គ.ជ.ប បង្ហាញ​លទ្ធផល​ឆ្នោត​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន​បង្ហាញជាផ្លូវការ​អំពី​លទ្ធផល​ឆ្នោតនៃការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដែល​​​​តាម​ការ​គ្រោងទុក លទ្ធផលនេះនឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​​២៦ ខែ​មិថុនា។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប នៅថ្ងៃសុក្រនេះ បង្ហាញថា មាន​​គ​​ណ​​​​​​​បក្សនយោបាយចំនួន៩គណបក្ស ក្នុងចំណោមគណបក្សទាំង១៧ ដែល​​បានចូលរួម​​ប្រកួត​​ប្រ​ជែងបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥នេះ ទទួលបាន​​អា​សនៈ ជាមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់។

ប្រភពដដែល​បន្ត​ថា គណបក្សប្រជាជនកម្ពុជា ទទួល​បាន៩ ៣៧៦​អាសនៈ, គណបក្ស​ភ្លើង​ទៀន ទទួល​បាន២ ១៩៨​អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៩​អាសនៈ, គណបក្ស​​ខ្មែរ​​​​រួប​​រួម​ជាតិ ទទួលបាន១៣​អាសនៈ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦​អាសនៈ, គ​ណ​​បក្សខ្មែរស្រឡាញ់​ជាតិ ទទួលបាន៥អាសនៈ, គណបក្សយុវជនកម្ពុជា ទទួល​បាន៣​អាសនៈ ក្នុង​​​ពេល​ដែល​គណបក្សកម្ពុជានិយម និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិប​តេយ្យ ទទួល​បាន១​អា​ស​​នៈដូចគ្នា។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ឱ្យដឹងទៀតថា ប្រជាពលរដ្ឋចេញទៅបោះឆ្នោតជាង៧លាន​​នាក់ (៧ ៣៩៤ ៤២៧នាក់​) បើគិតជាភាគរយជាង៨០​ភាគរយ (៨០,៣២%)។ ចំណែកសន្លឹក​​ឆ្នោត​​​​បានការ​​មាន​ជាង៧លានសន្លឹក (៧ ២៣៧ ០៣៧សន្លឹក) ខណៈដែលសន្លឹកឆ្នោត​​មិន​​​បាន​​​ការ​​មាន​​ជាង១៥ម៉ឺនសន្លឹក (១៥៧ ៣៩០សន្លឹក)។

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា បញ្ជាក់​បន្ថែម​​ថា មូល​ហេតុ​​​ដែល​​​​នាំ​​ឱ្យ គ.ជ.ប ចេញលទ្ធផលឆ្នោតផ្លូវការមុនកាលកំណត់នេះ ដោយ​យោង​លើ​​ស្មារ​តីនៃកិច្ច​​ប្រជុំ​​ដែលសម្រេចអំពីលទ្ធផលផ្លូវការនៃការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ​​លោក​​​បន្ត​​ថា សម្រាប់​​ថ្ងៃ​​​ទី២៦ ខែមិថុនា គឺទុក​ពេល​សម្រាប់​តែ​ប្រកាស​អំពី​សមាស​ភាព​បេក្ខ​​ជន​​​ដែល​​​ត្រូវ​​​ទទួ​ល​​ភារកិច្ចជា​​មេ​​ឃុំ​​-ចៅសង្កាត់ និង​ក្រុមប្រឹក្សា​ឃុំសង្កាត់។

លោកបន្តថា៖ «តាមពិតតែមួយទេ គ្រាន់តែ គ.ជ.ប កំណត់យកថ្ងៃទី​២៤នេះជាថ្ងៃប្រជុំសម្រេច​​ជាផ្លូ​​វការអំពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។ ចំណែកឯ​ថ្ងៃទី​២៦ គឺជាថ្ងៃដែល គ.ជ.ប ផ្សព្វ​​ផ្សាយជា​​សាធា​រ​​ណៈ​ដល់សាធារណជន»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥នេះ មានគណបក្សនយោ​​បាយ​​​ចំនួន១៧បានចុះឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងជាមេឃុំចៅសង្កាត់ និង​​ស​​មា​​​ជិកក្រុមប្រឹក្សាឃុំសង្កាត់។ បើទោះជាបែបណា ទាំងអង្គការមិនមែនរដ្ឋាភិបាល និងគណបក្ស​​ន​​យោ​​​​​បាយមួយចំនួនដែលចូលរួមប្រកួតប្រជែង រិះគន់ថា ការបោះឆ្នោតឃុំសង្កាត់​​លើកនេះមាន​​លក្ខ​​ណៈអាក្រក់ជាងការបោះឆ្នោតឃុំសង្កាត់ណាៗទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ