កម្មករបម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ ករណីថៅកែបិទរោងចក្រដោយមិនបានបើកប្រាក់ឈ្នួលនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេតាមផ្លូវច្បាប់។
ការស្នើនេះតាមរយៈការដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីពីសំណាក់ក្រុមកម្មករ-កម្មការិនីជិត១០០នាក់ដែលធ្វើការនៅរោងចក្រ ឃែនធើរេន នៅថ្ងៃអង្គារនេះ ក្រោយពីវិវាទការងារដែលបានអូសបន្លាយជាង២ខែមកនេះគ្មានដំណោះស្រាយពីក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ។
អ្នកស្រី ឃុន សាវិន វ័យ៦០ឆ្នាំ ដែលបម្រើការងារនៅរោងចក្រ ឃែនធើរេន អស់រយៈពេល១៤ឆ្នាំ បានប្រាប់វីអូឌីនៅកន្លែងតវ៉ាថា ក្រុមកម្មករបានតវ៉ា និងដេកយាមមុខរោងចក្រជាង២ខែមកហើយ ហើយធ្លាប់បានដាក់បណ្តឹងទៅអាជ្ញាធរខណ្ឌ ក្រសួងការងារ ស្ថានទូតអាមេរិក និងស្ថានទូតម៉ាឡេស៊ី ដើម្បីសុំអន្តរាគមន៍ជួយជំរុញឱ្យមានដំណោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានចំណាត់ការ និងដំណោះស្រាយណាមួយសម្រាប់កម្មករនៅឡើយ។
កម្មការិនីរូបនេះនិយាយទាំងទឹកភ្នែកថា ការពន្យារពេលមិនដោះស្រាយនេះបានធ្វើឱ្យកម្មករជួបទុក្ខលំបាកខ្លាំងលើការចំណាយប្រចាំថ្ងៃ ខណៈគ្មានចំណូល និងគ្មានលុយសម្រាប់បង់សងបំណុលធនាគារ ជាដើម។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំជាស្ត្រីមេម៉ាយទេ បានខ្ចីលុយទិញម៉ូតូឱ្យកូនជិះទៅធ្វើការ។ កូនខ្ញុំសុខចិត្តឈប់រៀនដើម្បីជួយធ្វើការ ជួយម្តាយ ឥលូវអត់មានការងារធ្វើទេ។ ឥលូវអត់មានអង្ករច្រកឆ្នាំងទេ អត់លុយបង់ធនាគារ ខ្ញុំត្រូវដើរស៊ីឈ្នួលបោកខោអាវឱ្យគេ លាងចានឱ្យគេ តាំងពីថៅកែរត់ចោលមក»។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានទទួលញត្តិពីក្រុមកម្មករ ហើយលោកបានសន្យាថានឹងបញ្ជូនញតិ្តនោះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំរុញទៅក្រសួងការងារឱ្យស្វះស្វែងរកដំណោះស្រាយជូនកម្មករ។
ក្នុងញត្តិរបស់កម្មករដាក់ជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រោងចក្រ ឃែនធើរេន បានបើកដំណើរការតាំងពីឆ្នាំ១៩៩៧ ដែលមានថៅកែធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី ហើយនាយកក្រុមហ៊ុនឈ្មោះ CHHOONG WEI PIAU និងបានជំពាក់បំណុលកម្មករចំនួន៣២០នាក់។
ញត្តិដដែលបន្តថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ថ្នាក់ដឹកនាំរោងចក្របានលួចដឹកសម្ភារចេញ ដូចជា ម៉ាស៊ីនភ្លើង ម៉ាស៊ីនដេរថ្មីៗ និងក្រណាត់ ជាដើម ផ្ទេរទៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ខ្វលលីធី តេក្សស្ទីល ជាក្រុមហ៊ុនមានថៅកែតែមួយជាមួយក្រុមហ៊ុន ឃែនធើរេន ដែរ។
ញត្តិនោះបន្តទៀតថា ខណៈដែលសម្ភារនិងក្រណាត់ត្រូវបានបញ្ជូនទៅក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ខ្វលលីធី និងបញ្ជូនក្រុមហ៊ុនម៉ៅការបន្តមួយចំនួនទៀត បែរជាមិនផ្តល់ការងារដល់កម្មកររោងចក្រ ឃែនធើរេន ធ្វើទៅវិញ។
ប្រភពដដែលបន្ថែមថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រុមហ៊ុនរហូតដល់មន្ត្រីរដ្ឋបាលរោងចក្របានដាក់ពាក្យលាឈប់ពីការងារ ដោយពុំមានអ្នកទទួលខុសត្រូវក្នុងការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករស្របតាមច្បាប់ស្តីពីការងារឡើយ ខណៈអាគាររោងចក្រក៏ត្រូវបានបិទទ្វារទាំងស្រុង។
បើតាមញត្តិ ការសម្របសម្រួលរកដំណោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធកន្លងមក គឺគ្មានអ្វីក្រៅពីបង្ខំឱ្យកម្មករលក់សម្ភារឡាយឡុងដែលនៅសេសសល់បន្តិចបន្តួចនៅក្នុងរោងចក្រ ដើម្បីយកលុយទូទាត់សំណងជូនកម្មករនោះទេ។
សូមបញ្ជាក់ថា ក្រៅពីដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រុមកម្មករក៏បាននាំគ្នាទៅដាក់ញត្តិបន្ថែមនៅក្រសួងការងារផងដែរ ដើម្បីជំរុញឱ្យមានដំណោះស្រាយវិវាទការងារឱ្យកាន់តែឆាប់។
ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា មានប្រសាសន៍ថា កម្មករបានយកឯកសារ ភស្តុតាងបន្ថែម ទៅដាក់នៅក្រសួងការងារ ដើម្បីបញ្ជាក់ថា រោងចក្រ ឃែនធើរេន និងរោងចក្រ ខ្វលលីធី តេក្សស្ទីល មានថៅកែជាជនជាតិម៉ាឡេស៊ីតែមួយ។
អ្នកស្រីបន្ថែមថា៖ «ទី១ យើងមានឯកសារដឹកម៉ាស៊ីនចេញពីរោងចក្រ ឃែនធើរេន ចូលទៅរោងចក្រ ខ្វលលីធី និងទី២ ដឹកក្រណាត់ចេញ។ ហើយខ្ញុំសំណូមពរដល់ប្រមុខរដ្ឋាភិបាល និងក្រសួង ជួយជំរុញរឿងរបស់ពួកខ្ញុំឱ្យមានដំណោះស្រាយ ព្រោះពួកខ្ញុំកំពុងជួបទុក្ខលំបាកខ្លាំងណាស់ រស់នៅក្រោមតង់ហាលភ្លៀង ក្រោមកម្តៅថ្ងៃ ហើយក្រសួងគេសន្យាជួយជំរុញរឿងរបស់ពួកយើងឱ្យបានលឿន»។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលឃ្លាំមើលការដាក់ញត្តិរបស់ក្រុមកម្មករនេះ មានប្រសាសន៍ថា ថៅកែរោងចក្រ ឃែនធើរេន មិនទាន់រត់ចេញពីកម្ពុជានៅឡើយទេ ដោយលាក់ខ្លួននៅរោងចក្រសាខាផ្សេងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអាជ្ញាធរកម្ពុជាមិនបានចាប់ថៅកែរូបនោះមកទទួលខុសត្រូវលើប្រាក់សំណងរបស់កម្មករឡើយ។
លោកបន្តថា ករណីអាជ្ញាធរសម្របសម្រួលឱ្យកម្មករលក់សម្ភារឡាយឡុង ដើម្បីយកលុយចែកកម្មករនោះ គឺតំណាងសហជីពមិនអាចធ្វើបានឡើយ ដោយសារសម្ភារក្នុងរោងចក្រនៅសល់តិចតួច មិនអាចលក់ទូទាត់សំណងជូនកម្មករគ្រប់គ្រាន់។ លោកថា ថៅកែរោងចក្រមានចេតនាគេចវេះពីការទទួលខុសត្រូវលើការទូទាត់តាមផ្លូវច្បាប់ និងកេងប្រវ័ញ្ចកម្លាំងញើសឈាមកម្មករ។
លោកបន្ថែមថា៖ «និយោជកដែលកម្មករថាកំពុងធ្វើកាងារនៅរោងចក្រសាខាផ្សេងនោះ ត្រូវចេញមុខមកទទួលខុសត្រូវ ហើយក្រសួងការងារត្រូវចាត់វិធានការ ដោយហៅនិយោជករូបនោះមកទទួលខុសត្រូវលើសំណងរបស់កម្មករ មិនត្រូវបណ្ដែតបណ្ដោយ ធ្វើមិនដឹងមិនឮនោះទេ។ កាលណាក្រសួងធ្វើមិនដឹងមិនឮបែបហ្នឹង ថ្ងៃក្រោយ បញ្ហាថៅកែរោងចក្របិទទ្វាររត់ចោលកម្មករនឹងកើតឡើងដដែល ដោយសារគេឃើញយុទ្ធសាស្ត្រហ្នឹងវាជោគជ័យ ព្រោះស្ថាប័នហ្នឹងអត់មានវិធានការអីទៅលើនិយោជកហ្នឹង ហើយកម្មករខ្មែរនឹងបន្តរងទុក្ខ ប្រសិនបើមិនមានវិធានការណាមួយច្បាស់លាស់ទេ»។
អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ នៅតែមិនទាន់អាចបញ្ជាក់បាន ថាតើថៅកែរោងចក្រ ឃែនធើរេន បិទទ្វាររត់ចោលកម្មករឬយ៉ាងណានោះទេ ប៉ុន្តែលោកថា ក្រសួងការងារនៅតែបន្តសម្របសម្រួលរកដំណោះស្រាយ ដើម្បីបញ្ចប់វិវាទការងារនៅរោងចក្រមួយនេះ។
លោកបន្ថែមថា៖ «ចាំមើលចំណាររបស់ឯកឧត្តមរដ្ឋមន្ត្រីធ្លាក់មក យើងនឹងកោះអញ្ជើញបងប្អូនកម្មករមកប្រជុំរកដំណោះស្រាយបន្តទៀត។ វាធម្មតាទេ កន្លែងនីមួយៗ តែកាលណាថៅកែ កាលណាតែនិយោជកគាត់មិននៅ គឺយើងជួបការលំបាកបន្តិចក្នុងការដោះស្រាយ វាអាចត្រូវការពេលវេលាយូរបន្តិចក្នុងការដោះស្រាយ ប៉ុន្តែយើងនឹងខិតខំសម្របសម្រួលដោះស្រាយជូនបងប្អូនកម្មករយើង»។
បើតាមសហជីព ថៅកែរោងចក្រ ឃែនធើរេន នៅជំពាក់ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់ ដែលតាមការគណនាបឋមមានទឹកប្រាក់សរុបខ្ទង់៧០ម៉ឺនទៅ៨០ម៉ឺនដុល្លារ៕






