ពលរដ្ឋ​ស្នើ​​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឱ្យ​ពង្រឹង​វិធានការ​បង្រ្កាប​ការ​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​

មន្ត្រីនគរបាលដែលរងរបួសក្នុងពេលចុះបង្រ្កាបជនប្រដាប់អាវុធដែលសំរាកព្យាបាលនៅមន្ទីរព្យាបាល សេតេ ក្រុងព្រះសីហនុ ក្រោយចុះប្រតិបត្តិការបង្ក្រាបក្រុមជនដៃដល់ជាជនជាតិវៀតណាម នាយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

ប្រជាពលរដ្ឋ និងសង្គមស៊ីវិលក្នុងខេត្ត ស្នើទៅអាជ្ញាធរខេត្តព្រះសីហនុ ឱ្យពង្រឹងវិធានការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់បន្ថែមទៀត   ដោយពួកគេបារម្ភពីបញ្ហាអសន្តិសុខសង្គម នឹងជះផល​ប៉ះពាល់ដល់វិស័យទេសចរណ៍ ​ និងការរស់នៅរបស់​ពលរដ្ឋថែមទៀតផង។

ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៤នាក់  ករណីដែលពួកគេបាញ់ប្រហារនិងបង្ករបួសស្នាមលើមន្ត្រីនគរបាលក្រុងព្រះសីហនុមួយរូប កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ជាមួយគ្នានោះ សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក៏បានអះអាងថា នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា ក៏មាន​ករណីបាញ់ប្រហារមួយផ្សេងទៀតបានឡើងបណ្តាលឱ្យបុរសជាជនជាតិចិនម្នាក់រងរបួសផងដែរ។

ប្រជាពលរដ្ឋរស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុលោក ធឹម ធន ប្រាប់វីអូឌីថា សកម្មភាព បាញ់ប្រហារក្នុងខេត្តនេះ  បានកើតឡើងជាថ្មីទៀត បន្ទាប់ពីស្ងាប់ស្ងាត់អំឡុងពេលផ្ទុះកូវីដ-១៩ ។ លោកបន្តថា បើសិនជាការបាញ់ប្រហារដោយអាវុធនៅតែកើតឡើងមានក្នុងមូលដ្ឋានខេត្តនេះ វានឹងបង្កផលប៉ះពាល់ដល់វិស័យ​ទេសចរណ៍ និងការរបរមុខរស់ប្រជាពលរដ្ឋ ពិសេសបញ្ហាអសន្តិសុខតែម្តង។

លោក ធឹម ធន ស្នើទៅអាជ្ញាធរព្រះសីហនុ ឱ្យពង្រឹងផ្នែកសន្តិសុខ និងវិធានការបង្រ្កាបការជួញដូរអាវុធដោយខុសច្បាប់ ដើម្បីទប់ស្កាត់បញ្ហានេះ។ បើពុំដូច្នេះលោកថា ភ្ញៀវទេសចរលែងហ៊ានមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះទៀត ហើយប្រជាពលរដ្ឋក៏មិនហ៊ានចេញដើរហើនោះដែរ ដោយបារម្ភពីសុវត្ថិភាព។

លោកថា៖«ព្រួយបារម្ភស្រុកយើងបានសុខសាន្តប៉ុណ្ណឹងហើយ នៅឱ្យមានអាវុធនាំចូលខុសច្បាប់ អីមកបាញ់ប្រហារអ៊ីចឹង ក៏មិនសូវសប្បាយចិត្តដែរហ្នឹង។  វាប៉ះពាល់សន្តិសុខជាតិយើងដែរហ្នឹង  ប្រជាពលរដ្ឋយើងដល់ពេលអ៊ីចឹង ​មានការភ័យព្រួយ​។ យើងមិនមែនសមត្ថកិច្ចណា ដែលមានស្អីការពារណា»។

មន្ត្រីសម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី កត់សម្គាល់ថា ចាប់តាំងពីរដ្ឋាភិបាលបើកឱ្យមានភ្ញៀវទេសច​រ និងអ្នកវិនិយោគអាចចូលមករកស៊ីនៅកម្ពុជាបានវិញនោះ ជនជាតិបរទេស មានទាំង ចិន វៀតណាម និងជនជាតិដទៃបានចូលមកខេត្តព្រះសីហនុ កាន់តែច្រើន។ លោកស្រីថា នៅខែមិថុនានេះ ករណីបាញ់ប្រហារគ្នាបានកើតឡើងញឹកញាប់ បើទោះបីជា​មានការបង្ក្រាបពីសំណាក់សមត្ថកិច្ចជាបន្តបន្ទាប់ក្ដី។

លោកស្រីថា  ជនដែលបង្កភាគច្រើនជាជនបរទេស ប៉ុន្តែពួកគេមានប្រើប្រាស់អាវុធ  ខណៈកន្លងមក សមត្ថកិច្ចដែលចុះបង្រ្កាបនោះ តែងតែចាប់បានអាវុធលាក់ទុក និងដកហូតពីជនទាំងនោះ ប៉ុន្តែរកប្រភពនាំចូលមិនឃើញ។

លោកស្រីថា៖«តាំងពីកាលមុនរហូតដល់ឥឡូវ យើងនៅតែរកមិនទាន់ឃើញថា ជនបរទេសដែលគាត់បានកាន់កាប់អាវុធ តាមរបៀបណា ហើយយកពីកន្លែងមក យើងរកមិនទាន់ឃើញទេ។ នៅពេលបង្រ្កាបបទល្មើស សមត្ថកិច្ចយើងតែងតែដកហូត យកវត្ថុតាងដែលពាក់ព័ន្ធសំណុំរឿង​រក្សាទុកអស់ហើយ ប៉ុន្តែនៅតាមកន្លែងផ្សេងៗ។[ …]។ អ៊ីចឹងធ្វើឱ្យយើងមានការព្រួយបារម្ភមិនថា អ្នកដែលមករកស៊ីទេ សូម្បីតែប្រជាពលរដ្ឋធម្មតាដែលលោករស់នៅខេត្តព្រះសីហនុរាល់ថ្ងៃ ក៏លោកនៅមានការព្រួយបារម្ភដែរ ដោយសារ យើងមើលទៅចេះតែឃើញមានបញ្ហា ការប្រើប្រាស់អាវុធ ឬការឈ្លោះទាស់គ្នា កើតឡើង ហើយភាគច្រើនភាគីជម្លោះ មានអាវុធ ដែលធ្វើឱ្យយើងចេះតែមានការភ័យព្រួយបារម្ភ ក្នុងការពារសុវត្ថិភាពផ្ទាល់ខ្លួន»។

លោកស្រី ជៀប សុធារី ស្នើទៅអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ និងវិធានការចុះបង្រ្កាប ដើម្បីទប់ស្កាត់ការជួញដូរ និងប្រើប្រាស់អាវុធ កុំឱ្យកើតឡើងជាបន្តទៀត បើមិនដូច្នេះទេ លោកស្រីថា ករណីនេះ នឹងបង្កផលប៉ះពាល់វិស័យទេសចរណ៍ ការវិនិយោគផ្សេងៗ រួមទាំងប៉ះពាល់ដល់មុខរាជរដ្ឋាភិបាលផងដែរ។

លោកថា៖«ខ្ញុំសូមថា ឱ្យមានការបង្រ្កាបបទល្មើសហ្នឹងដោយយកចិត្តទុកដាក់បំផុត ហើយគួរតែបង្រ្កាបអំពើពុករលួយនៅក្នុងនឹងដែរ។ តាមពិតច្បាប់កម្ពុជាគឺជាច្បាប់ដែលមានលក្ខណៈស្ដង់ដារអន្តរជាតិ ប៉ុន្តែបុគ្គលអ្នកអនុវត្តច្បាប់ តើគាត់បានអនុវត្តច្បាប់តឹងរឹង ឬគាត់          បណ្ដែតបណ្ដោយភាពចង់មានចង់បាន អ៊ីចឹងច្បាប់កម្ពុជាវាអន់ថយទៅតាមហ្នឹង »។

មួយថ្ងៃក្រោយកើត​ហេតុការណ៍ផ្ទុះអាវុធបណ្តាឱ្យមន្ត្រីនគរបាលម្នាក់ ដែលមានតួនាទីជាអធិការរងនៃអធិការដ្ឋានក្រុងព្រះសីហនុ រងរបួសជើងខាងស្តាំ​​ កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបន្ទាន់មួយនៅថ្ងៃទី ១៦ ខែមិថុនា។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ​ អភិបាលខេត្ត​ លោក គួច ចំរើន ​អះអាងថា កិច្ចប្រជុំបន្ទាន់នេះ បន្ទាប់ពីមានករណីបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ការបង្ករបួសស្នាម និងក្មេងទំនើង នៅក្នុងក្រុងព្រះសីហនុ រហូតដល់សមត្ថកិច្ច បានទទួលរងរបួស​ពេលកំពុងប្រតិបត្តិការបង្រ្កាបថែមទៀតផង។

ក្នុងកិច្ចប្រជុំនោះ អភិបាលខេត្តបានបញ្ជាក់ថា ការធ្វើចរាចរ​ លក់ដូរ និងបញ្ចេញអាវុធដោយខុសច្បាប់ ទាមទារឱ្យមានការស្រាវជ្រាវរកប្រភពដើម ដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា និងគ្មានការលើកលែងដល់អ្នកពាក់ព័ន្ធការជួញដូរអាវុធនេះឡើយ។

អ្នកនាំពាក្យលើកឡើងថា៖ «ឯកឧត្តម[អភិបាលខេត្ត]ក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា យើងគ្មានការលើកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរ​ ជួញដូរ​ ប្រើប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហើយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់»។

កាលពីថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០២២  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  បានលើកឡើងដោយទទួលស្គាល់ពីករណីចាប់ជំរិត ឆក់ ប្លន់ ឃាតកម្ម ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តជាប់មាត់សមុទ្រមួយនេះ​។ បញ្ហាទាំងនេះ លោកក៏បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ ​ចាំបាច់ត្រូវតែលុបបំបាត់ឱ្យអស់ មុនការបោះឆ្នោតឃុំ-សង្កាត់ ឈានចូលមកដល់ក្នុងខែមិថុនា​។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបន្តថា៖ «ពេលខ្លះ ខ្ញុំមិនចង់មើលនោះទេ ប៉ុន្តែចៀសមិនរួច ដោយខ្ញុំត្រូវតែពិនិត្យលើករណីទាំងនោះ។ រូបភាពទាំងអស់នោះពិតជាសាហាវខ្លាំងណាស់ ហើយករណីទាំងនេះក៏កំពុងតែត្រូវបានផ្សព្វផ្សាយដល់ពិភពលោកទាំងមូលផងដែរ ថាកម្ពុជាមិនល្អ ដោយមានការលួច ឆក់ ប្លន់ ចាប់ជំរិត គំរាមគំហែង និងហិង្សាគ្រប់កន្លែង។ វា​មិនប៉ះពាល់ត្រឹមតែ​កេរ្តិ៍ឈ្មោះ​របស់ខេត្ត​ព្រះ​សីហនុតែមួយប៉ុណ្ណោះ​ទេ»។

ប្រមាណ១ខែក្រោយមក ពោល គឺនៅខែមេសា លោក ស ខេង ​អះអាងវិញថា បទល្មើស​ផ្សេងៗក្នុងខេត្តព្រះសីហនុ ហាក់ស្ងប់ស្ងាត់​ បន្ទាប់ពីលោកបានអំពាវនាវឱ្យមានការបង្ក្រាបបទល្មើសនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ប៉ុន្តែលោកមិនច្បាស់ទេថា តើការស្ងប់ស្ងាត់បទល្មើសនោះដោយសារគ្មានបទល្មើសពិតមែន ឬដោយសារ​ការធ្វើរបាយការណ៍ភូតកុហក់លោក?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ