អ្នកជំនាញថា សេរីភាព​ខាង​នយោបាយ​រង​ការយាយី​អំឡុង​ពេល​បោះឆ្នោត ខណៈ​លោក សុន ឆ័យ ជាប់បណ្ដឹង

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហគមន៍អន្តរជាតិ និងអ្នកជំនាញកិច្ចការបោះឆ្នោត ចាត់​ទុក​បណ្ដឹង​ប្រឆាំង​មន្រ្តី​ជាន់​ខ្ពស់​គ​​​ណ​​បក្ស​​​​ភ្លើង​​​​​ទៀនដែល​រិះគន់​ពី​ដំណើរ​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កា​ល​​​ពី​ពេល​​​​ថ្មីៗនេះ ថា​​​​​ជា​​ដំណើរការ​ដើរថយក្រោយនៃ​លំហសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ថា​​ស្ថាន​​ភាពនេះជាការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​​រឹ​ត​​​ត្បិត​ខាង​នយោបាយ​កាន់តែធ្ងន់​​ធ្ងរ​​ទៅ​​ៗ​​។

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) លោក រ៉ុង ឈុន នៅថ្ងៃ​អង្គារនេះ បាន​ចេញ​ប្រតិកម្ម​ជាលើកដំបូងរបស់ខ្លួន ក្រោយពីទទួល​​​បាន​​​ព័ត៌​មានថា​ស្ថាប័ន​ជាតិ​ដែល​​ជា​អា​ជ្ញាធរ​កណ្តាល​ក្នុងការរៀបចំការបោះឆ្នោតនេះ ចាប់ផ្តើម​​​ប្តឹ​ង​លោក សុន ឆ័យ ដែល​ជា​អនុប្រធានគណបក្សភ្លើងទៀន។ លោក​បន្តថា ការប្រើប្រាស់តួនាទី​ក្នុងនាមជាស្ថាប័នអព្យា​ក្រឹត្យ ហើយប្តឹងប្រឆាំង​ភាគីដែលជាគូប្រកួតជាមួយដៃគូគណបក្សនយោបាយផ្សេងទៀត ជាការ​​បង្ហាញឱ្យ​​ឃើញ​​​ពីភាពលម្អៀង​នៃការអនុវត្តតួនាទីនិង​ភារកិច្ចក្នុងឋានៈជាស្ថាប័នរៀបចំការបោះឆ្នោត។

លោកថា៖ «តាមពិតទៅ ​ក្នុងនាម គ.ជ.ប ជាអាជ្ញាធរកណ្ដាល! ហើយយើងដឹងហើយ ជាអាជ្ញា​​​កណ្តា​​ល ​​ក្នុង​​​ខ្លួន​ដែល​ថា​ជា​អ្នក​ឯករាជ្យហើយ គឺថាមិនត្រូវប្តឹងផ្តល់នោះទេ ប្រសិនបើ​​ឃើញអ្នកន​​​យោ​​​​បាយ ឬក៏គណ​​បក្ស​​ណាមួយ​មាន​កំហុស​ឆ្គង ​គ្រាន់​​តែ​ធ្វើ​ការ​ណែនាំ ឬធ្វើការកែតម្រូវទៅ​​ចប់​​សព្វ​​គ្រប់ហើយ ក្នុងនាមយើងជា​​អា​​ជ្ញា​​កណ្តាល និងជាអ្នកឯករាជ្យ។ ​​ប្រសិន​បើជាបញ្ចេញ​​សកម្មភា​​​ពទាំ​​ងអស់នេះ គ្រាន់​តែឃើញសកម្ម​​ភាព​​គ​​​ណ​បក្ស​កាន់​អំណាច​ប្តឹ​​​ង បន្ទាប់មកខ្លួន​​​ឯងប្រើ​ប្រា​​ស់​​បណ្តឹងប្រឆាំងបក្សដែលនៅក្រៅរដ្ឋាភិបាលដែរ ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​ថា គ.ជ.​ប ខ្លួនឯងហ្នឹងមិន​មាន​​​​​​ភាព​ឯករាជ្យ​អី​ទេ»។

បើតាមលោក រ៉ុង ឈុន ប្រសិន​បើ​ចង់​ឱ្យ​ស្ថាប័ន​ជាតិរៀបចំការឆ្នោតនេះជា​អង្គ​ភាព​មាន​​ភាព​ឯក​រាជ្យ លុះត្រា​​ច្បាប់​​មួយចំនួនត្រូវកែលម្អឬលុបចេញ ដូច​ជា​មាត្រា​៦​ថ្មី​ ជា​ដើម។ ក្រៅពី​នេះ លោកថា គួរធ្វើឱ្យ​​មាន​​តុល្យភាព​​អំណា​ច​នៅក្នុងស្ថាប័ននេះ តាម​រយៈ​ការ​បញ្ចូល​សមាជិក គ.ជ.ប ដូច​ដែល​ស្ថាប័ន​នេះធ្លាប់​អនុវត្ត​ម្តង​រួច​មក​ហើយ នៅ​​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់កាលពីឆ្នាំ​​២០​​១​៧​។

មាត្រា៦​ថ្មី នៃវិ​សោធន​កម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានកំណត់ថា គ្រប់គណ​​បក្ស​​នយោ​​​​បាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចជា ធ្វើឱ្យមានអបគមន៍ ដែល​នាំ​ឱ្យ​អន្ត​រាយ​​​​ដល់​ឯកភាព​ជាតិនិង​​​​បូរណភាព​ដែនដី។ ក្រៅពី​នេះ ក្នុង​កឋា​ខណ្ឌទី​​៥ នៃ​វិសោធន​កម្ម​ច្បាប់​នេះបញ្ញត្តិ​ថា មិនត្រូវ​​ញុះ​​ញង់​​​​​ដែល​អាច​នាំឱ្យមាន​ការ​បែក​បាក់​ជាតិ។

បើទោះបែប​ណា មាត្រា​៣៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល​វិញ ចែង​ថា ប្រជា​ពលរដ្ឋ​​​ខ្មែរ​​​ទាំ​​​​ង​​​ពីរ​​ភេទមានសិទ្ធិចូលរួមយ៉ាងសកម្ម​ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម​​កិច្ច និងវ​ប្ប​​ធម៌​​របស់​​​ប្រទេស​​ជាតិ​​។

យ៉ាងនេះក្តី សេចក្តីថ្លែង​ការណ៍​របស់​​អង្គ​ការ​សហ​ប្រជាជាតិ​​ប្រចាំ​កម្ពុជា​ កាល​​ពី​​ថ្ងៃ​ទី​​២០ ខែ​មិ​ថុនា បង្ហាញ​ជំហរ​ថា ថ្វីបើស្ថាប័ន​នេះ​មិន​បាន​ចូល​រួម​អង្កេត​ការណ៍​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​​ប្រឹក្សា​​ឃុំ​​​ស​​ង្កា​​ត់ ​នីតិ​កាលទី៥​នេះ ​​ដោយ​ផ្ទាល់ក៏ដោយ​ ប៉ុន្តែ​ស្ថាប័ន​​អន្តរ​​ជាតិ​​​មួយ​​នេះនៅ​តែ​តាម​​​ដាន​​ដោយ​យក​ចិត្ត​ទុក​ដាក់អំពី​ស​​ភា​​ព​​​​​ការណ៍​នៃការបោះឆ្នោតនេះ​យ៉ាងដិតដល់។ បន្ថែម​ពី​លើ​នេះ អង្គ​ការសហប្រជាជាតិត្រៀម​​​ខ្លួន​ជា​​និច្ច​ក្នុងការគាំទ្រដល់រដ្ឋាភិបាល ដើម្បីធ្វើ​​យ៉ាង​ណា​ជួយឱ្យ​​មាន​លំ​ហ​​ពល​រដ្ឋកាន់​តែ​ល្អ​ប្រសើរ​​​​ឡើង​ក្នុងស​​កម្ម​​​​ភាព​​នយោបាយ។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ ​នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់​ឃើញ​​​​ថា បញ្ហា​​​នេះ គេគួរយកច្បាប់ដែលបម្រើឱ្យការបោះឆ្នោត​មក​ដោះស្រាយ ជា​ជាង​លើក​យក​​​​​ហេតុ​​​ផលផ្សេង ដើម្បី​​បា​​ន​​​​ផលចំណេញពីខ្លឹមសារច្បាប់ ហើយ​ដាក់​បន្ទុក​លើ​ភាគី​​​​ម្ខាង​ទៀត​​។ ​លោក​​​​​បន្តថា ការប្រើប្រាស់ក្រម​​ព្រហ្ម​​ទណ្ឌ ឬ​បទ​ដ្ឋាន​គតិ​យុត្តិ​ដទៃ​ទៀត ប្រឆាំង​តួអង្គ​​ដែល​មានជាប់​​ពាក់​​ព័ន្ធ​ដំណើរការបោះឆ្នោត នឹង​នាំឱ្យ​​ច្បា​ប់​​​​​​​ស្តីពីការប្រព្រឹត្តទៅ​នៃការ​បោះ​ឆ្នោតលែង​មាន​តម្លៃ។

លោកបន្តថា៖ «ជាការអនុវត្តទាក់ទងនឹងការបោះឆ្នោត វាស្ថិតនៅក្រោមការគ្រប់​​គ្រងរបស់ច្បាប់​​​បោះ​​ឆ្នោត​។ អ៊ីចឹង​ជាទូទៅ​ ដំណើរ​ការ​នៃ​ការ​អនុ​វត្តទាក់ទងនឹងការបំពេញភាពខុសឆ្គងលក្ខន្តិកៈ ឬ​ក៏​​ភាព​ខុស​ឆ្គង​នឹង​ការ​បោះ​ឆ្នោត គេ​គួរ​តែ​អនុវត្ត​ទៅ​លើច្បាប់​បោះ​ឆ្នោត មិនអាចយកច្បាប់​​ផ្សេង​​មក​​​គ្រប​ដណ្តប់​ទេ ពីព្រោះថា​ កាល​ណា​យក​ច្បាប់​ផ្សេង​មក​គ្រប​ដណ្តប់ វាធ្វើ​​ឱ្យច្បាប់បោះ​​ឆ្នោត​​ហ្នឹង​​​មិន​មានអំណាច ហើយ​ការ​បក​ស្រាយ​ហ្នឹង​មាន​បញ្ហា​ហើយ»។

លោក កង សាវាង្ស បញ្ជាក់ទៀត​ថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតគួរ​មាន​ការ​​សម្រប​​សម្រួលជា​​ជាងប្តឹងផ្តល់​តាមនីតិវិធីច្បាប់ប្រឆាំងភាគីគណបក្ស​​នយោ​បាយ​ផ្សេង​ទៀត ជា​ពិសេ​​ស​ប្រ​​សិន​​​បើខ្លឹម​​សារ​នៃច្បាប់ស្តីពីការប្រព្រឹត្តទៅ​នៃ​ការ​បោះ​ឆ្នោត មាន​ភាព​ខ្វះ​ចន្លោះ ភាគី​ពាក់ព័​​​​ន្ធ​​​គួរ​ពិនិត្យមើលនិង​​ធ្វើ​​វិ​​សោធនកម្ម ធ្វើយ៉ាងណា​ឱ្យ​ស្មារតីនៃច្បាប់នេះកាន់​តែ​ល្អ​ប្រសើរ។

សមាជិក​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា អះអាងថា ការប្តឹងលោក សុន ឆ័យ នេះ គឺ គ.ជ.ប មាន​សម្អាង​ហេតុ​ត្រឹមត្រូវតាមផ្លូវច្បាប់។ លោកបន្តថា នេះមិនមែនជាការរឹតត្បិតខាងនយោបាយទេ តែជាការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទ​ល្មើសប៉ុណ្ណោះ។

បើតាមលោក សោម សូរីដា ប្រសិនបើអ្នកនយោបាយរូបនេះទិតៀន គ.ជ.ប ក្នុងរូបភាពកែលម្អ នោះ​នឹង​មិនមានធាតុផ្សំនៃបទល្មើសទេ ប៉ុន្តែការលើកឡើងរបស់លោក សុន ឆ័យ ជាការ​បំភ្លៃសភាពការណ៍សុទ្ធសាធ។

លោកបន្តថា៖ «ខ្ញុំសូមឱ្យធ្វើការបែងចែកឱ្យបានច្បាស់អំពីការសម្តែង​មតិ និងបរិហារកេរ្តិ៍។ ពាក្យទាំងពីរនេះមិនដូចគ្នាទេ ប្រសិនបើគាត់បញ្ចេញមតិទៅលើកិច្ចការមួយចំនួនទាក់ទងទៅនឹងការបោះឆ្នោត និងអំពីដំណើរការ​នៃការរៀបចំការបោះឆ្នោត នោះគឺជាការរិះគន់ដែលមានន័យស្ថាបនា ហើយ​ គ.ជ.ប នឹងពិចារណា។ ប៉ុន្តែលោក សុន ឆ័យ មិនប្រើពាក្យ​រិះ​គន់ ឬផ្តល់យោបល់បញ្ចេញមតិទេ ដោយសារពាក្យ គ.ជ.ប ជាចោរ តើពាក្យនេះជាការិះគន់ ក៏ជាការបរិហារកេរ្តិ៍​ជាសាធារណៈ»។

កាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប បាន​សម្រេច​ប្តឹង​លោក សុន ឆ័​​យ ជាផ្លូវការហើយ ពី​បទ «បរិហារកេរិ៍្តជាសាធារណៈ» និង​ទាម​ទារ​​​ឱ្យ​​លោក សុន ឆ័យ ធ្វើលិខិត​សុំទោស គ.ជ.ប ជា​សាធារណៈ។ ការចេញមុខប្តឹង​​របស់ គ.ជ.ប នៅពេលនេះ គឺក្រោយពី​គណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បាន​ដាក់​​ពាក្យ​​បណ្តឹង​ទៅកាន់​តុលាការ​ប្រឆាំងលោក សុន ឆ័យ កាលពីថ្ងៃ​ទី​១៤ ខែ​មិថុនា ដោយទាមទារ​សំណង​ពី​អ្នកនយោបាយប្រ​​ឆាំង​​ចាស់វស្សារូបនេះ ចំនួន១លាន​​ដុល្លា​​រ​អាមេរិក ដោយយោងលើ​អង្គហេតុប្រហាក់ប្រហែល​ទៅ​​នឹង​​​បណ្តឹងរបស់ គ.ជ.ប នៅពេលនេះដែរ។

ស្របពេលស្ថានការណ៍​នៃការយាយីខាងនយោបាយ​ក្នុងដំណាក់​​កាលចុង​​ក្រោ​​យ​​​​នេះ អង្គ​ការ​ឃ្លាំ​មើល​​​សិទ្ធិនុ​ស្ស​​​​​អន្តរជាតិ យូមែន រ៉ៃវច្ឆន៍ (Human Rights Watch) បាន​​ចេញ​​​សេ​​ច​ក្តី​ថ្លែង​ការណ៍​មួយ​​​កាល​ពី​ថ្ងៃទី​២០ ខែ​មិថុនា ដោយចាត់ទុក​ការចាប់​ខ្លួននិង​ចោទ​​​ប្រកាន់​​​ប្រ​​ឆាំង​អ្នក​នយោបាយ​នៅក្រៅរដ្ឋាភិបាល ថា​ជាការ​បង្រ្កាប​កាន់​តែ​មាន​រូប​ភាព​ធំ​ទៅៗឥតឈប់​​​ឈរ​ពី​សំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រភព​ដដែល​បន្ត​ថា នៅចំពោះមុខនេះមាន​អ្នកទោសម​នសិការ​ជាង​៥០នាក់​​ហើយកំពុង​ត្រូវ​បាន​​​​​ឃុំ​ខ្លួ​​ន​នៅក្នុង​ពន្ធនាគារ រួមមាន សមាជិកគណបក្សប្រឆាំង អ្នកការ​ពារ​សិទ្ធិ​មនុស្ស សកម្មជន​​ការ​ពា​​រ​​​ដីធ្លី អ្នកការពារបរិស្ថាន និងអ្នកសារព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ