អភិបាលតំបន់មួយរូបបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ទាហានអ៊ុយក្រែនទាំងឡាយនឹងត្រូវតែដកចេញពីទីក្រុងសមរភូមិ Sievierodonetsk ខណៈទីតាំងភាគច្រើននៅក្នុងទីក្រុងមួយនេះ បច្ចុប្បន្នត្រូវបានកាន់កាប់ដោយរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍ អភិបាលតំបន់លូហាន់ (Luhansk) លោក Serhiy Gaidai បានបញ្ជាក់ថា៖ «ការដែលរក្សាទុកទ័ពដើម្បីតែរងនូវការវាយកម្ទេច [ពីភាគីរុស្ស៊ី] និងការបាត់បង់ជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនខែនោះ គឺគ្មានន័យអ្វីឡើយ»។
ទាក់ទិននឹងករណីនេះ លោកថា ទាហានទាំងឡាយក្នុងទីក្រុងនេះបានទទួលបញ្ជាឱ្យផ្លាស់ទៅកាន់ទីតាំងថ្មីរួចរាល់ហើយ។
ទោះជាយ៉ាងណា មន្រ្តីរូបនេះមិនបានបញ្ជាក់ពីទីតាំងថ្មីដែលពួកគេនឹងត្រូវផ្លាស់ទៅកាន់ឡើយ។
គួរបញ្ជាក់ថា ការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ក្នុងទីក្រុង Sievierodonetsk ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ការវាយដណ្តើមយកទីក្រុងក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនមួយនេះ បច្ចុប្បន្នគឺជាគោលដៅដ៏សំខាន់មួយរបស់រុស្ស៊ី។
ទាក់ទិននឹងករណីនេះ ប្រធានាធិបតីអ៊ុយក្រែនក៏បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការប៉ុនប៉ងសម្លាប់ជនជាតិអ៊ុយក្រែន ធ្វើឱ្យខូចខាតកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងចាត់ទុកសកម្មភាពរបស់រុស្ស៊ីនេះថាជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ផងដែរ៕












