ដី​ជាង​២២០​ហិកតា​ដែល​រដ្ឋាភិបាល​កាត់​ចេញ​ពី​ផ្ទៃបឹង​ទន្លេបាទី ត្រូវ​បាន​ឱ្យ​បុគ្គល​ម្នាក់​ធ្វើ​ការ​អភិវឌ្ឍ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​កំណត់​​ផ្ទៃបឹង​​ទន្លេបាទីជាង៩៧​ហិកតារក្សា​ទុក​ជាសម្បត្តិ​រដ្ឋ ខណៈផ្ទៃដីដែលនៅសល់ជាង២២២ហិកតាទៀត រដ្ឋាភិបាលប្រគល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការអភិវឌ្ឍ។

អនុក្រឹត្យមួយចុះហត្ថលេខា​ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដែល​ត្រូវបានផ្សព្វផ្សាយនៅថ្ងៃម្សិលមិញ ​​ឱ្យដឹងថា តំបន់​ទន្លេ​បាទី ត្រូវ​បាន​បែង​ចែកជា​២​ផ្នែក​ ដោយ​មួយផ្នែក​រក្សាទុកជាសម្បត្តិរដ្ឋ​ និង​មួយ​ផ្នែក​ទៀត រដ្ឋប្រគល់​ឱ្យ​ឯកជនសម្រាប់​អភិវឌ្ឍន៍។

អនុក្រឹត្យ​ដដែលបន្តថា ផ្ទៃ​បឹង​ទន្លេ​បាទី​ជាង​៩៧​ហិក​តាដែល​រដ្ឋាភិបាលកំណត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ចំនួន​២ ក្នុងនោះ​ភូមិសាស្ត្រទី១ មាន​ផ្ទៃ​ដី​ជាង​៥៧​ហិក​តា ស្ថិត​ក្នុង​ស្រុក​បាទី ខេត្តតាកែវ ខណៈភូមិសាស្រ្តទី២ មានដីទំហំ​ជាង​៣៩​ហិកតា ស្ថិត​ក្នុងស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល។ ចំណែក​ផ្ទៃដី​បឹងទន្លេបាទី​ទំហំ​ជាង២២២ហិកតាដែលនៅសល់ ត្រូវបានរដ្ឋាភិបាលធ្វើអនុប្បយោគ​ពីសម្បត្តិសាធារណៈរបស់​រដ្ឋ ម​ក​ជា​សម្បត្តិឯកជនរបស់រដ្ឋ។

អនុក្រឹត្យបញ្ជាក់ថា ផ្ទៃដីដែលប្រគល់ឱ្យឯកជន ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ជាង​១១៦​ហិកតា និង​នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង​១០៦​ហិកតា ដោយផ្ទៃដីទាំង​២ទីតាំង​នេះ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុន​លាភ ធ្វើការអភិវឌ្ឍ ចាប់​ពីថ្ងៃទី​២ ខែមីនា ឆ្នាំ២០២២ ដែលបានចុះហត្ថលេខាតទៅ។

ការសម្រេចរបស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានធ្វើឡើង​តាមសំណើរបស់រដ្ឋមន្ត្រីក្រសួង​រៀប​ចំដែន​ដី នគរូបនីយកម្ម និង សំណង់ លោក ជា សុផារ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ