ក្រសួង​រក​ឃើញ​ថា​​​១០​ឆ្នាំ​ចុង​ក្រោយ​ចំនួន​សត្វ​ត្មាត​​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​​

វត្តមានសត្វត្មាតភ្លើង៧ក្បាល ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការWWF ប្រទះឃើញនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអះអាងថា ក្រុមអ្នកអភិរក្សបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សសត្វត្មាតកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ស្របពេលក្រសួងរកឃើញថា រយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយចំនួនសត្វត្មាត៣ប្រភេទនៅកម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាននៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃសុក្រ ​បានអះអាងថា  ក្រុមការងារអភិរក្សសត្វកម្ពុជា បានចាប់ផ្តើមដំណើរការជំរឿនសត្វត្មាតប្រចាំឆ្នាំរបស់ខ្លួន ស្ថិតក្នុងក្របខណ្ឌនៃការធ្វើជំរឿនប្រចាំឆ្នាំចំនួន ៥ដង ដើម្បីតាមដានលើទិន្នន័យវត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្តក្នុងការការពារ ថែរក្សានិងអភិរក្សប្រភេទសត្វស្លាបកម្រនេះ​។

ក្រសួងបញ្ជាក់ថា ទីតាំងជំរឿនចំនួន ៤កន្លែងត្រូវបានបើកក្នុងពេលដំណាលគ្នានាកាលពីថ្ងៃសុក្រនោះ ​ ទី១​ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ ទី២ ដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង ទី៣ ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និងទី៤ ដែនជម្រកសត្វព្រៃស្រែពក នៅក្នុងខេត្តមណ្ឌលគិរី។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងក្នុងសេចក្តីប្រកាសនោះថា ​ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះ គឺដើម្បីដឹងពីការវិវត្តនៃចំនួនសត្វត្មាតនៅកម្ពុជាដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ ចុះវិធានការផ្សេងៗក្នុងបំណងការពារឱ្យបាននូវប្រភេទសត្វដ៏កម្រនេះ។

លោកបានអះអាងថា ​ ទិន្នន័យជំរឿនសត្វត្មាតកាលពីឆ្នាំ២០២១ កន្លងទៅបង្ហាញថា សត្វត្មាត​ ៣ប្រភេទដែល​មាននៅ​​កម្ពុជា រួមមាន ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតកសផេះ មាន​វត្តមាន​សរុប​ចំនួន ១២១ ​ក្បាល នៅក្នុង​អាហារដ្ឋាន​ត្មាតចំនួន​ ៤ កន្លែង​នៅ​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​ក្នុង​នោះ​មាន​ត្មាតភ្លើង ២០ ​ក្បាល​ត្មាតផេះ ៦៦ ​ក្បាល និង​ត្មាត​ត្នោត​ ៣៥​ក្បាល។ ​

ដោយឡែក លោកថា លទ្ធផល​នៃ​ការរាប់​ចំនួន​សត្វ​ត្មាតដោយ​អាហារដ្ឋាន​ត្មាត នៅ​ដែនជម្រក​សត្វព្រៃសម្បូណ៌​នៃ​តំបន់ទេសភាព​ព្រៃ​លិចទឹក​មេគង្គកាលពីឆ្នាំ២០២១ កន្លងទៅមានចំនួន ៤១ ក្បាល និងបាន​បង្ហាញថា ចំនួន​សត្វត្មាត​សរុប​ទាំង ៣ប្រភេទ​បញ្ចូល​គ្នា ​បាន​កើនឡើងទ្វេដងសម្រាប់​តំបន់​នេះ​ពោលគឺ​ពី​ចំនួន​ ២០ ​ក្បាល​ដល់​ចំនួន ៤១ ​ក្បាល​សម្រាប់​ចន្លោះ​ចុងខែមិថុនា​ ដល់​ចុងខែ​សីហា​ឆ្នាំ​ ២០២១​ កន្លងទៅ។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានលើកឡើងថា ​កម្ពុជា ​គឺជា​ក្តីសង្ឃឹម​ចុងក្រោយសម្រាប់​ប្រភេទ​សត្វត្មាត​ទាំងនេះនៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍ ប៉ុន្តែ​ចំនួន​សត្វត្មាតទាំងនេះ​បាន​ធ្លាក់ចុះ​ពាក់កណ្តាល​ក្នុង​រយៈពេល​ ១០ឆ្នាំ​កន្លងមក​។ ជាមួយគ្នានេះ លោកថា ដើម្បីការពារនិងអភិរក្សសត្វត្មាតឱ្យបានគង់វង្ស សកម្មភាព​សិក្សា​ស្រាវជ្រាវ​ និង​អភិរក្ស​សត្វត្មាត​នៅ​ប្រទេស​កម្ពុជា​ បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​ ២០០៤ ដែល​នៅពេល​នោះ​ចំនួន​សត្វ​ត្មាត​ដែល​បាន​កត់ត្រា​ពេលធ្វើ​ជំរឿន មាន​ចំនួន​ ១៦២​ក្បាល ដែលជា​ទិន្នន័យ​​​ជំរឿន​លើកដំបូង​។

រីឯទិន្នន័យធ្វើ​ជំរឿន​ឆ្នាំ​២០១០ ​ចំនួន​សត្វត្មាត​បាន​កើន​ដល់ ២៨៩​ក្បាល​។ ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ ២០១១ ដល់ ២០១៤ ចំនួន​សត្វត្មាត​មាន​ការថយចុះ​គួរឱ្យ​បារម្ភ​។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានដដែលបញ្ជាក់ថា ចាប់ពី​ពាក់កណ្តាល ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ន ចំនួន​សត្វត្មាត​ទាំង ៣ប្រភេទ​មាន​ចន្លោះ​ពី ១២០ ទៅ​ ១៤០​ក្បាលប៉ុណ្ណោះ​។ ដោយឡែក ​ចំនួន​សម្បុក​ដែល​បាន​រកឃើញ​ និង​ការពារ​ក៏មាន​ការធ្លាក់ចុះ​ពី ២៧សម្បុក នៅក្នុង​ឆ្នាំ​ ២០១៥ មក​សល់​ត្រឹម​ ១៤សម្បុក​ក្នុង​ឆ្នាំ​ ២០២១​។

ប្រភពដដែលបានស្រង់ប្រសាសន៍អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF លោក អៀម សំអ៊ន់ បានថ្លែងថា ជំរឿនសត្វត្មាតប្រចាំឆ្នាំគឺធ្វើឡើងចំនួន ៥ដង គឺក្នុងខែមីនា ខែមិថុនា ខែកញ្ញា និងខែធ្នូ។ សម្រាប់ ខែមិថុនាត្រូវធ្វើជំរឿន ២ដង ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ដោយសារតែជារដូវពងកូន និងញាស់របស់សត្វត្មាតគឺនៅអំឡុងខែមេសា និងខែឧសភា។

លោក អៀម សំអ៊ន់ បានកត់សម្គាល់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសត្វត្មាតមានចំនួនថេរ និងមិនទាន់មានសញ្ញានៃការកើនឡើងច្រើននៅឡើយ ហើយសកម្មភាពនៃការអភិរក្សសត្វត្មាតនេះត្រូវបន្តដើម្បីការពារប្រភេទសត្វស្លាបកម្រនេះឱ្យបាន។ លោកបន្តថា មានបញ្ហាប្រឈមជាច្រើនក្នុងការអភិរក្សសត្វត្មាត ក្នុងនោះកត្តាចំណីអាហារដែលបច្ចុប្បន្នមានការកាត់បន្ថយដោយសារតែចំនួនសត្វព្រៃ និងសត្វស្រុកដែលស្លាប់ក្នុងព្រៃកាន់តែថយ ដែលតម្រូវឱ្យក្រុមការងារអភិរក្សត្រូវផ្តល់ចំណីបន្ថែមជាប្រចាំខែ។

ក្រសួងបរិស្ថានឱ្យដឹងថា សត្វត្មាតទាំង ៣ប្រភេទនេះ សុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការ IUCN៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ