តុលាការ​ភ្នំពេញ​ព្រមាន​ដាក់​បញ្ជីខ្មៅ​អ្នកសារព័ត៌មាន​ដែល​លួច​ថត​សំឡេង​ពី​បន្ទប់​សវនាការ

អ្នកជាប់ឃុំជាច្រើនរូបត្រូវបានបញ្ជូនមកចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានព្រមាន​ជាលើកដំបូងទៅលើអ្នកសារព័ត៌មានដោយ​ដាក់​​ឈ្មោះក្នុ​ង​បញ្ជី​ខ្មៅ ប្រសិន​បើ​រក​ឃើញ​អ្នកសារព័ត៌មាន​នោះលួច​ថត​សំឡេង​ចេញ​ពី​បន្ទប់​សវនា​ការ ក្នុង​ពេល​តុលាការកំ​ពុង​​បន្ត​​នីតិវិធីជំនុំជម្រះ ទោះ​​​ជា​​រឿងក្ដីនោះជាប្រភេទ​​​រឿង​ក្ដីព្រហ្ម​ទណ្ឌ ឬ​ជាសំណុំរឿងរដ្ឋប្បវេណី​​។

​ការប្រកាស​ពីវិធានផ្លូវច្បាប់នេះ ត្រូវបាន​​លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​នៃសា​​លា​​​ដំ​បូង​​​រាជធានីភ្នំពេញ លើកឡើង​​ក្នុង​​ពេល​ដែល​លោក​ទទួល​ការ​កាត់​ក្ដីលើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​​​ប្រឆាំង​​​លោ​​ក កឹម សុខា កាល​ពីថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២២។

មុនចាប់ផ្តើមបើកការជំនុំជម្រះ លោក កូយ សៅ បាន​ព្រមានទៅ​​​អ្នក​​សារព័ត៌មានដោយ​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ ប្រសិន​បើពួកគេ​ល្មើសនឹ​ង​បម្រាម​តុលាការ ​តាមរយៈការលួចថតសំឡេងចេញ​​​ពី​​​​បន្ទប់ជំនុំជម្រះ។

ប្រតិកម្មរបស់តុលាការរាជធានីភ្នំពេញនៅពេលនេះ ធ្វើឡើង​​ក្រោយពី​សំឡេងលោក កឹម សុខា ត្រូវ​​បាន​បែក​​ធ្លាយ ហើយត្រូវបានសារព័ត៌មាន​ក្នុង​ស្រុក ដែល​គេ​ស្គាល់​ថា​ស្និទ្ធនឹង​រដ្ឋាភិ​បាល បាន​ផ្សព្វផ្សាយ​​​​ជា​​សា​​ធា​​រ​​ណៈចេញពីបន្ទប់សវនាការ កាលពីថ្ងៃទី១៥ ខែមិថុនា។

បើតាមលោក កូយ សៅ ​​សវនាការ​​​នេះមិនមានអ្វីជា​អាថ៌​កំបាំង​ទេ ហើយ​ការ​ផ្សព្វ​ផ្សាយ​ចេញ​ពី​បន្ទ​ប់​ជំនុំ​ជម្រះក៏មិន​ខុស​ទាស់​អ្វី​ដែរ ព្រោះ​​នេះ​ជាសវនា​​ការសាធារណៈ។ ប៉ុន្តែលោកថា ករណី​នេះជា​ការ​​រំលោភ​ទៅ​នឹង​បញ្ជានិង​នីតិវិធី​​​ដែល​​​ជា​​វិធា​ន​​​​​​កំ​​ណត់​​ដោយ​​តុលាការ។

ជុំវិញ​បញ្ហានេះ​ គេសង្កេតឃើញថា នៅក្នុងបន្ទប់ជំនុំជម្រះ​របស់សាលាដំបូងរាជធានីភ្នំពេញ តុលា​​ការ​​​បានដាក់ចេញនូវបទបញ្ជាផ្ទៃក្នុង ហើយគ្រប់ភាគីពាក់ព័ន្ធដែលមានភារកិច្ច​នៅក្នុង​​បន្ទប់​​សវ​​នាការ ត្រូវអនុវត្តដាច់ខាត​តាមការណែនាំ​នោះ​​។ វិធានផ្ទៃក្នុង​​​សម្រាប់​​តុលា​ការ​ថ្នាក់​ក្រោម​នេះ គេសង្កេតឃើញមាន៧ចំណុច បិទ​នៅ​នឹង​ជញ្ជាំង​នៃអគារសាលាដំបូង​រាជធានីភ្នំពេញ​ ហើ​យ​​​​ចំណុច​ដែល​ហាម​ថតសំ​​ឡេង ថតរូបភាព និងថតជាវីដេអូ គឺនៅ​ចំណុច​ទី​១​ មុន​គេ។

បើទោះជាបែប​ណា ក្រោយមានបាតុភាព​កើតឡើង តាមរយៈសំឡេងបែកធ្លាយរបស់​លោក កឹម សុ​​ខា សន្តិសុខ​នៅក្នុង​តុលាការត្រូវបានរឹតបន្តឹងដែល​ពុំធ្លាប់មានពីមុនមក​ សម្រាប់​ការ​បន្ត​នីតិ​វិធី​​សួរ​ដេញ​ដោល​នៅ​​ថ្ងៃ​បន្ទាប់។ កម្លាំង​សមត្ថកិច្ចត្រូវបាន​ដាក់​​ពង្រាយ​បន្ថែ​ម​​​​ច្រើន​​ជាង​មុន ដើម្បី​ត្រួត​ពិនិត្យទៅលើ​អ្នកចូល​​ស្តាប់សវនាការ។ ចំណែក​​វត្ថុសង្ស័យ​​មួយ​​ចំ​នួ​ន សូម្បី​​សោឡានក៏​​ស្ថិតនៅ​​​ក្នុងកម្ម​វត្ថុដែល​​ត្រូវហាម​​ឃា​ត់ មិនឱ្យយកចូលទៅក្នុងបន្ទប់​​ជំនុំជម្រះដែរ។

សម្រាប់​នាយក​ប្រតិបត្តិ​នៃស​ម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ឯក​​ភា​ព​​​​ថា អ្វីដែលតុលាការតម្រូវឱ្យ​គ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តដោយសុទ្ធចិត្ត ប៉ុន្តែលោក​សង្កេ​ត​​​​​​ឃើ​ញការ​អនុវត្តនីតិវិធីនេះនៅតែមានបញ្ហា ដោយមិនឈរលើ​​គោលការណ៍ស្មើភាពគ្នា។​ ​បើ​​តា​ម​​​​អ្នក​​​ជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ ស្ថាប័នដែលមានជំហរ​កណ្ដាលតែង​ត្រូវ​បាន​រឹត​ត្បិត ដែ​ល​​​​​ផ្ទុយពីស្ថាប័នដែលគាំទ្ររដ្ឋាភិបាល។

លោកបន្តថា៖ «ការហាមប្រាម ខ្ញុំយល់ឃើញថាជាអ្វីដែលយើងគួរតែអនុវត្ត ប៉ុន្តែអ្វីដែលជាចំណុច​​សំ​ខាន់​​ឱ្យ [អនុវត្ត]​ ស្មើ​ភាព​គ្នា នេះជាចំណុច​ទី១! ហើយចំណុចទី២ ចំពោះសវនាការសាធារណៈទាំងអស់ដែ​​ល​​​​តុលាការរៀបចំឡើង ខ្ញុំ​យល់​ឃើញ​ថា​គួរ​មាន​ការ​បើក​ទូលាយ ហើយគួរមានការ​​សម្រួល​​ឱ្យអ្នក​សា​រព័ត៌មានមាន​ភាព​កាន់​តែ​ងាយ​ស្រួល ​ជាជាង​ដាក់​បម្រាម​ជាទូទៅ​គ្រប់​សវនាការ ទាំងសវនា​ការ​​សា​​ធារណៈ និងសវនាការអសាធារណៈ»។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន យល់ឃើញថា សេរីភាព​​ខាង​​សារ​ព័ត៌​មាន​​សម្រាប់​ព្រឹត្តិការណ៍ដែលបាន​កើតឡើង​​នៅតុ​លាការ​នេះបានដើរថយក្រោយមួយ​កម្រិត បើ​​​ធៀ​​ប​​​នឹង​​ស្ថា​នភាពដូចគ្នានេះកាលពី២៨​ឆ្នាំមុន។

លោក​មេធាវីបន្ត​​ថា ការ​យក​សំឡេង​​នៅ​​ក្នុង​បន្ទប់​សវនាការមកប្រើ ​មិន​ខុស​ឆ្គង​អ្វី​ទេ ប្រសិន​បើ​សវនា​​ការ​​នោះ​​​ជា​ប្រភេទសវនា​​ការបែបសា​​​ធារ​ណៈ​​។ ប៉ុន្តែ​លោកថា សេរីភាពនេះ​ត្រូវ​​កម្រិត​មក​ចង្អៀត​វិញ ដោយ​សារ​មាន​បញ្ញត្តិមាត្រាមួយចំនួននៅក្នុងក្រម​​​នី​​តិវិធី​​ព្រហ្ម​​ទណ្ឌ ដែ​​ល​​​បើក​ផ្លូវ​ឱ្យ​មាន​ការអនុញ្ញាត​ពី​តុលាការទើបអាចថតបាន។

បើតាមលោក សុក សំអឿន បញ្ញត្តិនៃមាត្រានេះហើយដែលជាឧបសគ្គសម្រាប់អ្នក​សារ​ព័ត៌​មាន​​ ដែ​​ល​​​សិទ្ធិរបស់ពួកគេ​ត្រូវបាន​​ក​ម្រិ​ត​​ក្នុងកា​​រទ​ទួ​ល​​​​បានព័ត៌មាននៅក្នុងបន្ទប់ជំនុំជម្រះដែល​ជា​​​ការ​​​ជំ​​​​នុំ​​​ជម្រះ​​សា​ធា​​រ​​​ណៈ​​។

លោកបន្តថា៖ «តាមពិតទៅ យ៉ាងម៉េចដែលហៅថាសវនាការសាធារណៈ បានន័យថា អ្នកណាចូល​​ក៏​បាន​​​ដែរ​ មិន​អ៊ីចឹង​! ហើយអ្នកណាស្តាប់ក៏បានដែរ មិនអ៊ីចឹង! បើយើងបើកជាសាធារណៈ ខ្លាច​​អី​គេថត។ ហើយកាលពីឆ្នាំ១៩៩៤ អ្នក​កាសែត​ចូល​ពេញៗ​បន្ទ​ប់​សវនាការ ម៉េចមិនអីផង!​ ហេតុអី​​បានជាយើងត្រូវ​ប្តូរ​សិទ្ធិ​ហ្នឹង​វិញ? អាហ្នឹង​ហើយ​ដែលយើង​ថា​ដើរ​ថយ​ក្រោយ​វិញ​​»។

បើទោះជា​មាន​បញ្ញត្តិមាត្រាច្បាប់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ​បែបនេះក្តី ចំពោះកា​រ​អនុវត្ត​​ជាក់​​​ស្តែង​​បច្ចុប្បន្ន​នេះ អ្នកចូល​​រួម​​ស្តាប់សវនាការ ជាពិសេសរឿងក្តីធំៗទាក់ទងរឿង​នយោ​បាយ និង​​​អ្នក​​​ការ​​ពារ​​សិទ្ធិ​​មនុស្ស ជាដើម តុលា​​ការ​​​តម្រូវឱ្យអ្នកចូលរួម​ត្រូវចុះឈ្មោះជាមុន។ ក្នុង​ករណីដែល​អ្នកចង់​​ស្តាប់​​ស​​វនា​​ការមិនបានចុះឈ្មោះជាមុន ទោះជាស​វនា​​ការ​​នោះ​ធ្វើ​ឡើង​តាម​​​បែប​​​សាធារណៈ​ក្តី ក៏​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​​បាន​​​កម្រិត ដោយតុលាការ​​មិនអនុញ្ញាតឱ្យពួកគេ​​​​ចូល​​​រួម​​តាម​ដាន​សវនាការនោះ​​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ