កូដករ​​ណាហ្គា​​ដាក់ញត្តិ​​រក​​កិច្ច​​អន្តរាគមន៍​​ពី​​នាយករដ្ឋមន្ត្រី និងរដ្ឋសភា ដោះស្រាយ​​វិវាទ​​ការងារ

ក្រុមអាជ្ញាធររារាំងកូដករណាហ្គាវើលដ៍ក្នុងការយកញត្តិទៅដាក់នៅរដ្ឋសភា ស្នើសុំកិច្ចអន្តរាគមន៍លើវិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករណាហ្គា​វើលដ៍ជាង១០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានប្រមូលផ្តុំគ្នា​ដាក់ញត្តិនៅខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីស្នើ​ដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នមួយនេះ​ ជួយ​អន្តរាគមន៍រកដំណោះស្រាយ​វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍​ ដែលអូសបន្លាយជាង១ឆ្នាំមក​ហើយ​។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានលើកឡើងថា រយៈពេលជាង៦ខែមក​​ហើយដែល​កូដករណាហ្គា​វើលដ៍បានធ្វើកូដកម្មតវ៉ាទាមទាររកដំណោះស្រាយវិវាទការងារ ក្រោយ​ថៅកែ​បាន​បញ្ឈប់​ពួកគេ​ពី​ការងារដោយ​​​អយុត្តិ​ធម៌ និង​​មិនអនុលោមតាម​ច្បាប់។

ជាមួយគ្នានេះដែរ កញ្ញាថា ការជួប​ចរចាចំនួន១១ដងរវាង​តំណាង​កូដករ តំណាងសហជីព និង​តំណាងក្រុមហ៊ុន ក្រោមការ​សម្រប​សម្រួល​របស់​ក្រសួងការងារ ពុំ​មានលទ្ធផល​ជាផ្លែផ្កានោះទេ ទើបពួកគេ​សម្រេចចិត្តដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា។

បើតាមកញ្ញា ឈឹម ស៊ីថរ ក្រុមកូដករស្នើ​​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋសភា ជួយ​អន្តរាគមន៍ដោះស្រាយវិវាទការងារចំនួន៣ចំណុច ក្នុងនោះ ស្នើ​ឱ្យជួយជំរុញទៅក្រុមហ៊ុនទទួលយ​កកូដករដែលនៅសេស​សល់​ប្រមាណ២០០នាក់ចូលធ្វើការ​វិញ និង​ទូទាត់សំណង​​ឱ្យ​បាន​ត្រឹម​ត្រូវតាមផ្លូវច្បាប់ ព្រមទាំងស្នើសុំឱ្យមានការទម្លាក់បទចោទទៅលើ​ថ្នាក់ដឹកនាំនិង​សមាជិកសហជីពទាំង១៥នាក់វិញ។

ក្នុងអំឡុងពេលដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី មុខវត្តបទុមវតី ក្នុងខណ្ឌចំការ​មន​ រាជធានីភ្នំពេញ​នោះ ក្រុមសមត្ថកិច្ច និង​ប្រជាការពារជាច្រើននាក់ ក៏បានតាមឃ្លាំមើលពួកគេផងដែរ។

ក្រោយ​មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីទទួលយកញត្តិរបស់ពួកគាត់ហើយ ក្រុមកូដករណាហ្គាវើលដ៍ក៏បានបន្តដើរទៅដាក់ញត្តិនៅរដ្ឋសភាបន្តទៀត ប៉ុន្តែត្រូវបានក្រុម​សមត្ថកិច្ចរារាំង។

មន្ត្រីសមត្ថកិច្ច​មួយរូបដែលមិនបានបញ្ជាក់ឈ្មោះ បានប្រាប់កូដករថា សមត្ថកិច្ចមិនអនុញ្ញាតឱ្យកូដករ​ទាំងជាង១០០នាក់នោះ​ដើរទៅរដ្ឋសភានោះទេ ដោយ​សារប៉ះពាល់ដល់សណ្តាប់​ធ្នាប់សាធារណៈ។ មន្ត្រីរូបនោះស្នើសុំត្រឹម​តំណាង​កូដករត្រឹម​១០នាក់ប៉ុណ្ណោះទៅដាក់ញត្តិនៅរដ្ឋសភា ឬឱ្យខាងតំណាងរដ្ឋសភា មកទទួលយកញត្តិពួកគាត់នៅសួនច្បារមុខវត្តបទុមវតី​វិញ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបានកើតឡើងអស់រយៈ​ពេល​ជាង១ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន​១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូ​វីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ