ត្រឹមមួយយប់ ករណី​បាញ់​ប្រហារ​២​ផ្សេងគ្នា​កើតឡើង​ក្នុង​ក្រុងព្រះសីហនុ

មន្ត្រីនគរបាលដែលរងរបួសក្នុងពេលចុះបង្រ្កាបជនប្រដាប់អាវុធដែលសំរាកព្យាបាលនៅមន្ទីរព្យាបាល សេតេ ក្រុងព្រះសីហនុ ក្រោយចុះប្រតិបត្តិការបង្ក្រាបក្រុមជនដៃដល់ជាជនជាតិវៀតណាម នាយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

សមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យដឹងថា ជនជាតិវៀតណាម៤នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើការបាញ់ប្រហារនិងបង្ករបួសស្នាមលើមន្ត្រីនគរបាលក្រុងព្រះសីហនុមួយរូប កាលពីយប់ថ្ងៃពុធកន្លងទៅ ខណៈករណីបាញ់ប្រហារមួយផ្សេងទៀតក៏កើតមានឡើងនៅក្នុងតំបន់ផងដែរ។

យោងតាមអធិការនគរបាលក្រុងព្រះសីហនុ លោក តី វិសាល បានឱ្យដឹងថា សម្រាប់ករណី​ទី​១ អ្នក​បើក​តាក់ស៊ី​មួយរូបបាន​រាយការណ៍មកកាន់សមត្ថកិច្ចថា ​ខ្លួនត្រូវ​បាន​បុរស​ម្នាក់​យក​កាំភ្លើងមក​ភ្ជង់ដើម្បីគំរាមកំហែង ហើយនៅ​ពេលដែលសមត្ថកិច្ចមកដល់ទីតាំងកើតហេតុ ក្រុមរបស់បុរសបង្កហេតុដែលមានបក្ខពួកសរុបចំនួន៤នាក់ក៏​បាន​បាញ់​មកលើក្រុមសមត្ថកិច្ច ដែលបានបណ្ដាល​ឱ្យមន្រ្តីនគរបាលមួយរូប​រង​របួសផងដែរ។

ប្រភពដដែលបន្ថែមថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩និង២០នាទីយប់​ថ្ងៃ​ពុធ ខណៈ​ជនបង្កហេតុជាជនជាតិ​វៀតណាម ៤នាក់ ​ត្រូវ​បាន​ចាប់សមត្ថកិច្ចចាប់​ខ្លួន​ភ្លាមៗ។

លោក តី វិសាល​ បន្ត​ថា​៖ «​សម្រាប់មន្រ្តីនគរបាលរបស់យើង គឺបាន​រង​របួសចំ​ជើង​ស្តាំធ្ងន់ធ្ងរ»។

លោកថា៖ «មន្ត្រី​របស់​យើងខាងលើនេះបាន​រង​របួស​ ដោយសារតែ​ជន​ដៃដល់​មាន​កាំភ្លើងនៅក្នុងដៃ ហើយបាញ់មកកាន់យើងវិញ»។

ទោះជាយ៉ាងណា អធិការនគរបាលក្រុងព្រះសីហនុរូបនេះបានបញ្ជាក់ថា កាំភ្លើង​មួយដើមដែលត្រូវបានប្រើប្រាស់ដោយជនដៃដល់នេះ​ត្រូវ​បាន​រឹបអូសយកមករក្សាទុករួចរាល់ហើយ ខណៈ​សំណុំ​រឿងនេះ​កំពុងតែ​បញ្ជូន​ទៅ​តុលាការដើម្បីចាត់ការបន្ត។

ជាមួយគ្នានេះ នាយប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ លោក អ៊ុក ផាន់ណារ៉េត បានឱ្យដឹងថា យោងតាមការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងតំបន់របស់លោក ក្នុងនោះមានបុរសជាជនជាតិចិនម្នាក់ក៏បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារគ្នាមួយផងដែរ នៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍។

លោក​​ថា​៖ «​ខ្ញុំ​បាន​ទទួល​របាយការណ៍​អំពី​ករណី​នេះតែប៉ុណ្ណឹងនោះទេ។ សម្រាប់​ព័ត៌មាន​លម្អិតបន្ថែមយ៉ាងណាទៀតនោះ សូមធ្វើការ​ទាក់ទង​ទៅ​កាន់ថ្នាក់​លើ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Two Shootings in One Night in Sihanoukville

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ