បេក្ខភាព​ចៅសង្កាត់​រង​ទី២​របស់​គណបក្ស​ភ្លើងទៀន​នៅ​សង្កាត់​ច្បារអំពៅ ត្រូវ​បាន​លុបឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​ក្រសួង​សុខាភិបាល

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

បេក្ខភាពចៅសង្កាត់រងទី២របស់គណបក្សភ្លើងទៀននៅសង្កាត់ច្បារអំពៅ ត្រូវបានក្រសួងសុខាភិបាលលុបឈ្មោះចេញពីក្របខណ្ឌរបស់ក្រសួង។

សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែមិថុនានេះ ឱ្យដឹងថា លោក កែវ សុមុនី ដែលមានជំនាញបរិញ្ញាបត្រគិលានុបដ្ឋាក ហើយកំពុងបម្រើការនៅក្នុង​​នាយកដ្ឋានសុខភាព​​ផ្លូវ​​ចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ត្រូវបានក្រសួងលុបឈ្មោះចេញពីក្របខណ្ឌចាប់​ពីថ្ងៃទី១៤ ខែមិថុនា ត​ទៅ​​​។

បើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺស្នើឱ្យស្ថាប័នពាក់ព័ន្ធនិងសាម៉ីខ្លួនត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាព។

លោក កែវ សុមុនី បានអះអាងថា ការដែលក្រសួងសុខាភិបាលសម្រេចលុបឈ្មោះលោកចេញពីក្របខណ្ឌសុខាភិបាលនេះ ក្រោយពីលោកមកឈរជាបេក្ខភាពចៅសង្កាត់រងទី២របស់គណបក្សភ្លើងទៀន នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក មុនី បានអះអាងទៀតថា ការដែលលោកទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀននេះបានដាក់ច្បាប់ពិសេសត្រឹមត្រូវពីប្រធានអង្គភាព។

មួយវិញទៀត លោកថា ការលុបឈ្មោះលោកចេញពីក្របខណ្ឌរដ្ឋនេះ នាយកដ្ឋានរបស់លោកមិនបានហៅលោកទៅណែនាំឬព្រមានជាលាយលក្ខណ៍អក្សរផ្នែករដ្ឋបាលម្តងណាទេ ដែលការណ៍នេះ លោកចាត់ទុកចំណាត់ការនេះថាជាការរើសអើងនយោបាយ។

លោកថា៖ «អ៊ីចឹងខ្ញុំគិតថា នេះជាការរើសអើងនយោបាយមួយរយភាគរយហ្មង»។

យ៉ាងណា លោកថា នឹងប្តឹងតវ៉ាករណីនេះទៅក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាល សើរើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនេះឡើងវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ