អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមួយរូបបានឱ្យដឹងថា អាជ្ញាធរបានផ្ទេរអតីតមេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី ទៅកាន់ពន្ធនាគារក្នុងរដ្ឋធានីហើយ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun មកចុះផ្សាយថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារក្នុងទីក្រុង Naypyitaw កាលពីថ្ងៃពុធកន្លងទៅ បន្ទាប់ពីតុលាការចេញសេចក្តីសម្រេច។
អ្នកនាំពាក្យរូបនេះបន្តឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកស្រី [អ៊ុងសាន ស៊ូជី] ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារហើយ ដែលបច្ចុប្បន្នកំពុងតែដាក់ឱ្យនៅក្នុងការឃុំឃាំងតែម្នាក់ឯង»។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសប្រមាណ២០ករណី ដែលក្នុងនោះរួមមាន ការនាំចូលអាយកូមដោយខុសច្បាប់, បទរំលោភវិធានការទប់ស្កាត់វិបត្តិកូវីដ-១៩, បទទទួលសំណូក រំលោភការសម្ងាត់រដ្ឋ, បទចោទទាក់ទងនឹងការក្លែងបន្លំការបោះឆ្នោត និងបទចោទធ្ងន់ធ្ងរមួយចំនួនទៀត ដែលអាចនឹងជាប់ពន្ធនាគារសរុបប្រមាណ១៩០ឆ្នាំ បើតុលាការកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងទាំងនេះ។
ប្រទេសមីយ៉ាន់ម៉ា
បានធ្លាក់ចូលក្នុងភាពច្របូកច្របល់គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលរាប់ពាន់នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕












