មេ​ធា​វី​ក​ញ្ញា​ ​​សេង​​ ​ធា​រី​ ​គ្រោង​ស្នើ​ក្រសួង​មហា​ផ្ទៃ​ចួប​កូន​ក្ដី ​ក្រោយ​​​បញ្ជូន​​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេ​ធា​វីការពា​រក្តី​ឱ្យ ក​ញ្ញា ​សេង​ ធា​រី អះអា​ងថា រូបលោកនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើ​សុំ​ចួប​កូន​ក្ដី​របស់​ខ្លួន ដោយបារម្ភខ្លាចមន្ត្រីពន្ធនាគារខេត្តព្រះវិហារ មិនអនុញ្ញាតឱ្យចូលចួបកូនក្ដីជាថ្មីទៀត បន្ទាប់ពីលោកខកខានចួបកូនក្តីម្តងរួចមកហើយ នៅពេល​​ឃុំខ្លួននៅពន្ធនាគារព្រៃស។

ការអះអាងរបសមេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី នេះ បន្ទាប់ពីសមត្ថកិច្ចរាជធានីភ្នំពេញបានបញ្ជូនកញ្ញា ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយមិនបានប្រាប់ពីមូលហេតុទៅកាន់មេធាវីការពារសិទ្ធិឱ្យកញ្ញាឡើយ។

មេ​ធា​វីការពា​រក្តី​ឱ្យក​ញ្ញា ​សេង​ ធា​រី គឺ លោក ជូង ជូងី ប្រាប់វីអូឌីនៅថ្ងៃសៅរ៍ថា  មូលហេតុដែលលោកគ្រោងដាក់លិខិតទៅក្រសួងមហាផ្ទៃនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដោយបារម្ភខ្លាចមន្ត្រីពន្ធនាគារខេត្តព្រះវិហារមិនអនុញ្ញាតឱ្យលោកចូលចួបកូនក្ដី នៅពេលដែលលោកទៅដល់ពន្ធនាគារខេត្តព្រះវិហារនោះ។

លោកថា៖«យើងអត់ទុកចិត្តពន្ធនាគារទេ  ជួនកាលគាត់អារម្មណ៍អត់ល្អ គាត់ខ្លាចថ្នាក់លើរបស់គាត់! គាត់មិនឱ្យចួបស្រេចចិត្តគាត់ ។ អ៊ីចឹងចង់ឱ្យមានភាពជាក់លាក់ពីប្រធាននាយកដ្ឋាន​ពន្ធនាគារសិទ្ធិ ថា តើគាត់ឱ្យជួប ឬមិនឱ្យចួប​ ហើយបើគាត់ឱ្យចួបត្រូវមានលិខិតពីគាត់ទៅ ព្រោះជូនកាលពេលទៅដល់អត់ឱ្យចួប។ អាហ្នឹងខកជើងដូចខ្ញុំទៅ(ម២)អ៊ីចឹង​ គាត់មិនឱ្យចួបស្រេចចិត្តគាត់។ ដល់អ៊ីចឹងយើងធ្វើដំណើររាប់រយគីឡូត្រូវខកជើង»។

លោក ជូង ជូងី បន្តថា ការបញ្ជូនកូនក្ដីទៅឃុំនៅពន្ធនាគារចម្ងាយជាង ៣០០ គីឡូម៉ែត្រ មិនមែនជាការអនុញ្ញាតច្បាប់ទេ ប៉ុន្តែជាការអនុវត្តទៅតាមបទបញ្ជា ដោយសារតុលាការរាជធានីភ្នំពេញ ជាអ្នកកាត់ទោស។ ដូច្នេះ ត្រូវឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ  តែបែរជាសមត្ថកិច្ចបញ្ជូនកូនក្ដីទៅឃុំនៅខេត្តព្រះវិហារវិញ។

លោកបញ្ជាក់ថា  ការបញ្ជូនទៅកូនក្ដីទៅឃុំនៅពន្ធនាគារឆ្ងាយ នឹងធ្វើឱ្យកញ្ញា សេង ធារី ឯកោ ធ្វើឱ្យសាច់ញាតិពិបាកផ្គត់ផ្គង់អាហារ និង​ពិបាកក្នុងការផ្ដល់ប្រឹក្សាផ្នែកច្បាប់ដល់កូនក្ដីផងដែរ។ លោកជូង ជូងី ចាត់ទុកការករណីនេះ ជាការបំពានសិទ្ធិ កញ្ញា សេង ធារី  ដោយសារ កូនក្ដីរបស់លោកនៅតែជាមនុស្សស្អាតស្អំ កាលណាមិនទាន់សា​លក្រមសា្ថពរពីតុលាការនោះ។ 

យ៉ាងណាក៏ដោយ នៅថ្ងៃសៅរ៍នេះ វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយករដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សវនា បានទេ។

​កាលពីថ្ងៃសុក្រ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី  គឺ លោក ជូង ជូងឺ អះអាងថា មកទល់ពេលនេះ លោកនៅមិនទាន់បានចួបកូនក្ដីនៅឡើយទេ ព្រោះមន្ត្រីពន្ធនាគារបានរារាំងមិនឱ្យលោកចូលចួបកូនក្ដីទាំងមិនប្រាប់ហេតុផល ខណៈមេធាវីរូបនេះចាត់ទុកការរារាំងខាងលើថា ខុសពីច្បាប់កំណត់ ប៉ះពាល់សិទ្ធិការពារក្តី ក៏ដូចជារំលោភសិទ្ធិមានមេធាវីរបស់ជនត្រូវចោទ។

​អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ទទួលស្គាល់ថា មន្ត្រីពន្ធនាគារពិតជាមិនអនុញ្ញាតឱ្យមានការចូលចួបជនជាប់ឃុំឈ្មោះ សេង ធារី ប្រាកដមែន។ យ៉ាងណា លោកថា មូលហេតុមន្ត្រីពន្ធនាគារហាមមេធាវីមិនឱ្យចូលចួបកញ្ញា សេង ធារី ក្នុងពន្ធនាគារព្រៃស ដោយសារបញ្ហាសន្តិសុខ និងក្តាប់បានព័ត៌មានថា នឹងមានការត្រៀមធ្វើបាតុកម្មនៅមុខពន្ធនាគារ។

កញ្ញា សេង ធារី មេធាវីអាមេរិក ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃស (ម២) ភ្លាមៗ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមផ្តន្ទាទោសគាត់ដាក់ពន្ធនាគារ៦ឆ្នាំ ចោទពីបទ «រួមគំនិតក្បត់ និងញុះញង់»។

ការចោទប្រកាន់នេះ តុលាការសម្អាងថា កញ្ញា សេង ធារី បានបង្ហោះសារលើបណ្ដាញសង្គមគាំទ្រគ​ម្រោ​ងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង កាលពីអំឡុងឆ្នាំ២០១៩។

ក្រោយ​តុលាការ​ផ្ដន្ទាទោស​កញ្ញា សេង ធារី និង​អ្នកនយោបាយ​ប្រឆាំង ប្រមាណ៦០ នាក់នោះ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ​ជំរុញ​រដ្ឋាភិបាល​គោរព​សេរីភាព​បញ្ចេញមតិ និងការប្រមូលផ្ដុំ ខណៈស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាត់ទុកសាលក្រមកាត់ទោសកញ្ញា សេង ធារី និងក្រុមបក្សប្រឆាំងផ្សេងទៀត ជារឿងអយុត្តិធម៌។  ស្ថានទូតបញ្ជាក់ថា សេរីភាពក្នុងការបញ្ចេញមតិ ការចងក្រងគ្នាជាក្រុម និងការអត់ឱនចំពោះទស្សនៈផ្ទុយ គឺជាផ្នែកដ៏សំខាន់បំផុតនៃលទ្ធិប្រជាធិបតេយ្យ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក ស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីសាលក្រមដ៏អយុត្តិធម៌នេះ ស្របពេលដែលអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អះអាងថា ស្ថាប័នអន្តរជាតិមួយនេះកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការកាត់ទោសទ្រង់ទ្រាយធំនេះ ដើម្បីធានាការកាត់ក្ដីប្រព្រឹត្តទៅដោយយុត្តិធម៌និងស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ