កញ្ញា សេង ធារី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី បានអះអាងថា កូនក្តីលោកត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ទាំងមិនបានដឹងពីមូលហេតុ។

លោក ជូង ជូងី បានឱ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា កូនក្តីលោកត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារមួយនៅខេត្តព្រះវិហារហើយ ខណៈលោកសុំជួបកូនក្តីនៅពន្ធនាគារព្រៃស នៅថ្ងៃសុក្រនេះ។

កញ្ញា សេង ធារី មេធាវីអាមេរិក ត្រូវបានសមត្ថកិច្ចកម្ពុជាបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៤ ខែមិថុនានេះ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ ចោទពីបទ «រួមគំនិតក្បត់ និងញុះញង់» ក្រោយពីគាត់បង្ហោះសារគាំទ្រគម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីអំឡុងឆ្នាំ២០១៩។

អ្នកនាំពាក្យស្ថានទូតអាមេរិក លោកស្រី Stephanie Arzate ឱ្យ VOD ដឹងនៅថ្ងៃនេះដែរថា៖ «យើង[អាមេរិក]នៅតែបន្តទំនាក់ទំនងជាមួយ សេង ធារី និងអ្នកតំណាងនានារបស់នាង ហើយនឹងផ្តល់សេវាប្រឹក្សាយោបល់ដ៏សមរម្យដល់នាង»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ