UN៖ ការ​ចូលរួម​របស់​សង្គមស៊ីវិល​នៅ​កម្ពុជា​មិន​ត្រូវ​បាន​ធានា​តាំង​ពី​ឆ្នាំ២០១៧​មក

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

របាយការណ៍របស់​អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ​(UN)​ បានលើកឡើង​ថា កម្ពុជាមិនទាន់ធានាបាន​​ពេញលេញចំពោះការចូលរួម​របស់សង្គមស៊ីវិល​នៅ​ក្នុងសង្គមនៅឡើយ ខណៈស្ថាប័ន​អន្តរ​​ជាតិ​​មួយ​​នេះ​រកឃើញថា តាំងពីឆ្នាំ២០១៧មក លំហសម្រាប់ពលរដ្ឋ និងការអនុវត្តសេរីភាព​ជាមូលដ្ឋាន ត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់។

ឯកសារព័ត៌មានទី១៧ របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ស្តីពី «ការចូលរួមរបស់សង្គមស៊ីវិល» ចេញ​ផ្សាយ​នាថ្ងៃទី​២០ ខែមិថុនានេះ លើកឡើងថា ការចូលរួមជាសាធារណៈនិងលំហសម្រាប់ពលរដ្ឋជាប្រធានបទសំខាន់មួយ ដោយសារសង្គមកាន់តែរឹងមាំនិង​កាន់តែមានភាពធន់ កើតឡើងលុះត្រាតែ​ស្រ្តីនិងបុរសអាច​បំពេញ​តួនាទីពេញលេញក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គម រួមចំណែកតាក់តែងគោលនយោបាយដែលពាក់ព័ន្ធលើជីវិតរបស់ពួកគេ រួមទាំងការទទួលបានព័ត៌មាន ការចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ការលើកឡើងពីមតិជំទាស់ និងការរួមគ្នាសម្ដែងមតិជាដើម។

អង្គការនេះបន្តថា ការធានាឱ្យសង្គមស៊ីវិលចូលរួមក្នុងសកម្មភាពសង្គមនឹង​ធ្វើឱ្យ​​ប្រទេសនីមួយៗ​អាច​កាត់​បន្ថយ​វិសម​ភាព ធានាបរិយាបន្ន និងធ្វើឱ្យប្រសើរឡើងនូវចីរភាព។

សម្រាប់​នៅ​កម្ពុជា UN ថាសង្គមស៊ីវិលបានរួមចំណែកក្នុងការផ្តល់សេវាជាច្រើន ដូច​ជា លើ​វិស័យ​អភិវឌ្ឍន៍ និងមនុស្សធម៌ ការលើកកម្ពស់អភិបាលកិច្ចល្អ ការអភិរក្ស ការកសាងសន្តិភាព និងសិទ្ធិមនុស្ស ជាដើម។ តែយ៉ាងណា អង្គការ​នេះថា រដ្ឋាភិបាលកម្ពុជា​នៅ​មិនទាន់បានធានាពេញលេញនូវការចូលរួមរបស់សង្គមស៊ីវិលនៅឡើយ។

UN ថា៖ «ទោះជាយ៉ាងនេះក្ដី ការសន្យានៅក្នុងរដ្ឋធម្មនុញ្ញដែលចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងម៉ត់ចត់ពីអាជ្ញាធរ មិនត្រូវបាន​អនុវត្តពេញលេញនៅឡើយ។ ចាប់តាំងពីឆ្នាំ២០១៧មក លំហសម្រាប់ពលរដ្ឋ និងការអនុវត្តសេរីភាពជាមូលដ្ឋាន ត្រូវបានរឹតបន្តឹង ដូចដែលបានរៀបរាប់នៅក្នុងរបាយការណ៍ជាបន្តបន្ទាប់របស់អង្គការសហប្រជាជាតិ»។

អង្គការសហប្រជាជាតិថា ចាប់តាំងពីទសវត្សរ៍១៩៩០មក ខ្លួនបានសហការយ៉ាងជិតស្និទ្ធជាមួយ​សង្គមស៊ីវិលនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់និងការពារសិទ្ធិមនុស្ស តាមរយៈការបណ្តុះបណ្ដាល និងការកសាងសមត្ថភាព ការស៊ើបអង្កេតលើករណីរំលោភបំពានសិទ្ធិមនុស្ស ការចូលរួមរបស់សង្គមស៊ីវិលក្នុងកិច្ចការសាធារណៈ និងបានគាំទ្រដល់ការងារតស៊ូមតិរបស់សង្គមស៊ីវិលនៅកម្រិតជាតិនិងអន្តរជាតិ ហើយនាពេលបច្ចុប្បន្ន ខ្លួននៅតែជំរុញឱ្យសង្គមស៊ីវិលដើរតួនាទីសំខាន់នេះ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ ​នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​នៅ​ថ្ងៃអង្គារនេះថា លោកគាំទ្រចំពោះការរកឃើញរបស់អង្គការសហប្រជាជាតិ​ប្រចាំនៅកម្ពុជា ខណៈលោកសង្កេត​ឃើញថា ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ លំហសេរីភាព​ជាមូ​លដ្ឋានរបស់សង្គមស៊ីវិលក៏បាន​រង​នូវ​ការ​រឹត​ត្បិត ហើយ​មកទល់ពេលនេះនៅមិន​ទាន់មានការវិវត្ត​ណាមួយនៅឡើយ។

លោកបន្តថា ប្រទេសលោកសេរី និងអាមេរិក តែងផ្តល់អនុសាសន៍ដល់​កម្ពុជាកែលម្អឱ្យមានការគោរពតាមបទដ្ឋានស្តីពីសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ខណៈសហភាពអឺរ៉ុបក៏ធ្លាប់បានផ្តាច់ EBA ២០% ពីកម្ពុជា ព្រមទាំងបានព្រមានជាថ្មីទៀតថានឹងផ្តាច់ EBA ទាំងស្រុង ប្រសិនបើការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ និងការ​បោះឆ្នោតជាតិ​ឆ្នាំ២០២៣ មិន​មានតម្លាភាព។

លោកថា៖ «បើសិនជាកម្ពុជាយើងធ្វើការកែលម្អឱ្យមានភាពល្អឡើងវិញនូវលំហសេរីភាពរបស់​ពលរដ្ឋ របស់អង្គការសង្គមស៊ីវិល ខ្ញុំគិតថា កម្ពុជាយើងនឹងចំណេញ។ ប៉ុន្តែបើស្ថានភាពនេះនៅតែអូសបន្លាយ អ៊ីចឹងផលវិបាកនឹងអាចកើតមានសម្រាប់កម្ពុជាយើងបន្តទៅទៀត ជាពិសេស​គឺអ្នកដែលរងផលប៉ះពាល់ គឺកម្មករ-កម្មការិនី ទៅលើវិស័យវាយនភ័ណ្ឌ និងកាត់ដេរ»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជា លោក កត្តា អ៊ន ច្រានចោលការលើកឡើងរបស់ UN ដែលថា រដ្ឋាភិបាលកម្ពុជារឹតបន្តឹងនូវការចូលរួមរបស់សង្គមស៊ីវិលក្នុងសង្គម។ លោកថា កម្ពុជាជាឋានសួគ៌នៃអង្គការសង្គមស៊ីវិល ខណៈបច្ចុប្បន្ន​អង្គការសង្គមស៊ីវិលនៅទូទាំងប្រទេសមានដល់ទៅជាង៦ ០០០អង្គការ ក្នុងនោះជាង៥ ០០០ជាអង្គការជាតិ។

ក្រៅពីនោះ លោកថា កន្លងមក កម្ពុជាបានបើកលំហសេរីភាពសម្រាប់សង្គមស៊ីវិល ហើយ​ក៏​​ពុំមាន​ច្បាប់ណាមួយ​ទប់ស្កាត់សកម្មភាពរបស់ពួកគេ​នោះទេ។

លោកគូសបញ្ជាក់ថា៖ «ចង់ឱ្យអង្គការអន្តរជាតិក្តី អង្គការសហប្រជាជាតិក្តី ធ្វើរបាយការណ៍ដោយសម្លឹងឃើញផ្ទាល់ភ្នែកនូវទិដ្ឋភាពពិតនៃកម្ពុជា ចៀសវាងបាយការណ៍គ្រាន់តែស្តាប់ឮ គ្រាន់​តែចម្លងចេញពីសេចក្តីរាយការណ៍ពីអង្គការសង្គមស៊ីវិលមួយចំនួនតូចដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ឬមិនល្អជាមួយរដ្ឋាភិបាល ហើយរាយការណ៍អាក្រក់ពីរដ្ឋាភិបាល ដែល​ធ្វើឱ្យការ​សន្និដ្ឋាន​មក​លើ​ស្ថាន​ភាពស្ថានការណ៍នៅកម្ពុជាមានភាពមិនច្បាស់លាស់ មាន​ភាពមិនត្រឹមត្រូវ ទៅនឹងទិដ្ឋភាពនៃការរស់នៅ និងសកម្មភាពនានារបស់អង្គការសង្គមស៊ីវិលផ្សេងៗទៀតនៅកម្ពុជា»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា សហគមន៍អន្តរជាតិ ដូចជា UN ជាដើម មានអំណះអំណាងច្រើននិងច្បាស់លាស់ មុននឹងលើកឡើងពីបញ្ហាអ្វីមួយ​។ លោកថា នេះមិនមែនជារឿងចម្លែកទេ ដែលរដ្ឋាភិបាលកម្ពុជាតែងតែបដិសេធ ហើយមិនទទួល​យកនូវចំណុចអវិជ្ជមានដែលសង្គមស៊ីវិលនិងអង្គការអន្តរជាតិរិះគន់។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះបន្ត​ថា បើកម្ពុជានៅតែបន្ត​ច្រានចោល​នូវអ្វី​ដែលអង្គការ​​អន្តរជាតិ​បានលើកឡើងនោះ នោះកម្ពុជានឹង​ពិបាកសង្គ្រោះអត្រាអនុគ្រោះពន្ធផ្សេងៗពីអន្តរជាតិណាស់។

លោកថា៖ «ទំនាក់ទំនងការទូតនៅលើឆាកអន្តរជាតិ យើងអាចមានភាពរអាក់រអួល ឬក៏មានការរើសអើងពីសហគមន៍អន្តរជាតិ។ ទី២ ទំនាក់ទំនងពាណិជ្ជកម្មដែលគេផ្តល់ឱ្យ មានការអនុគ្រោះពន្ធ គឺ EBA ពីសហគមន៍អឺរ៉ុប ហើយនិង GSP ពី​សហរដ្ឋអាម៉េរិក អាចបាត់បង់។ ដូច្នេះហើយ បើកម្ពុជាយើងមិនឆ្លើយតបទេ ផលប្រយោជន៍ដែលខាតហ្នឹង គឺប្រទេសកម្ពុជា! និយាយជារួម គឺពលរដ្ឋកម្ពុជា ដែលពលរដ្ឋយើងភាគច្រើននៅសម្ងំស្ងៀម។ អ៊ីចឹងយើងអត់ដឹងធ្វើម៉េចដែរ ព្រោះ[ជា]ផលប្រយោជន៍ទាំងអស់គ្នា»។

អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា​ តាមរយៈឯកសារព័ត៌មានទី១៧ ស្តីពី «ការចូលរួមរបស់​សង្គមស៊ីវិល» បា​នជំរុញឱ្យកម្ពុជាផ្តល់លទ្ធភាពដល់ពលរដ្ឋ និងអង្គការសង្គមស៊ីវិល បាន​រួមចំណែកនិងចូលរួមបានពេញលេញលើការរៀបចំគោលនយោបាយដែលមានផលប៉ះពាល់មកលើជីវិតរបស់ពួកគេ។

អង្គការអន្តរជាតិមួយ​​នេះក៏បាន​អំពាវនាវឱ្យមានការអនុវត្តវិធានការលើកកម្ពស់ការគោរពសិទ្ធិ​​មនុស្ស ដោយថា ការចូលរួមយ៉ាងសកម្មពីអង្គការសង្គមស៊ីវិលមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។

អង្គការនេះក៏បានអះអាងដែរថា​ ខ្លួនត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការជាជំហានៗ ដើម្បីជួយឱ្យលំហសម្រាប់ពលរដ្ឋកាន់តែល្អប្រសើរឡើង តាមរយៈការចូលរួមជួយ​ផ្ដល់​យោបល់លើការធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធសំខាន់ៗ ដើម្បីជួយឱ្យច្បាប់ទាំងនោះអនុលោមទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា តួយ៉ាងដូចជា ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសហជីពជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ