ពលរដ្ឋ​២៥០​គ្រួសារ​នៅ​បឹងតាមោក​ទាមទារ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ខណៈ​អាជ្ញាធរ​តម្រូវ​ឱ្យ​ដូរ​ទៅ​ទីតាំង​ថ្មី

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋ​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ ទាមទារការអភិវឌ្ឍ​នៅនឹងកន្លែង ខណៈ​អាជ្ញាធរ​តម្រូវ​ឱ្យ​ដោះដូរ​ទៅ​ទីតាំង​ថ្មី ក្រោមហេតុផលថា ពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវដោយខុសច្បាប់។

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ នៅថ្ងៃព្រហស្បតិ៍​នេះ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់។

អ្នកស្រី ផន សុខុម ដែល​អះអាង​ថាជាតំណាងពលរដ្ឋ ប្រាប់វីអូឌីកន្លែងតវ៉ាថា អ្នក​ភូមិ​ចំនួន​២៥០គ្រួសារបានទៅរស់នៅនិងអាស្រ័យផល​ដោយ​ចិញ្ចឹម​ត្រី ដាំឈូក និង​បន្លែលើផ្ទៃបឹងតាមោក​ តាំងពីឆ្នាំ១៩៩០ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរ​មិន​បាន​ចេញ​បណ្ណកម្មសិទ្ធិឱ្យពួកគាត់នោះទេ ខណៈអ្នកមានលុយមានអំណាច​ដែល​មាន​ដីជាប់​នោះ ត្រូវបានអាជ្ញាធរ​ចេញ​បណ្ណកម្មសិទ្ធិឱ្យទៅវិញ។

អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរមួយម៉ាត់​ណាក៏ថាពួកខ្ញុំរស់នៅមិនស្របច្បាប់ ប៉ុន្តែខ្ញុំចង់សួរថា ហេតុអី​បូរី ប៊ុន​ជេស្ឋ ពី​អ័ក្ស​ថ្នល់ទៅ​ដល់​កើយមាត់ព្រែក ៤០០ ទៅ ៥០០ម៉ែត្រ ម៉េច​បាន​ជា​គាត់​មាន​ប្លង់​កម្មសិទ្ធិ? អត់មានដីជាប់អនុក្រឹត្យ? អ៊ីចឹង​ពួក​ខ្ញុំ​មានការ​តូច​ចិត្ត​ណាស់ កន្លែងណាដែលថា​ពួកខ្ញុំមិនស្របច្បាប់? ចំណែកបូរី ប៊ុនជេស្ឋ គេមានលុយ គេមានអំណាច គេធ្វើអីក៏បាន​ដែរ! ចំណែកពួកខ្ញុំពលរដ្ឋក្រីក្រ គេមិនចេញបណ្ណកម្មសិទ្ធិឱ្យទេ»

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ប្រាក់ សុភា និយាយថា អាជ្ញាធរខណ្ឌ​តែងតែ​គំរាម​កំហែង​ប្តឹង​ពលរដ្ឋ និង​ចោទពលរដ្ឋថារស់នៅលើដីរដ្ឋខុសច្បាប់ ហើយបង្ខំឱ្យពលរដ្ឋទទួលយកការដោះដូរទៅកន្លែងផ្សេង ប៉ុន្តែពលរដ្ឋមិនអាចទទួលយកការដោះស្រាយនោះបានទេ ដោយបារម្ភខ្លាចបាត់បង់មុខរបរ និងជួបបញ្ហាជីវភាព​។

អ្នកស្រីបន្ថែមថា៖ «ដីរបស់រដ្ឋ​ ហេតុអីមិនឱ្យប្រជាពលរដ្ឋរស់នៅ? ឬមួយដីរដ្ឋ​មានសិទ្ធិតែមន្ត្រីរាជការទេដែលរស់នៅបាន? ខ្ញុំសុំ​សួរទៅអស់លោកទាំងអស់គ្នា អ៊ីចឹង​សុំលោកពិចារណា។ អភិវឌ្ឍចុះ បឹង!​ ប៉ុន្តែកុំអភិវឌ្ឍលើផ្ទះប្រជាពលរដ្ឋ កុំអភិវឌ្ឍលើទឹកភ្នែកប្រជាពលរដ្ឋ ដោយការបណ្តេញចេញ ដោយការដោះដូរ គឺប្រជាពលរដ្ឋទាំងអស់នេះមិនព្រមទទួលយកការដោះដូរដាច់ខាត ស៊ូស្លាប់នៅនឹងកន្លែង ព្រោះខ្ញុំបានរស់នៅតាំងពីឆ្នាំ១៩៩០ តាំងពីអភិបាលខណ្ឌមិនទាន់កាន់តំណែងម៉្លេះ»

ពលរដ្ឋ​ម្នាក់ទៀត អ្នកស្រី សៀ ដាវី មានប្រសាសន៍ថា កន្លែងដែលពលរដ្ឋកំពុងរស់នៅសព្វថ្ងៃ​នេះ ម្ខាង​ជាប់​ផ្លូវ​ធំ និងម្ខាងទៀត​ជាប់​បឹង​តាមោក ដោយ​បាន​បង្កភាពងាយស្រួលសម្រាប់ពួកគាត់ក្នុងការប្រកប​របររកស៊ី ដូចជា ការលក់ដូរ ដាំបន្លែ និងចិញ្ចឹម​ត្រី ជាដើម។ ចំណែកទីតាំងដោះដូរថ្មីវិញ​ អ្នកស្រីថានៅឆ្ងាយពីទីប្រជុំជន និងមិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវនៅឡើយទេ។

អ្នកស្រីបន្ថែមថា៖ «អភិវឌ្ឍន៍ដេញប្រជាពលរដ្ឋក្រីក្រចេញ យកអ្នកមានមកដាក់ យកឧកញ៉ាមកដាក់វិញ ពួកយើងប្រជាពលរដ្ឋ​មានការមិនពេញចិត្តកន្លែងហ្នឹង។ អ៊ីចឹង​ខ្ញុំសុំ​អភិវឌ្ឍន៍នៅនឹងកន្លែង អភិវឌ្ឍន៍ឱ្យស្មើភាពគ្នា កុំលម្អៀងទៅឧកញ៉ា កុំលម្អៀង​ទៅអ្នកមានលុយមានអំណាច។ ដីពួកយើងប៉ុនណា យើងសុំប៉ុណ្ណឹងវិញ។ បើអាជ្ញាធរ​ពង្រីក​ផ្លូវ​ យើង​មិន​ជំទាស់​ទេ ប៉ុន្តែ​យើង​សុំថយ​ផ្ទះម​ក​ក្នុងបឹងវិញ»

មេភូមិសំរោងត្បូង អ្នកស្រី ម៉ក ស៊ីម មានប្រសាសន៍ថា មានពលរដ្ឋប្រហែល២០​ទៅ៣០គ្រួសារប៉ុណ្ណោះដែលមករស់នៅលើដីមាន​ជម្លោះនោះ​ក្នុងឆ្នាំ១៩៩៧ និងមួយចំនួនទៀតទើបតែមករស់នៅតែប៉ុណ្ណោះ។ តែយ៉ាងណា មេភូមិ​រូបនេះសុំ​មិនបក​ស្រាយទេ​ ចំពោះការ​ដោះដូរ​ឱ្យ​ពលរដ្ឋទៅទីតាំងថ្មី ឬ​មាន​ការដោះស្រាយយ៉ាងណានោះ ដោយថា បញ្ហានេះ ថ្នាក់លើជាអ្នក​សម្រេច។

វីអូឌី មិនអាចសុំការបញ្ជាក់ពីចៅសង្កាត់សំរោងត្បូង​ លោក យិន អ៊ីម បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

អភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ ប្រាប់វីអូឌីកាលពីថ្ងៃ​ម្សិលមិញថា ពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវលេខ​១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគម្រោងពង្រីក​ឱ្យបាន៥០ម៉ែត្រ។ លោក​ថា កន្លងមក អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលដោះស្រាយជាច្រើនដងហើយ ដោយសុំដោះដូរដីឱ្យពលរដ្ឋទៅកន្លែងផ្សេងដែលរៀ​ប​ចំដោយអាជ្ញាធរ ស្ថិតក្នុងភូមិសំរោងត្បូង​ដូច​គ្នា និង​​ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋថែមទៀត ប៉ុន្តែពលរដ្ឋទាំង​នោះមិនព្រមទទួលយកការដោះស្រាយនេះ ដែលធ្វើឱ្យការដោះស្រាយអូសបន្លាយយូរបែបនេះ។

លោកបន្ថែមថា៖ «អ្នកដែលព្រមទទួលយកការដោះដូរដី គឺទទួលបានការជួយដឹកជញ្ជូន ការផ្តល់នូវធនធានមួយចំនួនទៀត ការតប្រព័ន្ធទឹកភ្លើងជូន។ មិនឆ្ងាយអីណា កន្លែងអភិវឌ្ឍន៍តើ! ប៉ុន្តែពួកគាត់មិនព្រមទៅ ហើយពួកគាត់ចង់បានសៀវ​ភៅ​ស្នាក់​នៅ គាត់ចង់កម្មសិទ្ធិលើដីចំណីផ្លូវ យើងទទួលយកម៉េច​បាន! យើងដោះស្រាយជូនតើ! ទោះពួកគាត់រស់នៅដោយ​ខុស​ច្បាប់​ក៏ដោយ»

ជុំវិញបញ្ហានេះ នាយក​​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​​ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ទទូច​ដល់​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរពាក់ព័ន្ធ គួរពិចារណានិងរិះរកមធ្យោបាយ​ដោះស្រាយ​ជូន​ពលរដ្ឋឱ្យបានសមស្របនិងអាចទទួលបាន ដើម្បី​កុំ​ឱ្យ​មាន​ការ​បណ្តេញចេញទាំងបង្ខំ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានដីធ្លីនិង​លំនៅឋាន​របស់​ពលរដ្ឋ ជាពិសេស​កុំឱ្យប៉ះពាល់​ជីវភាព​រស់នៅរបស់ពួកគេ។

មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងថា ការអភិវឌ្ឍ​ដោយការបណ្តេញចេញទាំងបង្ខំកន្លងមក បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រជាពលរដ្ឋ។

ប្រធានកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ឯម ខេមរា មានប្រសាសន៍ថា រដ្ឋាភិបាលបានកាត់ដីផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ អស់រាប់ពាន់ហិកតាទៅឱ្យក្រុមហ៊ុនឯកជន និងអ្នកមានលុយមានអំណាចជាបន្តបន្ទាប់ ដែលការកាត់នេះធ្វើឱ្យមានក្ដីបារម្ភចំពោះផលប៉ះពាល់បរិស្ថាននិងសង្គម ដូចជា ការបាត់​បង់កន្លែងស្តុក​ឬរំដោះទឹក​ពីការជន់​លិច​រាជធានីភ្នំពេញ និង​ប៉ះពាល់​ដល់ដី​​អាស្រ័យផលរបស់ប្រជាសហគម​ន៍​ក្រីក្រ ជាដើម។

លោកបន្ថែមថា៖ «អ្វីដែលសមាគមធាងត្នោតយើងឃ្លាំមើលការអភិវឌ្ឍ​​នៅនឹងបឹងនោះ គឺរដ្ឋាភិបាលបានកាត់ដីជូនក្រុមហ៊ុនឯកជននិងបុគ្គលឯកជនហ្នឹង គឺរដ្ឋកាត់បាន ហេតុអីបានឯកជន​ទាំងហ្នឹង​មាន​សិទ្ធិទទួល​បាន​ដី​សាធារណៈរបស់រដ្ឋ? ចុះហេតុអីបានប្រជាពលរដ្ឋអត់មានសិទ្ធិ​ប្រកបមុខរបរ ឬក៏ទទួលផល ដើម្បី​ចិញ្ចឹមរបស់ពួកគាត់ពីផ្ទៃបឹងតាមោកនេះបាន? អ៊ីចឹងរដ្ឋាភិបាលត្រូវថ្លឹងថ្លែងចំណុចហ្នឹង ពីព្រោះប្រជាពលរដ្ឋក៏គាត់មានសិទ្ធិក្នុងការទទួលបានសិទ្ធិរស់រានមានជីវិត»។

បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយ​បឹ​ងមួយនេះ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោកសរុប​ជាង២ ០០០​ហិកតាហើយត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នក​មាន​ប្រាក់និងមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ