បក្សភ្លើងទៀន​ទាមទារ​រដ្ឋាភិបាល​ទម្លាក់​បទចោទ និង​ផ្ដល់​ក្របខណ្ឌ​មន្រ្ដី​រាជការ​ដល់​សកម្មជន​ខ្លួនវិញ

លោក ថាច់ សេដ្ឋា ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សភ្លើងទៀន ទាមទាររដ្ឋាភិបាលទម្លាក់បទចោទប្រកាន់និង​ដោះលែង ព្រម​ទាំង​ផ្ដល់ក្រប​ខណ្ឌ​មន្ត្រីរាជការដល់សកម្មជនខ្លួនវិញ ដើម្បីធានាលំហប្រជាធិបតេយ្យនៅកម្ពុជា។

ការស្នើនេះបានធ្វើឡើង​​បន្ទាប់ពីសមត្ថកិច្ចបានដោះលែង​បេក្ខភាព​មេឃុំ​ជាប់​ឆ្នោត​មកពីគណបក្សភ្លើងទៀន លោក ញឹម សារ៉ុម ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែបទចោទប្រកាន់តុលាការ​នៅរក្សា​ដដែល ខណៈសកម្មជនបក្សនេះចំនួន២​នាក់ទៀតត្រូវ​បាន​ក្រសួង​លុបឈ្មោះ​ចេញ​ពី​ក្របខណ្ឌមន្ត្រីរាជការ។

ក្នុងសេចក្ដីថ្លែងការណ៍​របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បាន​ឱ្យ​ដឹងថា ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិទី៥​ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ រួច លំហប្រជាធិបតេយ្យនិង​ការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាកាន់តែមានលក្ខណៈរួមតូច​ចង្អៀត​ជាង​មុន។

ប្រភព​ដដែល​​​​ថា លំហ​ប្រជាធិបតេយ្យនិង​​ការ​គោរព​សិទ្ធិមនុស្ស​បាន​រួម​តូច​នេះ ដោយ​សារ​តែ​​រដ្ឋា​ភិ​​បាល​បាន​​​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ការ​គាប​សង្កត់ ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញលើសកម្ម​ជន​របស់ខ្លួន​​ជាប​ន្ដ​បន្ទាប់។ គណបក្សនេះបន្តថា ជាក់ស្តែង ​​ប្រធាន​ក្រុមការងារគណបក្សភ្លើង​ទៀន ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ឡី សុខុន និង​បេក្ខជនមេឃុំជាប់ឆ្នោត​នៅឃុំចំណារ​លើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងខែ​មិថុនា​នេះ ខណៈសកម្មជន​២​នាក់ទៀតត្រូវបានក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល លុប​ឈ្មោះ​ចេញពីក្រប​ខណ្ឌ​មន្ត្រីរាជការ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់​រួច។

គណបក្សភ្លើងទៀន ចាត់ទុកការចាប់ខ្លួននិងការលុបឈ្មោះសកម្មជនរបស់ខ្លួន​ជាបន្តបន្ទាប់ ធ្វើឡើងក្រោម​ហេតុផលនយោបាយ​យ៉ាងអយុត្តិធម៌ ព្រមទាំងរំលោភលើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោ​បាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងកតិកា​សញ្ញាអន្ដរជាតិ​​។

សេចក្ដីថ្លែងការណ៍នោះបន្ត​ថា៖ «គណបក្សភ្លើងទៀនថ្កោល​ទោស​ការ​ចាប់​ខ្លួន​លោក ឡី សុខុន និងលោក ញឹម សារ៉ុម និងដកបណ្ដេញ​លោក​ អេង ស្រូយ និង​លោក កែវ សុមុនី ចេញក្របខណ្ឌមន្ត្រីរាជការ»។

ករណីនេះ គណបក្ស​​ភ្លើងទៀន អំពាវនាវទៅរដ្ឋាភិបាល​ដោះលែងលោក ឡី សុខុន ឱ្យមានសេរីភាព​វិញ និងទម្លាក់​រាល់បទចោទទៅ​លើ​លោក ញ៉ឹម សារ៉ុម ព្រមទាំងផ្តល់​ក្របខណ្ឌមន្ត្រីរាជ​ការ​ដល់​លោក អេង ស្រូយ និងលោក កែវ សុមុនី វិញ ដើម្បីធានាលំហប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុក​ស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ប្រាប់វីអូឌីនៅថ្ងៃនេះថា ទោះបីជាតុលាការសម្រេចឱ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែបទចោទប្រកាន់លើរូបលោក តុលាការនៅរក្សាដដែល។

លោក​ស្នើទៅតុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើរូបលោក ដើម្បីឱ្យលោកមានសេរីភាពវិញ ដោយសារ​រឿង​នេះបាន​កើតឡើងតាំងពី២០​ឆ្នាំមុន ហើយបានដោះស្រាយគ្នារួចអស់ហើយ​ដែរ។

លោកថា៖ «​បើសិនតុលាការមិនទម្លាក់ចោលទេ ​ខ្ញុំនៅតែទុក្ខព្រួយ ប៉ុន្តែខ្ញុំសង្ឃឹម​ថា​តុលាការនឹងផ្ដល់យុត្តិ​ធម៌​ជូន​ខ្ញុំ​ដែរ ព្រោះថ្ងៃដែលចាប់ខ្ញុំទៅ ដល់ពេល​ពិនិត្យមើលសំណុំរឿង ក៏គិតថាមាន​ការដោះលែង ជួយអន្ត​រាគមន៍​យ៉ាង​ឆាប់​រហ័ស។​ នេះ​ជាពន្លឺយុត្តិធម៌មួយ! ខ្ញុំគិតថា លោកនឹងគិតគូរ​ផ្ដល់យុត្តិធម៌ជូនខ្ញុំ និងក្រុមបងប្អូនយើងដែល​ត្រូវបានចោទប្រកាន់ ដើម្បីបញ្ចប់ការចោទប្រកាន់ ហើយមានសេរីភាព»។

កាលពីថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ២០២២ សមត្ថកិច្ច​បាន​ចាប់​និងបញ្ជូនលោក ញឹម សារ៉ុម ទៅឃុំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមការចោទពីបទ «ប្លន់» ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២។ ប៉ុន្តែក្រោយពីឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត​មួយ​យប់ លោក ញឹម សារ៉ុម ត្រូវបាន​តុលាការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា តុលាការមិនអាចទម្លាក់ចោល​បទ​ចោទ​និង​ដោះលែងអ្នកប្រព្រឹត្តខុសច្បាប់ ក្រោម​ហេតុផល​ធានា​លំហ​សិទិ្ធ​សេរី​ភាពបាន​ទេ ខណៈ​អ្នក​ដែលក្រសួងលុបឈ្មោះចេញពីក្របខណ្ឌ បណ្ដាល​មកពីពួកគេធ្វើខុសវិន័យ។

លោកថា៖ «មិនមែនដោះលែងអ្នកប្រព្រឹត្តខុសច្បាប់ ជាការបើកលំហប្រជាធិបតេយ្យ។ នេះ​វា​ពាក់ព័ន្ធនឹងផ្លូវច្បាប់​ អ្នកប្រព្រឹត្តបទល្មើស ត្រូវដោះស្រាយតាមដំណើរនីតិវិធីតុលាការ។ ហើយ​ការលុប​ឈ្មោះអី​នេះ ដោយ​សារមាន​ការ​ប្រព្រឹត្ត​ខុស​ក្នុងវិន័យ​ការងារ និងមានកំហុសក្នុងការងារ អាហ្នឹង​ត្រូវធ្វើការប្ដឹងផ្ដល់តវ៉ាការពារសិទ្ធិរបស់ខ្លួន។ បើសិនជាខ្លួនយល់ថា ការបញ្ឈប់និង​ការចោទប្រកាន់ហ្នឹង​មិនត្រូ​វ ចូល​រួម​តាម​ដំណើរការនីតិវិធីច្បាប់  ហើយ​ការ​ពារ​ខ្លួន​តាម​ស្រប​ច្បាប់ មិនមែនទៅបង្ខំឱ្យគេដោះលែង ឱ្យគេផ្ដល់ក្របខណ្ឌឱ្យវិញ ដើម្បីធានាលំហសិទ្ធិ​សេរីភាព​ អាហ្នឹង​មិនត្រឹមត្រូវទេ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា ការចាប់ខ្លួននិងចោទប្រកាន់លើសកម្មជនបក្សភ្លើងទៀន នាពេលកន្លងមក មិន​មាន​ហេតុផល​សមរម្យ​ក្នុងកា​រ​អនុវត្តតាមច្បាប់ឡើយ ​ផ្ទុយទៅវិញ កា​រ​ចាប់ខ្លួននិងចោទប្រកាន់នេះត្រូវបានគេមើលឃើញថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។

ចំណែក​ការលុបឈ្មោះសកម្មជនចេញពីក្របខណ្ឌមន្ត្រីរាជការវិញ លោកថា ក្រសួងសាម៉ី​មិនបាន​បង្ហាញ​ពី​ហេតុផលឱ្យបានច្បាស់លាស់ឡើយ ដែល​ករណីនេះបានធ្វើឱ្យពួកគេតវ៉ាជាបន្តបន្ទាប់ ដើម្បីឱ្យក្រសួងពិនិត្យចំពោះការសម្រេចនោះឡើងវិញ។

លោកថា៖ «អ៊ីចឹងខ្ញុំយល់ថា កុំឱ្យបរិយាកាស​​តឹងតែង​ទាក់ទងផ្នែកនយោបាយ​ ​ស្ថិតទៅរកការបោះឆ្នោតជាតិ២០២៣ហ្នឹង ក៏គួរតែអាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យនិងពិចារណា​ដោះស្រាយយ៉ាងម៉េច​ឱ្យមាន​តម្លាភាពនិងយុត្តិ​ធម៌ ដោយ​ឈរ​លើ​គោល​ការណ៍​សេរីភាព​ជាមូលដ្ឋាន គោលការណ៍​សិទ្ធិមនុស្ស បូករួមនឹងបញ្ហាច្បាប់»៕


កែតម្រូវ៖ «…ខណៈសកម្មជនបក្សនេះចំនួន៣​នាក់ទៀតត្រូវ​បាន​ក្រសួង​លុបឈ្មោះ​ចេញ​ពី​ក្របខណ្ឌមន្ត្រីរាជការ។» ទៅជា «…ខណៈសកម្មជនបក្សនេះចំនួន២​នាក់ទៀតត្រូវ​បាន​ក្រសួង​លុបឈ្មោះ​ចេញ​ពី​ក្របខណ្ឌមន្ត្រីរាជការ។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ