មន្ត្រី​រដ្ឋសភា៖ រដ្ឋាភិបាល​ជួប​ឧបសគ្គ​ក្នុង​ការ​ជំរុញ​ឱ្យ​ស្ថាប័នរដ្ឋ​មាន​ភាព​ស្អាតស្អំ​ក្នុង​ការងារ​រដ្ឋបាល​សាធារណៈ

មន្ត្រីរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ចូលរួមក្នុង​វេទិកាសាធារណៈថ្នាក់ជាតិ ស្តីពី «ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃ​ការកសាងផែនការថវិកា និងការតាមដានលើចំណូលចំណាយថវិកាសាធារណៈ​ ក្នុងបរិបទ​ក្រោយ​កូវីដ-១៩» ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ (ប៉ា សុខេង)

មន្ត្រីជាន់ខ្ពស់រដ្ឋសភាលើកឡើង​ថា កន្លងមក​ រដ្ឋាភិបាលជួប​ឧបសគ្គច្រើន​ក្នុង​ការ​ជំរុញ​ឱ្យ​មន្ត្រី និង​ស្ថាប័ន​រដ្ឋ​ ​មាន​ភាព​ស្អាតស្អំ និង​គ្មានអំពើពុករលួយក្នុងកិច្ចការរដ្ឋបាលសាធារណៈ ដែល​ការណ៍នេះ​បាន​ធ្វើឱ្យខាត​ប្រយោជន៍​ជាតិ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែលជាអ្នកបង់ពន្ធជូនរដ្ឋ។

ការលើកឡើងនេះធ្វើឡើងក្នុង​វេទិកាសាធារណៈថ្នាក់ជាតិ ស្តីពី «ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃ​ការកសាងផែនការថវិកា និងការតាមដានលើចំណូលចំណាយថវិកាសាធារណៈ​ ក្នុងបរិបទ​ក្រោយ​កូវីដ-១៩» នាថ្ងៃទី​២៣ ខែមិថុនានេះ។

ប្រធានគណៈកម្មការទី២ រដ្ឋសភា លោក ឈាង វុន ថ្លែងក្នុង​វេទិកានោះ​ថា ដើម្បី​ជំរុញ​សេដ្ឋកិច្ចកម្ពុជាទៅមុខដោយ​រលូន រដ្ឋាភិបាលនឹងផ្តោតលើគោលនយោបាយ​កែទម្រង់រដ្ឋបាលសាធារណៈ ធ្វើ​យ៉ាងណា​កែលម្អឱ្យមន្ត្រីស្អាតស្អំ និង​គ្មានអំពើពុករលួយ។

លោកថា ឆ្នាំ​២០២៣ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៦របស់រដ្ឋ​សភា ដូច្នេះ រដ្ឋាភិបាល ​តាម​រយៈ​ក្រសួងសេដ្ឋ​កិច្ច នឹងប្រឹងប្រែងជំរុញការប្រើប្រាស់ថវិកា​ឱ្យមានភាពរលូនទៅមុខ ដើម្បីកុំឱ្យប៉ះពាល់ជីវភាពពលរដ្ឋ។ លោក​ថា ភាពស្អាតស្អំ មិនមែនសំដៅតែការដែលគ្មានអំពើពុករលួយនោះ​ទេ ពោលគឺនៅមានការអនុវត្ត​តាមច្បាប់រដ្ឋបាលសាធារណៈ និង​ការ​បម្រើសេវាសាធារណៈឱ្យបានត្រឹមត្រូវផងដែរ។

លោក ឈាង វុន ថ្លែងថា៖ «នៅពេល​ដែល​យើង​ខាត​បង់​ថវិកាជាតិ វិស័យផ្សេងៗទៀតក៏ប៉ះពាល់ដែរ បើទុកលុយ​ហ្នឹង​ឱ្យវិស័យផ្សេងៗទៀតអភិវឌ្ឍ វាល្អ។ អ៊ីចឹងហើយ ត្រូវការភាពស្អាតស្អំ ផ្គត់ផ្គង់របស់មន្ត្រី​រាជការ ដែល​ទ្រទ្រង់ប្រទេសជាតិហ្នឹង ឱ្យធ្វើទៅតាមច្បាប់ទម្លាប់ដែលបានសរសេរ។ [តើកន្លងមក រដ្ឋាភិបាលមានឧបសគ្គក្នុងការជំរុញឱ្យមន្ត្រី និងស្ថាប័នរដ្ឋមានភាពស្អាតស្អំក្នុងការងារសាធារណៈឬទេ?] កំណែទម្រង់មិនមែនបានលទ្ធផលមកដោយអត់បង់ថ្លៃទេ វាមានផលប៉ះពាល់ហើយ មិនដែលអត់​មាន​ទេ អ៊ីចឹងហើយផលប៉ះពាល់ទាំងអស់ហ្នឹងត្រូវកាត់អាសាច់ស្អុយហ្នឹងចោល ហើយយើងត្រូវយល់ មន្ត្រី​រាជការ​ជាន់​ខ្ពស់​ក៏ដោយ ជាន់ទាបក៏ដោយ ថ្នាក់កណ្តាលក៏ដោយ ត្រូវរត់តាមគោលនយោបាយហ្នឹង»។

មន្ត្រីជាន់ខ្ពស់រដ្ឋសភារូបនេះបន្តថា បើសិនស្ថាប័នរដ្ឋមិនមានភាពស្អាតស្អំ នោះនឹង​មានការខាតបង់ច្រើន ហើយការខាតបង់ធំជាងគេ គឺ​​បក្សកាន់អំណាច ដែល​នឹងបាត់បង់ការគាំទ្រពីពលរដ្ឋ ហើយមួយទៀត គឺខាតថវិកាជាតិ​ទាំងដែលមិនបានផ្តល់សេវាអ្វីជូនពលរដ្ឋ ឬសេវាមិនបានល្អជូនពួកគាត់។

ព្រះតេជគុណ ង៉ែត ភាន់ មានសង្ឃដីកា​គាំទ្រការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋសភារូបនេះ ដោយថា​ ពលរដ្ឋបានបង់ពន្ធជូនរដ្ឋ ហើយ​​ទំនិញផ្សេងៗសុទ្ធតែមានពន្ធក្នុងនោះ ប៉ុន្តែពលរដ្ឋ​នៅតាមមូលដ្ឋានមិនបានដឹងគ្រប់ជ្រុងជ្រោយទេ ថាតើរដ្ឋបានធ្វើអ្វីខ្លះពាក់ព័ន្ធនឹងការចំណាយ​លើ​ថវិកា​ជាតិនេះ។

យ៉ាងណា ព្រះអង្គថា នៅមានចំណុច​ខ្វះខាតពាក់ព័ន្ធនឹងអំពើពុករលួយ ដែលទាមទារឱ្យរដ្ឋាភិបាល​មាន​ការយកចិត្តទុកដាក់ ពីព្រោះការបាត់បង់ថវិកាជាតិ ពុំមែនកើតឡើងពីថ្នាក់ក្រោមមកទេ ពោល​គឺកើត​ពី​ថ្នាក់​លើម​ក ដែលធ្វើឱ្យ​ថវិកាដែលត្រូវបានចាត់ចែងមិនមានភាពស្អាតស្អំ។

ព្រះអង្គមានសង្ឃដីកាថា៖ «យើងមានការដាក់ពិន័យទោសទណ្ឌទៅលើមន្ត្រីណាមួយដែលពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬក៏កិបកេងថវិកាជាតិទាំងអស់ហ្នឹង។ យើងអាចផ្តល់ទោសទៅតាមកម្រិតទោសដែល​យើង​បានចែងនៅក្នុងច្បាប់។ អ៊ីចឹងទៅ ពេលដែលយើងបានដាក់ច្បាប់​ឱ្យតឹង​តែង ធ្វើជាគំរូ ដែលមានមន្ត្រីពុករលួយដែលបានកិបកេងនូវថវិកាទាំងអស់ហ្នឹង ហើយយើងអនុវត្តច្បាប់ទៅ។ អ៊ីចឹងទៅ វាជាការ​ដាក់ចេញ ដើម្បីឱ្យមន្ត្រីថ្នាក់ក្រោមហ្នឹងអនុវត្តឱ្យបានត្រឹមត្រូវចំពោះថវិកាដែលយើងបានចំណាយ»។

យុវតី​មកពីខេត្តបាត់ដំបង កញ្ញា នុត សុខសាន សាទរចំពោះការលើកឡើងរបស់មន្ត្រីរដ្ឋសភា អំពីកំណែ​ទម្រង់​ទៅ​កាន់​ភាព​ស្អាត​ស្អំរបស់​ស្ថាប័ន​រដ្ឋ ដោយថា ចំណូលរបស់ជាតិ គឺទទួលបានពីពលរដ្ឋ។ កញ្ញាថា ជារឿងល្អដែលរដ្ឋត្រូវ​​ផ្តោតលើភាពស្អាតស្អំ តែបើមានតែអនុសាសន៍ ហើយគ្មានការអនុវត្តដោយ​តម្លាភាព នោះនឹងបាត់បង់ជំនឿពីពលរដ្ឋ។

កញ្ញាថា៖ «ខ្ញុំនៅតែមានចម្ងល់អំពីនៅពេលដែលយើងដោះស្រាយបញ្ហាជាលក្ខណៈ​បើក​វេទិការវាងប្រជា​ពលរដ្ឋនិង​រដ្ឋ មាន​អ្វី​ដែល​បញ្ជាក់​ថា​នៅពេល​ដែល​ប្រជាពលរដ្ឋ​ប្រាប់​ពី​តម្រូវ​ការ​របស់​គាត់​ហើយ តើ​រដ្ឋនឹងមានអីបញ្ជាក់ដែលធ្វើឱ្យប្រជាពលរដ្ឋហ្នឹងមានទំនុកចិត្ត ថាបញ្ហាដែលគាត់បានជម្រាបទៅហ្នឹងមានដំណោះស្រាយពិតប្រាកដជាក់លាក់មែន»។

ប្រធានអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់ឃើញដែរថា ​រដ្ឋាភិបាលចាំបាច់ត្រូវផ្តោតលើគោលនយោ​បាយកែទម្រង់រដ្ឋបាល​សាធារណៈ ធ្វើយ៉ាងណាកែលម្អឱ្យមន្ត្រីស្អាតស្អំ និង​គ្មានអំពើពុករលួយ ដើម្បីឱ្យការអភិវឌ្ឍដើររលូន។ យ៉ាងណា លោកថា ដើម្បីឱ្យការងារនេះ​មានប្រសិទ្ធភាព លុះត្រាការអនុវត្តមានភាព​​ស៊ី​សង្វាក់គ្នា​នឹងអនុសាសន៍ ពោលគឺការមានឆន្ទៈនយោបាយខ្ពស់លើការដោះស្រាយ ដូចជា បើ​រកឃើញថាអំពើពុករលួយរារាំងដល់ការអភិវឌ្ឍជាតិ គួរតែជំរុញការលុបបំបាត់រឿងនេះ​តាម​គ្រប់ជាន់​ថ្នាក់។

មន្ត្រីសង្គមស៊ីវិលរូបនេះថា បើអំពើពុករលួយនៅតែកើតឡើង នោះកម្ពុជាមានការខាតបង់ធ្ងន់ធ្ងរ ហើយ​​អស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ចនឹងកើតឡើង។

លោកបន្ត​ថា៖ «ពលរដ្ឋដើរតួនាទីសំខាន់ណាស់នៅក្នុងការចូលរួមក្នុងដំណើរការថវិកា ត្រួតពិនិត្យមើលការអនុវត្តថវិកា ហើយបើសិនជាមានការធ្វើវិសោធនកម្មពីសុខភាពហិរញ្ញវត្ថុ គួរតែចូលរួមតស៊ូមតិ បើសិនជាមានការរកឃើញថាមានការបាត់បង់ មានអំពើពុករលួយអីជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ