រដ្ឋាភិបាល​ឥណ្ឌា​ជួយ​លើ​គម្រោង​បោស​សម្អាត​មីន​នៅ​ភូមិ​ចំនួន​៤​ក្នុង​ខេត្តកោះកុង

លោក លី​ ធុជ​ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​ និងលោក Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា ក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ (CMAC)

រដ្ឋាភិបាលឥណ្ឌាបានចុះអនុសារណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលកម្ពុជា លើ​គម្រោ​ង «ភូមិអស់​មីន» នៅខេត្តកោះកុង នៅភូមិចំនួន៤ ក្នុងចំណោមភូមិចំនួន​២៨ ដែលកំពុងរងការគំរាម​កំហែងដោយសារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីគម្រោង​ភូមិអស់មីននៅខេត្តកោះកុងនេះ បានធ្វើឡើង​នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ រវាងលោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការ​អាជ្ញាធរមីនកម្ពុជា និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ក្រោមអធិបតីភាព​អនុប្រធានទី១អាជ្ញាធ​រមីន លោក លី ធុជ និង​លោក Rajkumar Ranja Singh រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា (Minister of State of External Affairs of Republic of India) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាម​ការផ្សព្វផ្សាយលើហ្វេស​ប៊ុក​របស់​អាជ្ញាធរមីន​កម្ពុជា។

អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា​ លោក លី ធុជ មានប្រសាសន៍ថា ការចុះអនុសារណៈលើ​គម្រោង​​​នេះ ជា​ជំហាន​ដ៏​រឹង​មាំ ដែល​​នាំ​ឱ្យ​កម្ពុជា​ខិត​ទៅ​​ជិត​​គោល​ដៅ​នៃ​ការ​ក្លាយ​ជា​ប្រទេសគ្មាន​មីន​ក្នុង​ឆ្នាំ​២០២៥ និង​បង្ហាញពី​ចំណងមិត្តភាពជាប្រវត្តិសាស្រ្តនិងប្រពៃណីដ៏​យូរ​អង្វែង​ ក៏​ដូច​ជាចំណងទំនាក់ទំនងការទូត​រវាងប្រទេសទាំងពីរ។

លោក​បន្តថា​ អាជ្ញាធរមីន​កំពុង​ដំណើរ​ការ​​យន្ត​ការ «​ភូមិ​អស់​មីន» និង​កំពុងលុបបំបាត់ការគំរាម​គំហែង​ទាំង​អស់​ក្នុង​ភូមិ​ជាក់​លាក់ ដែល​មិនត្រឹមតែជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ​​​ប៉ុណ្ណោះទេ​ ហើយ​ក៏ធ្វើឱ្យជីវភាពពលរដ្ឋ​ក្នុង​ភូមិទាំងនោះ​ និង​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែប្រសើរឡើង។ លោកថា តាមរយៈអនុសារណៈនេះ​ សាធារណរដ្ឋ​ឥណ្ឌានឹង​ជួយ​ប្រែក្លាយ​ភូមិចំនួន​៤ ក្នុង​ចំណោមភូមិ​ចំនួន២៨ ក្នុងខេត្តកោះកុង ដែល​កំពុង​រងការគំរាម​​គំហែង​ដោយ​សារ​មីន​ និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម ទៅ​ជា​ភូមិ​អស់​មីន។

ចំណែកលោក Rajkumar Ranja Signh ត្រូវបានអាជ្ញាធរមីនស្រង់ប្រសាសន៍មកផ្សព្វផ្សាយ​ដែរ​ថា គម្រោងនេះធ្វើឱ្យភូមិចំនួន៤​ក្នុងខេត្តកោះកុង ក្លាយ​ជាភូមិអស់មីន ដែលនឹងផ្តល់អត្ថប្រយោជន៍​ដោយ​ផ្ទាល់ដល់​ប្រជាពលរដ្ឋកម្ពុជាជិត៨ ០០០នាក់ ដែលកំពុងរស់នៅក្នុងភូមិទាំង​នេះ ​ខណៈ​គម្រោងនេះក៏​ជាផ្នែកមួយនៃទំនាក់ទំនងរវាង​​ឥណ្ឌា-កម្ពុជា ក្រោម​ក្រប​ខណ្ឌកិ​ច្ចសហប្រតិបត្តិ​ការមេគង្គ-គង្គា។

លោកបានបញ្ជាក់ថា៖ «ឥណ្ឌាកំពុងធ្វើការជាមួយអាជ្ញាធរមីន ដើម្បីកំណត់តំបន់បន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសកម្មភាពមីន និងរួមចំណែកដល់កិច្ចខិតខំរបស់កម្ពុជាឱ្យ​សម្រេចតាម​គោល​ដៅ។ ហើយរដ្ឋាភិបាលឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយដល់ការងារសកម្មភាពមីននៅកម្ពុជា នៅគ្រប់កម្រិតនិងគ្រប់ពេលវេលា»។

លោក Rajkumar Ranja Signh ក៏បានលើកឡើងអំពីគម្រោងរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការជួយ​សង្គ្រោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិត ដោយរៀបចំឱ្យមានតំបន់ចំនួនពីរក្នុងខេត្ត២នៃប្រទេសកម្ពុជា ក្រោមកិច្ចប្រតិបត្តិការជាមួយអាជ្ញាធរមីននៅចុងឆ្នាំនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ