តុលាការ​បន្ត​សាកសួរ​លោក កឹម សុខា លើ​អង្គហេតុ​ថ្មី​អំពី​បទចោទ​ប្រទូសរ៉ាយ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

នៅក្នុងបន្ទប់ជំនុំជម្រះថ្ងៃនេះ លោក កឹម សុខា ដែលទើបប្រកាសចែកផ្លូវគ្នាជាមួយដៃគូន​​យោ​​បាយ​​​​ដែលជាសម្ព័ន្ធមិត្ត​​របស់លោក ហាក់ប្រតិកម្មខ្លាំងខុសធម្មតា ខណៈដែលតំណាងអយ្យការព្យាយាមលើកយកភស្តុតាងមួយចំនួនជាឃ្លីបវីដេអូ ដែលលោកចាត់ទុកថាជាតម្រុយចាស់ ហើយ​​​ថែម​​ទាំង​​មិនជាប់ពាក់ព័ន្ធនឹងលោកទៀតផង ដែល​​ជាហេតុធ្វើឱ្យសវនាការនេះមិនមានភាពជឿន​​​លឿន​ទៅមុខ។

យ៉ាងនេះក្តី នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បាន​​ប្រ​កាស​ថា តុលា​​ការ​​នឹងបន្តនីតិវិធីនៃការសួរដេញដោលលើអង្គហេតុថ្មី គឺទាក់ទងបទចោទ «ប្រទូស​​រ៉ាយ» ឬអំពើ​​បាតុ​​កម្ម។ ​​លោក​​បាន​​​​ជម្រាបអង្គជំនុំជម្រះថា នេះជាអង្គហេតុចុងក្រោយគេ នៃសំណុំ​​រឿង «សន្ទិដ្ឋិ​​ភាព​» ឬត្រូវរ៉ូវ​​ជា​​មួ​យ​​​​​រដ្ឋបរទេស ហើយសវនាការនេះក៏កាន់តែកៀកដល់​​ទីបញ្ចប់​​ដែរ​​។

សម្រាប់​សវនាការលើកទី៤៥ នៅថ្ងៃពុធនេះ ជានាទីដែលតំណាងអយ្យការ លោក ឆាយ ហុង បន្ត​​តាំង​​សំណួរ ដើម្បីឱ្យលោក កឹម សុខា ឆ្លើយដោះបន្ទុកជាថ្មីទៀត។ តាមរយៈសំណួររបស់លោក ឆាយ ហុង ដែលបានលើកឡើងថា តើលោកមាននៅចាំព្រឹត្តិការណ៍ពេលបោះឆ្នោត ថ្ងៃទី២៨ ខែកក្ក​​ដា ឆ្នាំ២០១៣ ដែរ​​ទេ?

ជម្រាបអង្គជំនុំជម្រះ លោក កឹម សុខា អះអាងថា លោកមិនចាំទេ។ លោកបន្តថា មិនដឹងថា​​តើតំ​​ណា​ង​​អយ្យការចង់សំដៅលើព្រឹត្តិការណ៍បែបណាឡើយ ព្រោះពេលវេលាបានកន្លងហួស​​ជា​​ច្រើន​​ឆ្នាំ​​​​​​​ណាស់មកហើយ ម្យ៉ាងវិញទៀត ឯកសារដែលនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិក៏ត្រូវបាន​​រ​​លត់​រលាយថែមទៀតផង។

គេសង្កេតឃើញថា ស្របពេលលោក ឆាយ ហុង បន្តតាំងសំណួរជាបន្តបន្ទាប់ តំណាង​​អយ្យ​ការ​រូប​​នេះក៏បានស្នើឱ្យតុលាការចាក់ឃ្លីបវីដេអូខ្លីៗចំនួន៣ ទាក់ទងអំពើបាតុកម្មនៅមុខវត្តស្ទឹ​​ង​​មាន​​ជ័យ​ចំនួន២ឃ្លីបវីដេអូ និងវីដេអូ១ទៀតត្រូវបានតំណាងអយ្យការអះអាងថានៅខេត្តកំពង់ស្ពឺ។

នៅក្នុងបន្ទប់ជំនុំជម្រះ លោក កឹម សុខា សង្កេតឃើញថាហាក់ថ្នាំងថ្នាក់ខ្លាំង នៅពេលដែលលោក ឆាយ ហុង ចោទសួរឃ្លីបវីដេអូចំនួន២ឃ្លីបដែលក្រុមបាតុករផ្ដួលនិងដុតឡានកងរាជអាវុធ​​ហត្ថ​​​​ នៅជិតគល់ស្ពាន នៅមុខវត្តស្ទឹងមានជ័យ។ មកដល់ចំណុចនេះ ជនជាប់ចោទឆ្លើយថា សូមកុំឱ្យយក ឃ្លីបវីដេអូពីទីតាំងផ្សេងមកដាក់បន្ទុករូបលោក។ បើតាមលោក កឹម សុខា អ្វីដែលលោកអាច​​ឆ្លើយ​​​បាន គឺមានតែបាតុកម្មនៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ។ ដោយឡែក បាតុកម្មក្រៅពីនេះ លោក​​មិនបានជាប់ពាក់ព័ន្ធទេ។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ជាការដោះបន្ទុក ជនជាប់ចោទក៏បានស្នើឱ្យតុលាការចាក់ឃ្លីបវីដេអូមួយឃ្លីបដែរ។ ឃ្លីបវីដេអូដោះ​​​​បន្ទុករបស់លោក កឹម សុខា នេះ គឺនិយាយពីក្រមសីលធម៌ចំនួន១៧ចំណុចនៃការធ្វើ​បាតុ​​កម្មដោយ​​សន្តិវិធីនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣​​។ ក្រមសីល​​​ធម៌​​ទាំង១៧ចំណុចដែលអានដោយលោក ប៉ុល ហំម នៅពេលនោះ គឺជាបាតុកម្មដើម្បី​​ជំរុញឱ្យ​​គណ​​បក្ស​​​​ប្រជា​ជនកម្ពុជាបង្កើតគណៈកម្មការឯករាជ្យមួយ ស៊ើបអង្កេត​​លទ្ធផលឆ្នោត។

បើទោះជាបែបណា គេសង្កេតឃើញថា ក្រៅពីការសួរដេញដោលអំពីអង្គហេតុថ្មីនេះ ភាពខ្វែង​​គំ​​និត​​​​គ្នារវាងមេធាវីការពារសិទ្ធិឱ្យជនជនជាប់ និងតំណាងអយ្យការ បានបន្តតានតឹងទៅៗ។ សហ​​មេ​​​ធា​​វីការពារក្តីឱ្យលោក កឹម សុខា បានបន្តឡើងជំទាស់ជាម្តងហើយម្តងទៀត ប្រឆាំង​​ការ​​តាំង​​សំ​​ណួរ​​របស់លោកតំណាងអយ្យការ។ ពួកគេចោទប្រកាន់ថា សំណួរភាគច្រើនរបស់​​តំណាង​​អយ្យ​​ការនៅតែជាសំណួរខុសពីអង្គហេតុដែលបានបញ្ជូនមកជំនុំជម្រះ។

លោក ចាន់ ចេន ដែលជាសហមេធាវីម្នាក់របស់លោក កឹម សុខា លើកឡើងថា មកដល់​​អង្គហេតុ​​ថ្មី​​​​ទៅហើយ សំណួររបស់តំណាងអយ្យការនៅតែសួរច្រំដែលៗទៅលើរឿងចាស់។ លោកបន្តថា​ ការលើក​​ឡើង​​ដូច្នេះ ក្នុងន័យថា ក៏ជាការតម្រង់ទិសឱ្យតំណាងអយ្យការដែរ។ ភ្លាមៗ លោក អាង ឧត្ដម សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ម្នាក់ទៀត បន្ថែមថា រាល់សំណួររបស់​​តំណាង​​អយ្យ​ការ កំពុងតែបង្ខំឱ្យជនជាប់ចោទជួយកែតម្រូវសំណួរដែលតំណាងអយ្យការបានសួរខុសបទចោទ។

បន្ថែមពីលើនេះ សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ គឺលោក ចាន់ ចេន សង្កេតឃើញថា ថ្វី​​ត្បិតតុលាការបានកំណត់អង្គហេតុប្រទូសរ៉ាយនេះថាជាអង្គហេតុថ្មី ប៉ុន្តែការដេញដោលលើនីតិវិធី តុលាការនៅតែបន្តសួរនាំទៅលើតែសាច់រឿងចាស់ៗដដែល។ មួយវិញទៀត អ្វីដែលក្រុមមេធាវី​​ស្នើ​​សុំ​​​ឱ្យតំណាងអយ្យការ បង្ហាញភ្នាក់ងារសម្ងាត់ ឬជនសមគំនិតដូចក្នុង​​ចោទនេះ ជាអ្នកណាឱ្យ​​ប្រា​​ក​​ដ ក៏តុលាការមិនបានលាតត្រដាងដែរ។

លោកបន្តថា៖ «ខ្ញុំសង្កេតឃើញអត់មានការជឿនលឿនទៅមុខអីទេ។ រឿងនេះបកចុះបកឡើង សួរដូចអ្វីដែលធ្លាប់បានសួរ អ្វីដែលធ្លាប់បានឆ្លើយ ដូចបានពិភាក្សានៅសវនាការ​​មុនៗមកហើយ។ ​​ចំ​​ណុច​​នេះ ខ្ញុំមិនយល់ឃើញថាអីយ៉ាងម៉េចទៀតទេ ព្រោះអ្វីដែលយើងបានធ្វើ អ្វីដែលបាននិយាយ និង​អ្វីដែលយើងបានស្នើសុំអស់ហើយ ប៉ុន្តែអត់មានបានឃើញពន្យល់និងបង្ហាញភស្តុតាង​ទៅ​​តាម​​​​ការស្នើសុំរបស់យើងទេ»។

ភាពយកត្រូវរៀងខ្លួនអំពីការបកស្រាយផ្លូវច្បាប់នេះមិនចប់ត្រឹមនេះឡើយ។ នៅនាទីចុងក្រោយនៃ​​​​​ការ​ស្នើចាក់ឃ្លីបវីដេអូ ជនជាប់ចោទ កឹម សុខា បានប្រតិកម្មខ្លាំងៗ ដោយចោទប្រកាន់ថា ភស្តុ​​តាងដែលតំណាងអយ្យការយកមកដាក់បន្ទុកប្រឆាំងរូបលោកនេះ គឺជាភស្តុតាងខុសទាំងស្រុង។

បើតាមលោក កឹម សុខា មូលហេតុដែលថាភស្តុតាងខុសនេះ ដោយសារអ្វីដែលតំណាង​​អយ្យការ​​យក​មកចោទ ថាលោកនិយាយនៅខេត្តកំពង់ស្ពឺ ហើយចង់ផ្តួលរំលំរដ្ឋាភិបាលនោះ គឺមិនពិតទេ។​ ឃ្លីបវីដអូនៅខេត្តកំពង់ស្ពឺ លោកពាក់អាវគគីរដៃខ្លី ហើយក៏មិនបានថ្លែងសារនយោបាយ​​អ្វីទាំង​​អស់ គឺមានតែលោក សម រង្ស៊ី ទេ​ជាអ្នកថ្លែងសារនយោបាយ។​​ ចំណែកភស្តុតាងដែលយក​​មក​​​​ដាក់​​បន្ទុក​​ប្រ​​ឆាំ​ង​​រូបលោកថានៅខេត្តកំពង់ស្ពឺនេះ គឺពាក់អាវដៃវែង និងមានកម្រងផ្កា។

មកដល់ចំណុចនេះ គេសង្កេតឃើញថា តំណាងអយ្យការ លោក ប្លង់ សុផល ហាក់ប្រតិកម្ម​​នឹង​​ជន​​ជាប់​ចោទ រហូតធ្វើឱ្យលោកប្រើសំឡេងខ្លាំងៗតបទៅលោក កឹម សុខា នៅក្នុងបន្ទប់ជំនុំជម្រះ។

ចំណែក មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពីសវនា​​ការ​​នេះដោយផ្ទាល់ យល់ឃើញថា ការសួរដេញដោលនេះហាក់ដូចមិនបានផ្តោតលើអង្គ​​ហេតុនៃ​​បទ​ចោទ​ទេ ផ្ទុយទៅវិញ ភាគីនីមួយៗដូចជាជជែកគ្នាច្រើនតែ​​ទៅ​​លើបញ្ញត្តិនៃមាត្រា៤៤៣ នៃ​​ក្រម​​ព្រហ្ម​​ទណ្ឌច្រើនជាង។

លោក យី សុខសាន្ត មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក ផ្ដល់បទសម្ភាសន៍នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃសវនាការលើលោក កឹម សុខា ពាក់ព័ន្ធបទចោទ «រួមគំនិតក្បត់» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
លោក យី សុខសាន្ត មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក ផ្ដល់បទសម្ភាសន៍នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃសវនាការលើលោក កឹម សុខា ពាក់ព័ន្ធបទចោទ «រួមគំនិតក្បត់» ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «ពាក់ព័ន្ធនឹងសវនាការមួយព្រឹកនេះ គឺគ្រាន់តែលើកយកមាត្រា៤៤៣ មកបក​​ស្រា​យ​​ ហើយជាការបកស្រាយយកត្រូវរៀងៗខ្លួន។អ៊ីចឹងមានន័យថា វាហាក់ដូចជាកា​​រពន្យារពេល​​មួយនៃ​ការកាត់ក្តី។ ហើយបើយើងគិតថា កឹម សុខា មានសន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយនឹងបរទេសមែន គឺអាច​​រក​ភស្តុ​​តាងកាត់ទោសគាត់បានហើយ។ ប៉ុន្តែពេលនេះ វាហាក់ដូចជាអត់មានភស្តុតាងច្បាស់លាស់និង​ជាក់លាក់ទេ»។

នៅក្នុងអង្គសវនាការ ជនជាប់ចោទ លោក កឹម សុខា ក៏បានជម្រាបតុលាការថា គួរស្នើទៅរដ្ឋសភាដើម្បីសុំខ្លឹមសារដើមនៃនិយមន័យពាក្យថា «ប្រទូសរ៉ាយ» នេះឱ្យបានច្បាស់។ បើតាមលោក កឹម សុខា អ្វីដែលលោកធ្លាប់បានព្រាងក្នុងនាមជាតំណាងរាស្រ្ត តាមពិតនិយមន័យនៃពាក្យថា​​ប្រទូសរ៉ាយ​នេះ គឺស្មារតីដើម​​នៃ​​បញ្ញ​ត្តិមាត្រា៤៤៣នេះ សំដៅដល់ការធ្វើឱ្យអន្តរាយដល់រដ្ឋទាំងមូល ដែ​​ល​​​មានការគប់គិតជាមួយនឹងបរទេសឯណោះទៅវិញទេ។ បើទោះបែបណា ការស្នើសុំនេះត្រូវបានតុលាការបដិសេធ ដោយចាត់ទុកថា មិនមានភាពចាំបាច់​​ណា​​​​មួយដែលតម្រូវឱ្យមានការបញ្ជាក់បន្ថែមទៀតនោះឡើយ។ ទាក់ទិនសវនាការនេះ តុលាការ​​បាន​​កំ​​ណត់យកថ្ងៃទី២៩ ខែមិថុនា ជាថ្ងៃបន្តសវនាការជាថ្មីទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ