឺពួកយើងអត់ប្រើទៀតទេ យើងបញ្ឈប់ក្នុងការប្រើប្រព័ន្ធតុលាការ យើងសុខចិត្តប្រើស្អីខាងក្រៅ​វិញ។ អ៊ីចឹងបើប្រព័ន្ធតុលាការ ប្រជាជនទាំងអស់មិនប្រើប្រព័ន្ធតុលាការ តើតុលាការធ្វើអី? បើនៅតែកាត់ទោសប្រជាជនបែបហ្នឹង កុំមានតុលាការល្អជាង»។

ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងម្នាក់ទៀត អ្នកស្រី ខ្លើង ទុំ អាយុ៣៧ឆ្នាំ រស់នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ​ បានថ្លែងដែរថា ដីការបស់តុលាការ គឺអយុត្តិធម៌ណាស់សម្រាប់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ដោយសារខាងតុលាការជឿទៅលើអ្នកមានលុយនិងមានអំណាច តែខាងប្រជាសហគមន៍ គឺហាក់មិនអើពើអ្វីទាល់​តែសោះ។

អ្នកស្រីបន្ដថា៖ «ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះរាល់ការកាត់ក្ដី គឺអត់ស្មើភាពផង គឺគាត់[តុលាការ] នៅតែកាន់ជើងគេអ្នកមានលុយ គេអ្នកមានអំណាច»។

ចំណែកឯអ្នកស្រី យន់ ម៉ាណេ នាយកប្រតិបត្តិនៃអង្គការជនជាតិដើមភាគតិចកម្ពុជា បានមានប្រសាសន៍ថា​ ​រាល់ការសម្រេចតាមពាក្យបណ្តឹងណារបស់អ្នកប្តឹង ទាំងអាជ្ញាធរនិងតុលាការត្រូវតែចុះស៊ើបអង្កេតឱ្យស៊ីជម្រៅច្បាស់លាស់ មុននឹងសម្រេចថា សមាជិកសហគមន៍ជនជាតិដើមភាគតិចណាម្នាក់មានទោសពីបទឧក្រិដ្ឋណាមួយ ពីព្រោះការសម្រចដែលមិនបានចុះស៊ើបអង្កេតឱ្យច្បាស់លាស់ តែងតែនាំឱ្យបាត់បង់ប្រយោជន៍សមូហភាព ឬសាធារណៈ។ ជាពិសេស គឺនាំឱ្យប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិចលើដីធ្លី ធនធានធម្មជាតិ ដែលត្រូវបានច្បាប់ទទួលស្គាល់ និងការប្រតិបត្តិតាមប្រពៃណីដែលគាត់មានតាំងពីយូរលង់ណាស់មកហើយ។

អ្នកស្រីបន្ដថា៖ «អនុវត្តច្បាប់បែបហ្នឹង គឺមិនត្រឹមត្រូវទេ គឺកំពុងតែបង្ហាញអំពីសកម្មភាពដែលនាំគ្នាអនុវត្តច្បាប់ខុស ហើយនាំឱ្យបង្កឱ្យមានបញ្ហាអយុត្តិធម៌សង្គម»។

ចំណែកព្រះរាជអាជ្ញារងសាលាដំបូងខេត្តមណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បានបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងនេះ។

លោកថា៖ «វាអត់ត្រឹមត្រូវ ខ្ញុំសុំបដិសេធចោល»។

នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត​ បានលើកឡើងថា ការលើកឡើងរបស់ប្រជាសហគមន៍ គឺជារឿងត្រឹមត្រូវដែលពួកគាត់បានបាត់បង់ជំនឿទៅលើ​ប្រព័ន្ធតុលាការឬក៏អាជ្ញាធរ ដោយសារតែពាក្យបណ្ដឹងរបស់ពួកគាត់មិនត្រូវបានចាត់ការនោះទេ។

លោក អំ សំអាត បានសង្កេតដែរថា អ្នកមានអំណាចមួយចំនួន ក៏ដូចជាក្រុមហ៊ុនមួយចំនួន គឺតែងតែប្រើប្រាស់តាមប្រព័ន្ធតុលាការធ្វើជាបណ្ដឹង ក្នុងការប្ដឹងទាក់ទងនឹងបទល្មើសផ្សេងៗ ដើម្បីធ្វើការគំរាមកំហែង បំភិតបំភ័យទៅដល់សហគមន៍ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសាររឿងដីធ្លី មិនព្រមធ្វើការដោះស្រាយដោយសន្ដិវិធីឡើយ តែបែរជាប្រើប្រព័ន្ធតុលាការដើម្បីគំរាមប្រជាពលរដ្ឋទៅវិញ។

លោកបន្ដថ្លែងទៀតថា៖ «ខ្ញុំតែងតែលើកឡើងថា ល្មមដល់ពេលឈប់យកតុលាការដើម្បីប្រើប្រាស់ជាឧបករណ៍នៅក្នុងការគំរាមកំហែងប្រជាពលរដ្ឋដែលលោកបានកាន់កាប់ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ ឬក៏រងនូវបណ្ដឹងបន្ដបន្ទាប់ទាក់ទងនឹងបញ្ហាដីធ្លីរបស់ពួកគាត់»។

សូមជម្រាបជូនថា ជម្លោះដីធ្លីរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិតនៅភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ជាង២០០គ្រួសារ ជាមួយក្រុមហ៊ុន វីឡា ឌីវេឡុបមេន បានកើតឡើងតាំងពីឆ្នាំ២០០៨មក ក្រោយពីក្រុមហ៊ុននេះបានយកគ្រឿងចក្រទៅឈូសឆាយព្រៃឈើដែលប្រជាសហគមន៍ជនជាតិដើមភាគតិចអាស្រ័យផល។ ក្រោយមក ប្រជាសហគមន៍បានដាក់បណ្ដឹងទៅអាជ្ញាធរនិងតុលាការ ដើម្បីសុំឱ្យជួយដោះស្រាយ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយនោះទេ។

កាល​ពី​ឆ្នាំ​២០១៣ សហគមន៍ឡៅកា បាន​ប្ដឹង​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច ឱ្យទទួល​ខុស​ត្រូវ​ការ​ឈូស​ឆាយ​ដី​សហគមន៍នេះដើម្បី​យក​ដី និង​កាប់​​បំផ្លាញ​ដើម​ឈើ​ជ័រទឹក​អ្នក​ភូមិ៣៦៧​ដើម ក៏​ប៉ុន្តែ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរីបាន​តម្កល់​មិន​ចាត់​ការ​ពាក្យ​ប្ដឹង​នេះឡើយ ដោយសារ​តែ​លោក យឹម លុច អះអាង​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ភរិយា​លោក គឺអ្នកស្រី កាន់ រតនា ​គឺ​ជា​នាយិកា​ក្រុមហ៊ុន។

ក្រោយមក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងទៅ តុលាការបានចេញដីកាកោះហៅតំណាងសហគមន៍ជនជាតិដើមភាគតិចពូនងឱ្យចូលខ្លួនឆ្លើយបំភ្លឺវិញម្ដង ដោយដើមបណ្ដឹង អ្នកស្រី កាន់ រតនា ដែលជាភរិយារបស់អភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច បានប្ដឹងពីបទ «បរិហាកេរ្ដិ៍ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ក្រោយមក ក្រុមហ៊ុនដដែលបានយកគ្រឿងចក្រទៅឈូសឆាយសាជាថ្មីម្ដងទៀត ប៉ុន្ដែត្រូវបានប្រជាសហគមន៍នាំគ្នាទៅទប់ស្កាត់ ហើយក៏ត្រូវបានតុលាការខេត្តមណ្ដលគិរីចេញដីកាកោះហៅប្រជាពលរដ្ឋជាលើកទី២ ឱ្យចូលបំភ្លឺកាលពីសប្តាហ៍មុន (ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២) នេះ។ ជនជាតិដើមភាគតិចពូនង៤នាក់ដែលរងពាក្យបណ្តឹងនេះ រួមមាន អ្នកស្រី ផ្លឹក ភីរុំ, លោក គ្រើង តុលា, ឈ្មោះ ផ្លឹក ណាវី  និងអ្នកស្រី ខ្លើង ទុំ។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM មិនអាចទាក់ទងសុំការបំភ្លឺពីលោកស្រី កាន់ រតនា នាយិកាក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន និងលោក យឹម លុច អភិបាលរងខេត្តមណ្ឌលគិរី បានទេ នៅថ្ងៃអង្គារនេះ៕


ពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្ដាល

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។