WB ផ្ដល់​ប្រាក់​២០លាន​ដុល្លារ​ដល់​សមាគម​អាស៊ាន​លើ​គម្រោង​លុប​បំបាត់​ការ​បំពុល​ប្លាស្ទិក​ក្នុង​សមុទ្រ

សំរាមជាប្រភេទសំបកកំប៉ុងជ័រនិងដប រាយប៉ាយនៅតាមបណ្ដោយឆ្នេរសុខសាន្តដោយគ្មានសណ្ដាប់ធ្នាប់។ (ទុំ ម្លិះ/ ២៩-៣០ កក្កដា ២០២០)

ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (World Bank Group ឬWB) បានអនុម័ត​កញ្ចប់​ថវិកា​ចំនួន២០លានដុល្លារអាមេរិក សម្រាប់ជួយដល់​រដ្ឋសមាជិក​នៃសមាគម​ប្រជាជាតិអាស៊ាន​ លើគម្រោង SEA-MaP ក្នុងការ​លុប​បំបាត់​ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិកទៅក្នុង​សមុទ្រ​នៃ​តំបន់​របស់​ខ្លួន។

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចុះ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បាន​លើក​ឡើង​​ថា តាមរយៈកញ្ចប់ថវិកានេះ ធនាគារ​ពិភពលោក នឹងសហការជាមួយអគ្គ​លេខាធិការ​ដ្ឋាន​អាស៊ាន និងដៃគូនានា នៅកម្រិតតំបន់ និងនៅតាមប្រទេស ក្នុងការងារពង្រឹង​គោល​នយោ​បាយ និងក្របខណ្ឌ​បទប្បញ្ញត្តិ​​ដែលគ្រប់គ្រង​សកម្មភាពផលិត និងការ​ប្រើប្រាស់​វត្ថុប្លាស្ទិក​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រភពដដែលបញ្ជាក់ថា៖ «គម្រោង​នេះមានគោលដៅកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក បង្កើន​សកម្មភាពកែច្នៃឡើងវិញ និងទប់ស្កាត់ការបំពុលដីនិងក្នុងដែនសមុទ្រ តាមរយៈសកម្មភាព​ទុកដាក់សំរាមប្លាស្ទិកឱ្យ​បាន​ត្រឹម​ត្រូវ។ គម្រោ​ងនេះក៏នឹងជួយ​ផងដែរដល់បណ្តាសកម្ម​ភាព​សេដ្ឋកិច្ច ពាក់ព័ន្ធឆ្នេរនិងដែនសមុទ្រដែលរងផលប៉ះពាល់​អាក្រក់ខ្លាំង​ពីសំរាមក្នុងផ្ទៃ​សមុទ្រ​ ជាពិសេស​វិស័យសំខាន់ៗមួយចំនួន​មានដូចជា ផ្នែកនេសាទ ទេសចរណ៍ និង​នាវាដឹកជញ្ជូនទំនិញ»។

អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ិហ្វិក លោកស្រី ម៉ាអែនឡា ហ្វេរ៉ូ ត្រូវបានស្រង់ប្រសាសន៍ដាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ការ​កាត់ប​ន្ថយ​ការ​បំពុលដោយ​ប្លាស្ទិកនៅតាមដងទន្លេ និងមហាសមុទ្ររបស់ពិភពលោក ជា​រឿង​​ចាំបាច់ដែល​ត្រូវ​ធ្វើសកម្ម​ភាព​នៅ​កម្រិត​ប្រទេស និង​កិច្ច​ខិតខំប្រឹងប្រែងរួម​ ជាមួយនឹងការសម្របសម្រួលគ្នាឱ្យបាន​ល្អ។

លោកស្រីបន្តថា៖ «យើងរីករាយក្នុងការជួយរដ្ឋសមាជិកអាស៊ាន ក្នុងកិច្ចសហការគ្នា ដើម្បីកាត់​បន្ថយ​ការបំពុលដោយប្លាស្ទិកទៅក្នុងដែនទឹកទន្លេ និងសមុទ្រ ក៏ដូចជាក្នុង​ការ​​​ស្វែង​រកដំណោះ​ស្រាយចំពោះឥទ្ធិពលអវិជ្ជមាន ដែលកាកសំណល់ប្លាស្ទិក​អាចបង្កដល់​សេដ្ឋកិច្ច បរិស្ថាន អាកាសធាតុ និងសុខភាពរបស់​ប្រជាជន»។

អគ្គលេខាធិការនៃសមាគមអាស៊ាន លោក Dato Lim Jock Hoi បានលើកឡើង​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាននោះ​ដែរថា ដែនសមុទ្រ និងឆ្នេរសមុទ្រ មាន​សារៈ​សំខាន់​ណាស់​សម្រាប់ជីវិតនិង​របរ​ចិញ្ចឹមជិវិត​របស់ប្រជាពលរដ្ឋ ក៏​ប៉ុន្តែវា​កំពុង​តែ​រង​សម្ពាធ​យ៉ាង​ខ្លាំង ជាពិសេសពីសំណាក់ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិក​ ដែលអាចនាំឱ្យគ្រោះថ្នាក់ដល់សុខភាព និងជះ​ឥទ្ធិពលអវិជ្ជមានទៅលើឧស្សាហកម្មទេសចរណ៍​និងនេសាទ​។

លោកបន្តថា៖ «គម្រោងថ្នាក់តំបន់មួយនេះជាសក្ខីកម្មបង្ហាញ​អំពី​ការ​តាំង​ចិត្ត និងការប្ដេជ្ញាចិត្ត​របស់​រដ្ឋសមាជិកអាស៊ាន ក្នុង​ការស្វែងរកដោយ​ប្រតិ​សកម្មនូវ​ដំណោះ​ស្រាយ​ចំពោះបញ្ហាឆ្លង​ដែន​មួយ​នេះ ដើម្បីកែលម្អឱ្យប្រសើរឡើងវិញនូវសុខភាពរបស់ផ្ទៃដីដែនសមុទ្ររបស់យើង ដែល​ជាទីពឹង​ពាក់​អាស្រ័យ​របស់​ប្រជាជនជាច្រើននៅក្នុងតំបន់អាស៊ានយើងនេះ»។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បណ្តាប្រទេស​សមាជិក​អាស៊ាន​ មាន​ទន្លេ និងដែនសមុទ្រ​ ច្រើនប្រើប្រាស់រួមគ្នា ព្រមទាំងបណ្តាញទីផ្សារ​សម្រាប់ធ្វើពាណិជ្ជកម្ម​ ផលិត​ផល និងសំណល់ប្លាស្ទិក ដែលចាំបាច់ត្រូវមានចំណាត់ការនៅថ្នាក់ជាតិនិងថ្នាក់​តំបន់​ តាមរយៈការ​សម្របសម្រួល​សកម្មភាពគ្នា។

ប្រភពដដែលបន្តថា អាស៊ីអាគ្នេយ៍បាន​ក្លាយជាចំណុចក្តៅមួយនៃការបំពុល​ដោយ​​កាកសំណល់​​ប្លាស្ទិក ដោយសារតែ​ការរីកលូតលាស់​របស់ទីក្រុង និងការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​វណ្ណៈកណ្ដាលយ៉ាងឆាប់រហ័ស។

បញ្ហា​បំពុលដោយ​ប្លាស្ទិកនេះ ធនាគារ​ពិភពលោកថាបាន​បង្កឱ្យ​មាន​​ការ​​ខាតបង់ច្រើន ក្នុងនោះគ្រាន់​តែនៅឆ្នាំ២០១៥ សកម្មភាព​សេដ្ឋកិច្ចពាក់ព័ន្ធនឹងដែនសមុទ្រនៃបណ្តាប្រទេស​សមាជិក​អាស៊ាន ក្នុងនោះមានកម្ពុជាផងដែរ រង​ការ​​ខូច​ខាត​​គិត​ជាតម្លៃទឹកប្រាក់ប្រហែល២,១​ប៊ីលាន​ដុល្លារអាមេរិក។ លើសពីនេះ វដ្តជីវិត​ទាំងមូល​របស់​ប្លាស្ទិក រាប់​ទាំង​​សកម្មភាពផលិត និង​ការ​ដឹកជញ្ជូន​របស់វា បានបំភាយឧស្ម័ន​កាបូនិច​រាប់​ប៊ីលាន​តោន​នៅក្នុងស្រទាប់​បរិយា​កាស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ