ក្រសួងការងារ​កំណត់​កាលវិភាគ​ពី​ការ​ចរចា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឆ្នាំ២០២៣

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវ​កាល​វិភាគ​ចរចាប្រាក់​ឈ្នួល​អប្បបរ​មាសម្រាប់​កម្មករ​-កម្មការិនី​​​ផ្នែកវាយ​នភណ្ឌ​កាត់ដេរ ផលិតស្បែកជើង ផលិត​ផលធ្វើដំណើរ​ និងកាបូប សម្រាប់​​ឆ្នាំ២០២៣​ ដោយគ្រោងប្រជុំជាដំណាក់កាលៗ​ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បាន​លើកឡើង​ថា កាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ធ្វើឡើង​ដោយ​យោងតាមច្បាប់​​ស្តីពីប្រាក់​ឈ្នួលអប្បបរមា ដែលប្រកាសឱ្យ​ប្រើប្រាស់កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។

ក្រសួងបន្តថា ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ ត្រូវ​អនុវត្តតាមប្រតិទិន គឺ​ខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ, ខែសីហា ឆ្នាំ២០២២ ជា​ការចាប់​ផ្ដើម​ពិភាក្សា​ជា​លក្ខណៈ​ទ្វេ​ភាគី និ​ង​ត្រីភាគី ខណៈ​ខែកញ្ញា ឆ្នាំ២០២២ បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា​ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត​​ស្បែក​ជើង និង​ផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។

ក្រសួង​បញ្ជាក់ថា៖ «ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា»។

យ៉ាងណា ក្រសួងការងារបានណែនាំ​ឱ្យគ្រប់ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្រប​ច្បាប់ និងការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដោយយោងលើលក្ខណៈ​វិនិច្ឆយ​បែប​សង្គម ដូចជា ស្ថាន​ភាព​គ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ ព្រមទាំង​​លក្ខណៈ​វិនិច្ឆយ​បែប​សេដ្ឋ​កិច្ច ដូចជា ផលិត​ភាព ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ស្ថាន​ភាព​ទីផ្សារ​ការ​ងារ និងកម្រិតចំណេញរបស់វិស័យ ដូចមានកំណត់​ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា សម្របសម្រួល​ផ្ទៃក្នុង និងទទួលបានគោលជំហររួម​មួយ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃសុក្រនេះថា សហជីព​ឯកភាពក្នុង​ការ​ចូល​រួម​កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ តាមការកំណត់របស់ក្រសួង ខណៈកិច្ចប្រជុំ​នេះត្រូវបានកំណត់ឱ្យរៀបចំជារៀងរាល់ឆ្នាំ​ ដោយយោងលើកិច្ចព្រមព្រៀង គោលការណ៍ លក្ខខណ្ឌ និង​ច្បាប់​ក្នុង​វិស័យកាត់ដេរ រវាងសហជីព និង GMAC។

ទោះ​ជាបែបនេះក្តី លោក​រំពឹងថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ​នាឆ្នាំ២០២៣ អាច​នឹង​មាន​ការ​កើនឡើង ដោយ​សារ​ស្ថានភាពវិស័យកាត់ដេរមានការរីកចម្រើន ក្រោយ​ងើបពី​វិបត្តិ​​កូវីដ-១៩។

លោកថា៖ «សហជីពនឹងសហការជាមួយអង្គការពាក់ព័ន្ធ និងក្រុមសហជីពដទៃទៀត ដើម្បីរៀបចំជាសំណើររួម។ ឥលូវកំពុងធ្វើការងារហ្នឹងហើយ ហើយនឹងត្រៀម ដើម្បីធ្វើការចរចានៅថ្ងៃខាងមុខ។ ប៉ុន្តែឥលូវនេះ គឺយើងត្រូវប្រជុំក្នុងចំណោមភាគីសហជីពសិន ហើយយើងពិនិត្យមើលការស្រាវជ្រាវរបស់យើង និងយើងត្រៀមធ្វើសំណើផ្លូវការ ដែលយើងនឹងធ្វើទៅតាមគោលការណ៍ដែលបានកំណត់ដោយមានលក្ខណៈវិនិច្ឆយ»។

កម្មករធ្វើការ​នៅ​រោងចក្រដេរស្បែកជើងមួយ នៅរាជធានីភ្នំពេញ អ្នកស្រី វ៉ិត ដាវីន និយាយ​ថា អ្នកស្រីចង់​ឃើញ​ក្រសួង​ការ​ងារ តំណាងសហជីព និង​ស្ថាប័ន​ពាក់​ព័ន្ធ​ ជជែកជាមួយថៅកែរោងចក្រ ធ្វើយ៉ាងណា​ឱ្យមានការដំឡើងប្រាក់ខែអប្បបរមា​ឱ្យបានសមរម្យដល់កម្មករ។

ស្ត្រីវ័យ២៦​ឆ្នាំរូបនេះបន្ត​ថា ដរាបណាប្រាក់ខែកម្មករអប្បបរមាមិនដល់២០០ដុល្លារអាមេរិក នោះពួកគាត់នៅតែរស់នៅក្នុងជីវភាពលំបាក ពីព្រោះពុំអាចបែងចែកលុយកាក់ចំណាយលើការហូបចុក និងផ្គត់ផ្គង់ជីវភាពបានសមរម្យទេ ជាពិសេសកម្មករដែលធ្វើការនៅរាជធានីភ្នំពេញ ហើយ​ជួលផ្ទះស្នាក់នៅ។

អ្នកស្រីថា៖ «ម្ហូបអាហារធ្លាប់រាល់ដង ដូចជា ១ម៉ឺន[រៀល] យើងអាចទិញអីហូបបាន តែឥលូវឡើងដូចថា ១ម៉ឺន​ទៅជា២ម៉ឺនរៀល​អ៊ីចឹង។ ផ្ទះជួលអីឡើងថ្លៃ ដូចថា ១ឆ្នាំឡើង​តាម​១ឆ្នាំអ៊ីចឹងទៅ។ ហើយអ៊ីចឹងវាពិបាក ចំណូលយើងបានតិច ចំណាយយើងរាងក្រែល។ [បើមានការដំឡើងប្រាក់ខែ តើនឹងជួយអីដល់កម្មករខ្លះ?] បើគេដំឡើងប្រាក់ខែឱ្យ ទី១ យើងបានផ្ញើទៅគ្រួសារ ផ្គត់ផ្គត់ជីវភាពយើងរាងគ្រាន់អ៊ីចឹងណា ណាមួយទោះវា[ថ្លៃទំនិញ]ឡើងមក ហើយយើងចំណាយអីទៅ ក៏វារាងគ្រាន់ជាងមុនអ៊ីចឹងណា»។

គួរបញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​​សម្រាប់​កម្មករ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ ផលិត​ស្បែក​ជើង និង​​សម្ភារ​ធ្វើ​ដំណើរ នៅ​ឆ្នាំ២០២២នេះ​ មិន​មាន​​ការ​ដំឡើង​ឱ្យ​ពី​ភាគី​និយោជក​នោះទេ គឺ​រក្សា​ទុកត្រឹម​ ១៩២ដុល្លារ ដូចឆ្នាំ២០២១ដែរ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម២​ដុល្លារ ដែល​ធ្វើ​ឱ្យ​ប្រាក់ឈ្នួល​កម្មករ​ឆ្នាំ២០២២ កើន​ដល់១៩៤ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ