គ.ជ.ប​ បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​​ឃុំ​-​សង្កាត់​អាណត្តិ​នេះ​មាន​គណបក្ស​ចំនួន​៩​ទទួល​បានអាសនៈ

អគារទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ស្ថិតនៅតាម វិថី រដ្ឋសភា សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃអាទិត្យទី២៦ ខែមិថុនានេះ បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដោយបញ្ជាក់ថា មានគណបក្សនយោបាយចំនួន៩ ដែលទទួលបានអាសនៈនៅក្នុង​ការបោះឆ្នោតនេះ​។

គណបក្សដែលទទួលបានអាសនៈទាំងនោះរួមមាន គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសរុប ៩ ៣៧៦ ដោយទទួលបានតំណែង មេឃុំចៅសង្កាត់ចំនួន ១ ៦៤៨នាក់ ជំទប់ទី១ ចំនួន១ ៦១៨នាក់ ជំទប់ទី២ ចំនួន ២៦១នាក់។ ចំណែកគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងនោះ ទទួលបាន តំណែងមេឃុំចំនួន៤ ជំទប់ទី១ ចំនួន២៥នាក់ ជំទប់ទី២ ចំនួន១ ៣៦០នាក់។

រីឯ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ ជាជំទប់ទី១ ចំនួន៤នាក់ ជំទប់ទី២ ចំនួន១២នាក់។ សម្រាប់ គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣អាសនៈ ជាប់ជាជំទប់ទី១ ចំនួន១នាក់ ជំទប់ទី២ ចំនួន១០នាក់។ ដោយឡែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ ជាប់ជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់។

លើសពីនេះ  គណបក្សខ្មែរស្រលាញ់ជាតិទទួលបាន ៥អាសនៈ ជាជំទប់ទី១ ចំនួន២នាក់ ជំទប់ទី២ ចំនួន២នាក់។ គណបក្សយុវជន       កម្ពុជាទទួលបាន៣អាសនៈ ជាជំទប់ទី២ ចំនួន៣នាក់ ហើយគណបក្សកម្ពុជានិយមទទួលបាន១អាសនៈ ជាជំទប់ទី២ ចំនួន១នាក់ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១អាសនៈ ជាប់ជំទប់ទី២ ចំនួន១នាក់។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមថា ការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មិនឃើញមានការតវ៉ាពីគណបក្សនយោបាយណាមួយនោះទេ ដោយសារតែមុនប្រកាសលទ្ធផលផ្លូវការ មានគណបក្សនយោបាយមួយចំនួនបានប្តឹងមក    គ.ជ.ប ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ឱ្យជួយដោះស្រាយនូវភាពមិនប្រក្រតីរួចហើយ។

លោក ហង្ស ពុទ្ធា ពន្យល់ថា តាមច្បាប់ នៅពេលដែល គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ គឺគណបក្សនយោបាយទាំងអស់ មិនអាចប្តឹងជំទាស់នឹងលទ្ធផលនេះបានទេ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រោយពីប្រកាសលទ្ធផលផ្លូវការនៅថ្ងៃអាទិត្យនេះ គឺនៅថ្ងៃស្អែកនេះ គ.ជ.ប នឹងបញ្ជូនសេចក្តីសម្រេចដែលគណបក្សនយោបាយទាំង ៩ជាប់អាសនៈឃុំ-សង្កាត់ ទៅក្រសួងមហាផ្ទៃ ឱ្យស្ថាប័ននោះ រៀបចំផ្ទេរតំណែងពីមេឃុំ-ចៅសង្កាត់ថ្មី ជំនួសមេឃុំ-ចៅសង្កាត់ចាស់ ដើម្បីចូលទៅបំរើការងារជួនប្រជាពលរដ្ឋម្ចាស់ឆ្នោត ។

លោកមានប្រសាសន៍ថា៖ «គ.ជ.ប និងបញ្ជូនប្រតិទិននេះទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យស្ថាប័ននេះចាត់ចែងនីតិវិធីបន្តក្នុងការរៀបចំផ្ទេរតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ចាស់ចេញ ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីចូលកាន់ដំណែងជំនួសវិញ ក្នុងរយៈពេល១៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃប្រកាសលទ្ធផលផ្លូវការនេះទៅ» ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតអាណត្តិនេះ    សំរាប់គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ជាពិសេសគណបក្សរបស់លោក នៅតែចាត់ទុកថា មិនទាន់មានសេរី និងយុត្តិធម៌នៅឡើយ ដោយសារនៅអំឡុងពេលបោះឆ្នោត រាប់សន្លឹកឆ្នោត នៅតែមានភាពមិនប្រក្រតីដូចអាណត្តិមុនៗដែរ។

ទោះជាបែបនេះក្តី លោកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សក្រៅរដ្ឋាភិបាលផ្សេងទៀត នឹងសហការគ្នាតស៊ូមតិ ទាមទារឱ្យធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតឱ្យមានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាងពេលបច្ចុប្បន្ន។

ចំណែកទាក់ទិននឹងបញ្ហា ជំទប់១ និងជំទប់ទី២ របស់គណបក្សលោកជាប់ឆ្នោតនាអាណត្តិនេះ  គណបក្សលោកនិងប្តេជ្ញាធ្វើការបំរើសេវាជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រកបដោយភាពស្មោះត្រង់ និងទាន់ពេលវេលាផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងនឹងបន្តជំរុញលើកទឹកចិត្តដល់សមាជិកយើងដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ របស់យើងដែលជាប់ឆ្នោតចាស់ ហើយគាត់បន្តជាប់ឆ្នោតជាថ្មី ដូចជានៅខេត្តកំពត ខេត្តរតនៈគិរី ខេត្តកំពង់ធំ ហើយថ្មីនៅខេត្តព្រះវិហារ ឱ្យគាត់បន្តស្វែងយល់អំពីទុក្ខកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ហើយពាំនាំបញ្ហាប្រឈមមកដាក់ មកជជែកនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយឱ្យគាត់ធ្វើការតស៊ូមតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧បានចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ៨៦ ០៩២នាក់ (ស្ត្រី ២៧ ៨១៣នាក់) ខណៈ​​ក្រុមប្រឹក្សាឃុំ-សង្កាត់​ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ-សង្កាត់ទាំង១ ៦៥២ គឺ​មានចំនួន ១១ ៦២២រូប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ