UPDATED៖ កញ្ញា សេង ធារី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​មេ​ធា​វីការពា​រក្តី​ឱ្យក​ញ្ញា ​សេង​ ធា​រី ​គឺ​លោក ជូ​ង ​ជូងី បា​នអះអា​ងថា​ កូ​នក្តីលោក​ត្រូ​វបា​នគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ទាំងមិនបានប្រាប់ពីមូលហេតុ ក្រោយពីមា​នកា​​រផ្តន្ទាទោសពីសាលាដំបូងរាជធានីភ្នំពេញ។

លោក ជូង ជូងី បានឱ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា កូនក្តីលោក កញ្ញា សេង ធារី ត្រូវបានមន្ត្រីពន្ធនាគារព្រៃស បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ តែលោកមិនបានដឹងពីមូលហេតុនៃការផ្ទេរម​ណ្ឌល​ឃុំ​ខ្លួននោះនៅឡើយទេ។

លោ​កថា៖ «គេយកគាត់ទៅព្រះវិហារ កាលពីថ្ងៃទី១៥ [មិថុនា] ខ្ញុំនឹងតាមទៅជួបគាត់ ដើម្បីផ្តល់ប្រឹក្សាច្បា​ប់ឱ្យគាត់ និងរៀបចំបណ្តឹងតវ៉ាទៅតុលាការជាន់ខ្ពស់ឱ្យគាត់»។

បើតាមមេធាវីរូបនេះ ការទទួលបានព័ត៌មាននេះ ក្រោយពីលោកបានព្យាយាមជាលើកទី២ ទៅពន្ធនា​គារព្រៃ​ស (ម២) ដើម្បីសុំចួបកូនក្តី ក្នុងបំណងពិភាក្សាពីលទ្ធផលប្តឹងទៅសាលាឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រមផ្តន្ទាទោ​សរបស់សាលាដំបូងរាជធានីភ្នំពេញ។

កញ្ញា សេង ធារី មេធាវីអាមេរិក ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃស (ម២) ភ្លាមៗ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមផ្តន្ទាទោសគាត់ដាក់ពន្ធនាគារ៦ឆ្នាំ ចោទពីបទ «រួមគំនិតក្បត់ និងញុះញង់»។

ការចោទប្រកាន់នេះ តុលាការសម្អាងថា កញ្ញា សេង ធារី បានបង្ហោះសារលើបណ្ដាញសង្គមគាំទ្រគ​ម្រោ​ងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង កាលពីអំឡុងឆ្នាំ២០១៩។

មុនចាប់ខ្លួន កញ្ញា សេង ធាវី បានរិះគន់រដ្ឋាភិបាលខ្លាំងៗ ដូចជា ប្រើពាក្យថា “គាត់ចង់ឱ្យមានការផ្លាស់ប្តូ​​រមេដឹកនាំដែលរំលោភសិទ្ធិមនុស្ស” ការស្លៀកពាក់ប្លែកៗ ដូចជា ការដាក់ខ្នោះជើង និ​​ង​​ដាក់ច្រវាក់ដៃខ្លួនឯង ជាដើម រួមទាំងបាននិយាយថា “តុលាការជាឆាកល្ខោនរបស់គណបក្សកាន់អំណាច” ជាដើម។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Stephanie Arzate បានលើកឡើងថា៖ «អាមេរិកនៅតែបន្តទំនាក់ទំនងជា​មួ​​យ ​សេង ធារី និងអ្នកតំណាងនានារបស់នាង ហើយនឹងផ្តល់សេវាប្រឹក្សាយោ​ប​ល់ដ៏សមរម្យដល់នាង»។

អ្នកនាំពាក្យអគ្គនាយក នៃអគ្គនាយករដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា មិនអាចទាក់ទងបានទេ នៅថ្ងៃសុក្រនេះ។

ប៉ុន្តែកាលពីម្សិលមិញ លោកបានប្រាប់ VOD ថាការដែលមន្ត្រីពន្ធនាគារហាមមេធាវីមិនឱ្យចូលចួបកញ្ញា សេង ធារី ក្នុងពន្ធនាគារព្រៃស ដោយសារបញ្ហាសន្តិសុខ និងក្តាប់បានព័ត៌មានថានឹងមានការត្រៀមធ្វើបាតុកម្មនៅមុខពន្ធនាគារ។

លោកថា៖ «យើងអត់ចង់ធ្វើឱ្យខុសគ្នាទេ! ជនជាប់ឃុំទាំងអស់ យើងចង់គ្រប់គ្រងក្នុងបទដ្ឋានមួយដូចគ្នា ប៉ុន្តែគាត់ខ្លួនឯងទេដែលចម្លែកខុសគេនោះ អ៊ីចឹងបានយើងរកវិធានការខុសប្លែកពីអ្នកដទៃដែរ។ […] កុំគិតថាយើងរើសអើងដោយសារគាត់ជាសកម្មជននយោបាយអី មិនមែនទេ»។

នាយកគ្រប់គ្រងទូទៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា កញ្ញា សេង ធារី មុនចាប់ខ្លួន តែងធ្វើការតស៊ូមតិដើម្បីសេរីភាពនិងយុត្តិធម៌សង្គម ដែលអាចថាជាមុខសញ្ញារបស់អាជ្ញាធរ តែថាសម្រាប់ក្រុមអង្គការសង្គមស៊ីវិលវិញ កញ្ញា សេង ធាវី ជាវីរភាពក្នុ​ង​កា​រលើកកម្ពស់សេរីភាពជាមូលដ្ឋាន។

លោកបន្ថែមថា សកម្មភាពរស់កញ្ញា សេង ធារី បានជំរុញការលើ​​​កទឹកចិត្តស្ត្រីខ្មែរឱ្យចូលរួមការងារសិទ្ធិម​នុស្ស​និងការងារសង្គ​ម ហើយថាចំណាត់ការនេះខុសគ្នាទៅនឹងចំណាត់ការលើឧកញ៉ាមួយចំ​នួ​នដែ​​​លជាប់ពាក់ព័ន្ធទៅនឹងប​​ទ​ឧក្រិដ្ឋគ្រឿងញៀន។

លោកថា៖ «បើយើងពិនិត្យមើលឧកញ៉ាមួយចំនួនដែលពីមុនមកជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្សេងៗហ្នឹ​ង​​ យ​កមន្ទីរពេទ្យធ្វើជាកន្លែងជាប់ឃុំទៅ ក្នុងការព្យាបាលខ្លួន។ ក៏ប៉ុន្តែដោយសារតែស្ថានភាពអ្នកការ​ពារ​សិទ្ធិមនុស្ស អ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្ស វាបែរទៅជាមិនទទួលបាននូវការជួយជ្រោមជ្រែង មិនជួយសម្រួ​ល​ វាបែរជាបង្កើតនូវផលវិបាកទៅដល់គាត់បន្ថែមទៀត»។

បញ្ហា​នេះ លោកបារម្ភថា វានឹងជំរុញឱ្យមានការរិះគន់បន្ថែមទៀតពីបញ្ហាសិទ្ធិមនុស្ស ការអនុវត្តច្បាប់ស្តង់​ដាពីររវាងឧក្រិដ្ឋជនដែលមានងារជាឧកញ៉ា និងអ្នកប្រើប្រាស់សិទ្ធិតបតាមស្មារតីរដ្ឋធម្មនុញ្ញដើ​​ម្បី​​​ជំរុញយុត្តិធម៌សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ