រយៈ​ពេល​២​ឆ្នាំ​នៃ​វិបត្តិ​កូវីដ​-១៩​ ​អាជ្ញាធរ​បង្ក្រាប​គ្រឿង​ញៀន​បាន​ជិត​១០​តោន​និង​ឃាត់ខ្លួន​​មនុស្ស​ជាង​៣​ម៉ឺន​នាក់​ ​

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថា ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ពោលគឺនៅឆ្នាំ២០២០ និង២០២១ ​សមត្ថកិច្ច​បង្ក្រាបនិងរឹបអូស​​គ្រឿងញៀនបានជិត ១០តោន និងឃាត់ខ្លួនជនសង្ស័យបានជាង ៣ម៉ឺននាក់។

ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថា ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ខ្លាំង ​ ​ សមត្ថកិច្ច​បង្រ្កាបបទល្មើសគ្រឿងញៀនបានចំនួន ១០ ៤៦១ករណី ក្នុងឆ្នាំ២០២០ និង ៦ ៣០៨ករណីទៀត ក្នុងឆ្នាំ២០២១។

លោកបញ្ជាក់ថា  ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ២១ ៥៦៦នាក់ ក្នុងឆ្នាំ២០២០ និងចំនួន ១៣ ៩៧៩នាក់ ក្នុងឆ្នាំ២០២១ ព្រមទាំងរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួនជិត៤តោន (៣ ៨៧៥គីឡូក្រាម និង៨៩៨ក្រ) ក្នុងឆ្នាំ២០២០ និងចំនួនជាង ៤តោនផ្សេងទៀត (៤ ៦៨៩គីឡូក្រាម និង៦១១.៤៧ក្រ) ក្នុងឆ្នាំ២០២១។

ឧបនាយករដ្ឋមន្រ្តីរូបនេះអះអាងថា បរិមាណគ្រឿងញៀនដែល រឹបអូសនិងបង្ក្រាបបាន ​ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងបរិមាណគ្រឿងញៀន ដែលរឹបអូសបានមុនដំណាក់កាល កូវីដ-១៩។

លោក ស ខេង បញ្ជាក់លើទំព័រហ្វេសប៊ុកថា៖ «បើទោះបីជាយើងសម្រេចបានជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនៈយ៉ាងនេះ ក៏ដោយ ក៏ស្ថានភាព និងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់ និងនៅលើសកលលោក នៅតែគ្មានការថយចុះ ហើយថែមទាំងមានការកើនឡើង គួរឱ្យព្រួយបារម្ភ ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិនៃសង្រ្គាមនៅអ៊ុយក្រែន ដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។ ចំពោះកម្ពុជា យើងក៏នៅតែបន្តទទួលរង ឥទ្ធិពល និងផលវិបាកនៃវិបត្តិទាំងនេះផងដែរ ដោយកន្លងមក ក៏ដូចជាក្នុងពេលថ្មីៗនេះ ក្រុមឧក្រិដ្ឋគ្រឿងញៀនមិនត្រឹមតែព្យាយាមលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ និងចូលមកកម្ពុជា ប៉ុណ្ណោះទេ ពួកនេះបានព្យាយាមម្តងហើយម្តងទៀត ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំង ផលិតគ្រឿងញៀន»។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស ខេង បានថ្លែងដាស់តឿនដល់ជនគ្រប់រូបឱ្យយកចិត្តទុកដាក់ និងស្វែងយល់ឱ្យបានកាន់តែច្បាស់ ថែមទៀតពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងបន្តអំពាវនាវ បំផុសឱ្យមានការចូលរួម គាំទ្រកាន់តែសកម្មថែមទៀត នៅគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និង​ប្រយោល។

ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោម​ប្រធាន បទ «ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នៅមជ្ឈ​មណ្ឌល​​សន្និបាតនិងពិព័រណ៍ កោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញសារធាតុញៀន និងសារធាតុគីមី ​សរុបជាង៦តោន ​បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញរឹបអូសបានក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៥៥ ក្នុងរាជធានីភ្នំពេញ។

របាយការណ៍សង្ខេប របស់គណៈកម្មការដុតបំផ្លាញគ្រឿងញៀន ​បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានរឹបអូសបានគ្រឿងញៀនក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៥៥ ក្នុងនោះ ២៥រឿង មានដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ (កំពុងចាត់ការ) ​ ១៤សំណុំរឿងទៀត មានសាលក្រុមសម្រេចរឹបអូស  និង១៦ សំណុំរឿងទៀត មានសាលក្រុមមុនអង្គសេចក្តីដែលបានសម្រេចរឹបអូស បន្ទាប់ពីបានដកសំណាកនិងធ្វើកោសលវិច័យរួច។

របាយការណ៍ដដែលបញ្ជាក់ថា វត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេៗទៀតក្នុងសំណុំរឿងពហ្មទណ្ឌចំនួន៥៥ នោះ មានទម្ងន់សរុបជិត១០០តោន(៩០តោន ៨០គីឡូក្រាម និង៦៦៤៣០ក្រាម។ ប៉ុន្តែតាមលក្ខខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការដុតបំផ្លាញ គណៈកម្មាការដុតបំផ្លាញគ្រឿងញៀន និងមន្ទីរពិសោធន៍ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសម្រេចដុតផ្លាញសារធាតុគីមីទម្ងន់ជាង ៦តោន (៦ ២៥៩គីឡូក្រាម និង៥៣០.៣២ក្រាម)ប៉ុណ្ណោះ។

ចំណែក សារធាតុញៀន  សារធាតុគីមី និងសារធាតុផ្សំទម្ងន់ជាង ៨៣តោនទៀត ​ដែលមានសារធាតុរំលាយ ហើយជាអាស៊ីត និងគីមីពុលឆាបឆេះខ្លាំងមិនអាច​បំផ្លាញតាមវិធីដុតបាន គឺគណៈកម្មការដុតបំផ្លាញគ្រឿងញៀនសម្រេចប្រគល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបន្សាប និងបំផ្លាញចោលតាមលក្ខខណៈបច្ចេកទេសនាពេលក្រោយ។

របាយការណ៍ដដែលបញ្ជាក់ថា បញ្ហាគ្រឿនញៀនច្រើនសន្ធឹកសន្ធាប់នេះ គឺក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀនទៅធ្វើជាមុខជំនួញរបស់ពួកគេ ខណៈគ្រឿងញៀននេះបានពង្វក់ស្មារតីអូសទាញដល់ជនស្លូតត្រប់ភាគីច្រើនជាយុវវបានប្រើប្រាស់ដោយខុសច្បាប់ ខូចសុខភាព នាំឱ្យប្រព្រឹត្តបទល្មើស ឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ បង្កើតជាបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កអសន្តិសុខ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសាធារណក្នុងសង្គមជាតិ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការដុតបំផ្លាញគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានកន្លងមកនេះ  គ្រាន់តែអាជ្ញាធរចង់បង្ហាញទៅសាធារណៈជនដឹងពីចំណាត់ការបង្ក្រាបបាននាពេលកន្លងមកតែប៉ុណ្ណោះ ។

ប៉ុន្តែលោកសង្កេតឃើញថា បទល្មើសគ្រឿងញៀនក្នុងសង្គមនៅតែបន្តកើតមានជាហូរហែ។ ករណីនេះ លោកជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងការអនុវត្តច្បាប់ និងចាប់មេខ្លោងធំៗដាក់ពន្ធនាគារ ទើបអាចទប់ស្កាត់បញ្ហាគ្រឿងញៀន​មានប្រសិទ្ធភាព​។

លោកមានប្រសាសន៍ថា៖ «ត្រូវតែចាប់មេខ្លោងជួញដូរធំៗ ដើម្បីឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាចាប់បានតែអ្នកដែលចែកចាយតូចចាចទេ ហើយអ្នកដែលជាឈ្មួញជួញដូរធំៗមិនត្រូវបានវែកមុខទេ។ អញ្ចឹងបញ្ហាសន្តិសុខក្នុងសង្គម បញ្ហាគ្រឿងញៀនទៅបំផ្លាញអនាគតរបស់យុវជន កុមារ នៅក្នុងសហគមន៍នៅតែបន្តកើតមានជាបន្ត»។

តាមរយៈសារលិខិតនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ​ ហ៊ុន សែន បានដាក់ចេញគោលការណ៍ ៥ចំណុច ដើម្បីប្រយុទ្ធប្រឆាំងការកែច្នៃ ការជួញដូរគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ក្នុងគោលការណ៍ទាំងនោះ  ការត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស  ឱ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ឱ្យខាងតែបាននូវរាល់ការលួចបង្វែរ ពីជំនួញស្របច្បាប់ដោយយកសារធាតុគីមីផ្សំទាំងនោះទៅកែច្នៃផលិតជាគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ក៏ជាបញ្ហាត្រូវយកចិត្តទុកដាក់និងមិនអាចមើលរំលងសម្រាប់អាជ្ញាធរពាក់ព័ន្ធផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ