កម្មករ​២៧​នាក់​របួស​ធ្ងន់​និង​ស្រាល​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ឧដុង្គ

រថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវលំភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យកម្មករ កម្មការិនី យ៉ាងហោចណាស់ចំនួន ២៧នាក់ រងរបួសធ្ងន់ស្រាល។ (គេហទំព័រ អគ្គស្នងការនគរបាលជាតិ)

យ៉ាងហោចណាស់កម្មករ-កម្មការិនីចំនួន ២៧នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ។

គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី ​២៥​ ខែមិថុនា​ ឆ្នាំ​២០២២​ មុន​ពេល​កើតហេតុ​ រថយន្ត​ខាងលើ​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 3A-2816​ អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​(​បាន​ចុះ​គេចខ្លួន​បាត់​)​ ដឹក​កម្មករ​-​កម្ម​ការ​នី​ ដែលធ្វើការក្នុង​រោងចក្រ​ស៊ី​គ្លូ​ ស្ថិត​នៅ​ក្នុងភូមិ​បុរី​កម្មករ​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ។ ប្រភពដដែលបន្តថា​  ស្រាប់តែដល់​ចំណុច​លើ​ផ្លូវលំ​ភូមិ​ច្រក​ពពូល​ ឃុំ​ជំពូព្រឹក្ស​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​  ក៏ជួបគ្រោះថ្នាក់បណ្តាលឱ្យកម្មករ-កម្មការិនីសរុបចំនួន​៥០​នាក់​  បណ្តាលឱ្យរង​របួស​ចំនួន​២៧​នាក់​ ក្នុងនោះរបួសធ្ងន់​ចំនួន ​១១​នាក់​ និងរបួសស្រាលចំនួន ១៦នាក់។

អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា ដើមចមដែលនាំឱ្យជួបគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារអ្នកបើកបរដល់ចំណុច​ផ្លូវ​មាន​សភាព​កោង​ខ្លាំង ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឱ្យ​​រថយន្ត​នោះ​ផ្អៀងក្រឡាប់​ ធ្វើឱ្យកម្មករ-កម្មការិនីទាំង២៧នាក់ នោះរង​របួសធ្ងន់និង​ស្រាលផងដែរ។​

​ក្រោយ​ពី​កើតហេតុ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ខណៈរថយន្ត​ខាងលើត្រូវបានសមត្ថកិច្ច​យកទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជំពូព្រឹក្ស​ ដើម្បី​អនុវត្ត​តាម​នីតិវិធីច្បាប់។

ចំណែក អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអំពាវនាវតាមរយៈហ្វេសប៊ុករបស់លោកកាលពីម្សិលមិញនេះ ដោយទទូចទៅម្ចាស់រថយន្តដឹកកម្មករ-កម្មការិនី ប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដោយ កុំវ៉ាជែង ក្នុងស្ថានភាពមិនល្អ កុំបើកបរលើសល្បឿនកំណត់ ដោយសារកម្មករ-កម្មការិនីរាប់សិបនាក់ បានស្ម័គ្រចិត្តផ្ញើអាយុជីវិតទៅអ្នកបើកបរតែម្នាក់គត់។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍​ផ្លូវ​គោក លោក ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា គ្រោះថ្នាក់ចរា​ចរណ៍​ពេញមួ​យឆ្នាំ នា​ឆ្នាំ​​​២០២១ បានកើតឡើងចំនួន​​ ២ ៦៧០លើក ដែលបណ្ដាល​ឱ្យ​មនុស្ស ១ ៤៩៧នាក់ ស្លាប់បាត់បង់ជីវិត និង​​រង​របួស​ចំនួន ៣ ៦១៥នាក់។

ក្រុមអ្នកជំនាញ​​​បានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១​ ដោយសារការ​បើកបរ​លើសល្បឿនកំណត់​ចំនួន ​៣​៨​ភាគ​រយ, ការ​មិន​គោរព​សិទ្ធិ​​​ ២៤ភាគរយ, ការមិនប្រកាន់ស្តាំ​ ១៤ភាគរយ, ការជែងដោយ​​គ្រោះថ្នាក់ ៨ភាគរយ, បត់​ឆ្វេង-ស្តាំ​មិន​ប្រយ័ត្ន​​ ៨ភាគរយ, ស្រវឹង ៤ភាគរយ, កត្តាយានយន្ត​ ៣ភាគរយ និង​ងងុយមាន១ភាគរយ ។

ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​លោក ស ខេង ធ្លាប់បាន​បញ្ជាក់​​ដោយយោង​តាម​របាយការណ៍ថា ​គ្រោះថ្នាក់ចរាចរ​ណ៍​បាន​កើតឡើង ៨៦៩ករណី ដែលចំនួននេះមានការ​កើន​ឡើង ១០៦លើក ស្មើនឹង ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំពោះចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១​វិញ លោកថា មាន​ចំនួន ៤៩៣​នាក់ ដែលចំនួននេះកើនឡើង ៦០​នាក់ ឬស្មើនឹង១៤ភាគរយ ខណៈអត្រាអ្នករងរបួសមានចំនួន ១ ២៦២នាក់ កើនឡើង១៤៩នាក់ ឬស្មើនឹង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ