សាលាដំបូង​ខេត្តកោះកុង បង្គាប់​ឱ្យ​ពលរដ្ឋ​៩​គ្រួសារ​រុះរើ​ខ្ទម​ចេញ​ពី​ដី​រដ្ឋ

ពលរដ្ឋធ្វើដំណើរជុំវិញស្តូបតំណាងខេត្តកោះកុង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ (រូបថត៖ ហេង វិចិត្រ)

សាលាដំបូងខេត្តកោះកុង បាន​បង្គាប់​ឱ្យប្រជាពលរដ្ឋចំនួន៩គ្រួសាររុះរើខ្ទមដែល​ពួកគាត់លួច​សង់ខុសច្បាប់​​រំលោភ​បំពាន​​ចូល​​ដី​​រដ្ឋ ស្ថិតនៅ​ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា ដោយ​ដកហូតដីនោះ​មកធ្វើជា​សម្បត្តិ​រដ្ឋ​វិញ​។​

អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក វ៉ែន ភីរម្យ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋទាំង​៩គ្រួសារបានសង់ខ្ទមអនាធិបតេយ្យបំពាន​លើ​ដីរដ្ឋដោយខុសច្បាប់ ហើយ​តំណាង​​អយ្យការ​បានសហការជាមួយមន្ត្រីជំនាញខេត្ត បង្គាប់ឱ្យពលរដ្ឋទាំងនោះ​​​​រុះ​រើ​​ខ្ទមទាំងនោះវិញ និងដកហូត​​ដីនោះ​ទុកឱ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង។​

បើតាម​អ្នកនាំពាក្យរូបនេះ ​អាជ្ញាធរ​ពាក់​ព័ន្ធធ្លាប់បានចុះបង្ក្រាបករណីសង់ខ្ទមខុសច្បាប់នៅ​លើ​​ដី​រដ្ឋនៅ​តំបន់​នោះចំនួន២លើក​រួច​​​ម​ក​ហើយ ក្នុងនោះក៏មានជនសង្ស័យ២នាក់ត្រូវបានចាប់បញ្ជូនខ្លួនទៅតុលាការ និង​មនុស្ស​ជាច្រើននាក់​ផ្សេងៗបាន​​រត់​គេច​ខ្លួន។

លោក វ៉ែន ភីរម្យ ​អំពាវនាវទៅប្រជាពលរដ្ឋឈប់ទៅលួចបំពានយកដី​របស់រដ្ឋមកធ្វើជាកម្មសិទ្ធិខុសច្បាប់បែបនេះបន្តទៀត បើពុំដូច្នេះទេ ពួកគេ​នឹង​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់។

លោកមានប្រសាសន៍ថា៖ «ការបំពានដីរដ្ឋ គឺពួកគាត់នឹងប្រឈមមុខចំពោះមុខច្បាប់ហើយ ព្រោះគាត់អត់មានអង្គហេតុនៃការកាន់កាប់តាំងពីដើមមកទេ។ កាលណាគាត់ទៅទន្ទ្រានដីរដ្ឋ កាន់កាប់យកជាកម្មសិទ្ធិ ខុសច្បាប់ហើយ»។

ទោះជាយ៉ាងណា វីអូឌី មិនទាន់សុំការបញ្ជាក់​ពីប្រជាពលរដ្ឋចំនួន៩គ្រួសារនោះបានទេ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ