ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្នើ​មីយ៉ានម៉ា​បញ្ជូន​លោកស្រី អោងសាន ស៊ូជី ត្រលប់​ទៅ​ផ្ទះ​វិញ

លោកស្រី Aung San Suu Kyi នៅឯវិមានសភាក្នុងទីក្រុង Canberra កាលពីថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។ (Reuters)

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ស្នើយ៉ាងទទូចឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋនៃសហភាពមីយ៉ាន់ម៉ាសម្របសម្រួលក្នុងការបញ្ជូន​លោកស្រី អោង​​​សាន ស៊ូជី ត្រលប់ទៅលំនៅឋានវិញ បន្ទាប់ពីរបបយោធាបានផ្ទេរលោកស្រី​ពីលំនៅឋានទៅកាន់ពន្ធនាគារ​ក្នុងទីក្រុងណៃពិដោ។

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្នុងលិខិត​ផ្ញើជូនលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេស​នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលថ្មីៗនេះ លោក ប្រាក់ សុខន រដ្ឋមន្ត្រី​ការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងពីកង្វល់​របស់សហសេវិកអាស៊ាន​ ចំពោះការផ្ទេរ​លោកស្រី អោង​​សាន ស៊ូជី ពីលំនៅឋានទៅកាន់ពន្ធនាគារ​ក្នុងទីក្រុងណៃពិដោ។

ករណីនេះ ក្រសួងថា សហសេវិកអាស៊ាន​ទទូច​ឱ្យក្រុមប្រឹក្សា​រដ្ឋ​បាល​រដ្ឋ​នៃសហភាពមីយ៉ាន់​ម៉ា សម្របសម្រួល​ដល់​ការបញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រលប់ទៅលំនៅឋានដែលជា​ទីតាំង​លោកស្រីត្រូវបានឃុំខ្លួនពីដំបូងវិញ ដោយ​សារសុខភាព​របស់​លោកស្រីមានភាពទ្រុឌទ្រោម​ ក៏ដូចជាការ​អនុវត្ត​នីតិរដ្ឋ​ប្រកបដោយយុត្តិធម៌និងសុភវិនិច្ឆយ។

លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុងលិខិតនោះថា៖ «ខ្ញុំមិន​មានមន្ទិលសង្ស័យទេថា ក្ដីបារម្ភ​ដូចគ្នា​នេះកើត​ឡើង​ហួស​ពីក្នុងរង្វង់​អាស៊ាន ដោយហេតុថា លោកស្រី អោង​សាន ស៊ូជី ត្រូវបាន​ចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថាមានតួនាទីដ៏សំខាន់​ក្នុងការ​វិល​ត្រលប់ទៅរក​ប្រក្រតីភាព និងការផ្សះផ្សាជាតិឡើង​វិញនៅក្នុងប្រទេស​មីយ៉ាន់​ម៉ា តាមរយៈដំណោះស្រាយនយោបាយ​ដោយ​សន្តិវិធីមួយ»។

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លើកឡើង​បន្តទៀតថា៖ «យើងទាំងអស់គ្នា [សហសេវិក​អាស៊ាន] មានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិ​ដោយ​សន្តិវិធីមិនអាចកើតឡើងបានឡើយ នៅពេល​ដែល​ភាគីមួយនៃជម្លោះមិនត្រូវបានបញ្ជូនទៅក្នុងសមីការ​ដំណោះស្រាយ […] អាស្រ័យ​ហេតុ​នេះ សហសេវិកអាស៊ានទាំងអស់ជំរុញយ៉ាងខ្លាំងឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​របស់​មីយ៉ាន់ម៉ា ចាប់ផ្តើម​ដំណើរ​ការ​ប្រកបដោយ​បរិយាបន្ន​នៃការផ្សះផ្សាជាតិ ដោយ​មិនមាន​ការ​ពន្យារ​ពេល​បន្ថែមទៀតនោះឡើយ»។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ដំណោះស្រាយ​នយោបាយ​ដោយសន្តិវិធីចំពោះជម្លោះ​មួយ ទោះបីមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការ​ចែករំលែក​លំហ​នយោបាយ​ដោយ​ភាគីពាក់ព័ន្ធទាំងអស់។

អ្នក​នាំពាក្យ​​របប​​​យោធា​មីយ៉ាន់ម៉ា​មួយរូបបានឱ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនា​ ថាអាជ្ញាធរបាន​ផ្ទេរ​​អតីត​​មេដឹកនាំ​ដែល​ត្រូវ​បានទម្លាក់​​​ពី​តំណែង លោកស្រី អោងសាន ស៊ូជី ទៅកាន់ពន្ធនាគារក្នុងរដ្ឋធានី​ហើយ។

ទីភ្នាក់​ងារសារព័ត៌មាន Reuters​ បានស្រង់សម្តីអ្នក​នាំពាក្យ​របប​យោធា​មីយ៉ាន់ម៉ា លោក ​Zaw Min Tun មកចុះផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា​ថ្មីៗនេះ​ថា ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព លោក​ស្រី អោង​សាន ស៊ូជី ​ត្រូវ​​បា​ន​​បញ្ជូន​ទៅកាន់ពន្ធនាគារ​​​ក្នុងទីក្រុងណៃពិដោ (Naypyitaw) កាល​ពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ កន្លង​ទៅ បន្ទាប់​ពី​តុលាការ​ចេញ​សេចក្តី​សម្រេច។

អ្នក​នាំពាក្យ​រូបនេះបន្តឱ្យដឹងក្នុង​សេចក្តីថ្លែងការណ៍​មួយ​​ថា​៖ «​លោកស្រី [អោង​សាន ស៊ូជី]​ ត្រូវ​បាន​ផ្ទេរ​​​ទៅ​កាន់​ពន្ធនាគារហើយ ​ដែលបច្ចុប្បន្នកំពុងតែដាក់ឱ្យនៅក្នុងការ​ឃុំឃាំងតែម្នាក់ឯង​»​។

លោកស្រី អោងសាន ស៊ូជី ត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសប្រមាណ​២០​ករណី ដែល​ក្នុង​នោះ​រួ​ម​មាន​ ការនាំចូលអាយកូមដោយខុសច្បាប់, បទរំលោភវិធានការទប់ស្កាត់វិបត្តិកូវីដ-១៩, បទទទួលសំណូក រំលោភការសម្ងាត់រដ្ឋ, បទចោទទាក់ទងនឹងការក្លែងបន្លំការបោះឆ្នោត និងបទចោទ​ធ្ងន់ធ្ងរមួយចំនួនទៀត ដែលអាចនឹងជាប់ពន្ធនាគារសរុបប្រមាណ១៩០ឆ្នាំ បើ​តុលាការកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងទាំងនេះ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់គិតចាប់តាំងពីក្រុមយោធាបានដណ្តើ​ម​យក​អំណាច​មក​គ្រប់​គ្រងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន និងបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង​សាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះជនស៊ីវិលរាប់ពាន់នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ