បក្សកាន់អំណាច​ប្ដេជ្ញា​ជួយ​ជនក្រីក្រ​និង​ជនងាយរងគ្រោះ​ដោយ​មិន​រើសអើង​នយោបាយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងអំឡុងផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានវីអូឌី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សប្រជាជនកម្ពុជាដែលកំពុងបន្តគ្រប់គ្រងអំណាច បានប្ដេជ្ញាជាថ្មីទៀត ក្រោយគណ​​បក្ស​​មួយ​នេះទទួលបានសំឡេងគាំទ្រតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់​​នី​​តិ​កាលទី៥ កន្លងទៅថ្មីៗនេះ ដោយថា ជួយជនក្រីក្រនិងជនដែលងាយរងគ្រោះ​​តាមកម្មវិធី​​ន​​យោ​​​បាយរបស់ខ្លួន ដោយគ្មាន​​ការ​​​​រើស​​អើង​​និន្ន​​ការនយោបាយ ឬប្រកាន់បក្ខពួកនិ​​យមណា​​មួយ​​នោះ​​ទេ។

ផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយ វីអូឌី នៅព្រឹកថ្ងៃចន្ទនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា គណបក្សកាន់អំណាច គឺជាម្លប់សម្រាប់ពលរដ្ឋខ្មែរទូទៅ មិនប្រកាន់គោល​​ការណ៍​​​លាបពណ៌ និងរើសអើងខាងនយោបាយឡើយ។ លោកបន្តថា ដើម្បីបន្តការងារខាងមនុស្សធម៌ រដ្ឋាភិ​​បាល​​​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តផ្ដល់សាច់ប្រាក់សម្រាប់​​គ្រួសារ​​​ដែល​ក្រីក្រនិងងាយរងគ្រោះ តាមរយៈបណ្ណសមធម៌សង្គម ឬបណ្ណក្រីក្រ។

លោកបន្តថា៖ «ខ្ញុំយល់ថា រាជរដ្ឋាភិបាលនៅតែបន្ត ពីព្រោះបញ្ហាដែលកើតឡើងចំពោះប្រជាជនយើង​​នៅ​មានជាសំណូមពរសម្រាប់ការដោះស្រាយជូន​​បងប្អូនប្រជាពលរដ្ឋ​​។ ការដោះស្រាយរបស់​​រាជរដ្ឋាភិ​បាលនេះ យើងដឹងហើយថា គឺជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ វាមិន​​មែនជា​​រាជរដ្ឋាភិបាលតែ​​របស់គណបក្សប្រជាជនកម្ពុជា​តែមួយទេ។ អ៊ីចឹងគឺថារាជរដ្ឋាភិបាលលោក​​ដឹកនាំ​​ប្រ​​ជាជនទូទាំងប្រទេស»។

នៅចំថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលឆ្នោតនៃការបោះឆ្នោត​​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ជាផ្លូវការ គណបក្សគ្រប់គ្រងអំណាចក៏បានចេញ​​​សេ​ចក្ដីប្រកាសព័ត៌មានបញ្ជាក់ជំហរក្នុងការទទួលយកលទ្ធផលឆ្នោតដែលចេញដោយ គ.ជ​.ប​​​ នៅពេលនេះ​។  

ស្របពេលដែលគណបក្សកាន់អំណាចសាទរចំពោះលទ្ធផលដែលខ្លួនទទួលបានពីការបោះ​​ឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ថ្មីៗនេះ ក្នុងសេចក្ដីថ្លែង​​ការ​ណ៍របស់ខ្លួនដែលចេញនៅថ្ងៃទី២៦ ខែមិថុ​នា គណបក្សចាស់​​​វស្សា​​មួយ​​នេះក៏​​បន្ត​​​​​​ប្តេជ្ញាជាថ្មីទៀតថា នឹងនៅតែគាំទ្រឱ្យមានយន្ត​​ការកិច្ចគាំ​​​ពារ​​​​​សង្គម សម្រាប់ជនក្រីក្រ និងជន​​ដែល​​​ងាយរងគ្រោះ ក្នុងចំណោមការប្តេជ្ញាចិត្តទៅ​​លើកម្មវិធីន​យោ​បា​​​យផ្សេងៗដែលគណបក្ស​​ប្រ​​ជា​​ជន​​កម្ពុជាបានសន្យាជាមួយពលរដ្ឋ អំឡុង​​ពេល​​រក​​សំ​ឡេង​​គាំទ្រក្នុងថ្ងៃបោះឆ្នោត។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បដិសេធនៅថ្ងៃចន្ទនេះថា មកដល់​​ពេល​​នេះ ខាងស្ថាប័នជំនាញរបស់រដ្ឋក្ដាប់ទិន្នន័យមិនទាន់បានអំពីទំហំសាច់ប្រាក់ និង​​​ចំ​នួនប្រជាពលរដ្ឋដែលទទួលបានសេវាគាំពារសង្គមពីរដ្ឋាភិបាលនេះទេ។

ដោយឡែក អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី ឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំមកនេះ គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​​បាន​​​ផ្តល់​​សាច់​​​​ប្រាក់ឧបត្ថម្ភសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ប្រមាណ៧រយលានដុល្លារអាមេរិក។ ​​ក្នុង​​​​រយៈពេលនេះ មានមនុស្សចំនួន៧៤ម៉ឺនគ្រួសារ ឬស្មើប្រមាណ៣លាននាក់មកហើយបាន​​ទ​​ទួ​​​ល​គោលការណ៍នេះពីរដ្ឋាភិបាល។

បើទោះជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារនៅថ្ងៃចន្ទនេះថា រដ្ឋាភិ​​បាល​​មិនដែលបានរើសអើងឬប្រកាន់និន្នាការនយោបាយបែបណាក្តី គេសង្កេតឃើញថា នៅ​​អំ​​ឡុង​​​​​ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ មានមន្រ្តីរាជការស៊ីវិល និង​​ពល​​​​រដ្ឋមួយចំនួន ក្រោយរកឃើញថាពួកគេគាំទ្រគណបក្សភ្លើងទៀន ត្រូវបានដកបណ្ណក្រីក្រ និង​​​មាន​អ្នកខ្លះទៀតត្រូវបាន​​​បណ្តេ​​ញ​​ចេ​​ញ​​​​ពីក្របខណ្ឌរដ្ឋជាដើម។

កាលពីថ្ងៃទី២១ ខែមិថុនា លោក អេង ស្រួយ ប្រធានក្រុមការងារបណ្ដោះអាសន្ន គណបក្ស​​ភ្លើង​​ទៀន ខេត្ត​​ត្បូង​​​ឃ្មុំ ត្រូវបានលុបឈ្មោះចេញពីក្រ​បខណ្ឌចេញពីគ្រូនគរបាលជាតិ។​​​ ក្នុងថ្ងៃតែមួយនោះ ​លោក កែវ សុមុនី ឈរជាបេក្ខជនចៅសង្កាត់ច្បារអំពៅទី១ ហើ​យ​​​​លោកក៏បាន​​ជាប់​​ជាចៅ​​សង្កាត់​​រង​ទី២ នៃគណបក្សភ្លើងទៀន ត្រូវបាន​​លុបឈ្មោះចេញពី​​ក្រប​​ខណ្ឌនៃក្រសួងសុខាភិបាល។

ចំ​​ណែ​កពលរដ្ឋនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរដកបណ្ណក្រីក្រ ដោយរក​​​ឃើញ​​​​ថា ពួកគេគាំទ្រសកម្មភាពគណបក្សភ្លើងទៀន នៅអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើស​​ក្រុម​​​​ប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។

យ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា តាមពិត​​ទៅ ​​កា​រខុសឆ្គងនេះមិនមែនមានតែគណបក្សក្រៅរដ្ឋាភិបាលទេ មានមនុស្សមិនតិចនាក់ឡើយពី​​ខា​ងគ​​ណ​​បក្ស​​កាន់អំណាចក៏បានប្រព្រឹត្តកំហុសដូចគ្នានេះដែរ។

លោកបន្តថា ការធ្វើឱ្យមាន​​កំហុស​​នេះ មូលហេតុសំខាន់ គឺម្នាក់ៗមិនយល់ពីច្បាប់ ហើយការដោះ​ស្រាយ​របស់រដ្ឋាភិបាល គឺឈរលើ​​ទិដ្ឋ​​ភាពនៃច្បាប់ មិនរើសអើងបក្ខពួកនិយម​ម្តងណានោះទេ​​។ ​បើ​តាមលោក សុខ ឥសាន អ្វីដែលរិះគន់ថា រដ្ឋាភិបាលសម្រេចចិត្តដោយលម្អៀងនេះ ច្រើនតែពី​​ខាង​​ក្រុ​​ម​ប្រឆាំង។

លោកបន្តថា៖ «ខ្ញុំយល់ពីបញ្ហាដែលប្អូនចោទឡើងនេះហើយ។ នេះជាបញ្ហាមួយដែលបងប្អូនដែលមាន​​​និន្នាការប្រឆាំង ច្រើនតែលើក​​បញ្ហាហ្នឹងឡើង។ ប៉ុន្តែយើងត្រូវ​យល់ថា តើការដោះ​​ស្រាយទៅ​តា​ម​​​គោលការណ៍ច្បាប់ហ្នឹង គឺថាអត់មានពាក់ព័ន្ធអីជាមួយនឹងនិន្នាការនយោបាយទេ ពីព្រោះ​​ចោរ​លួច​​ ចោរប្លន់។ ទោះបីគណបក្សប្រជាជនធ្វើខុស ទៅលួចទៅប្លន់គេ ឬមួយ​​ទៅជួញ​​ដូរ​គ្រឿ​​ង​​ញៀន ក៏នៅតែជាប់ទោសដូចគ្នា។ យើងដឹងហើយថា អ្នកជាប់ពន្ធនាគាររាល់ថ្ងៃនេះ ក្នុងចំណោ​​ម​​មួយ​​ម៉ឺ​ន​ពីរ​ម៉ឺននាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀនហ្នឹង មិនមែនសុទ្ធតែគណបក្សប្រឆាំង​ទេ ភាគ​​ច្រើន​​គឺ​ចេញ​ពីគណបក្សប្រជាជនហ្នឹងដែរ»។

វីអូឌី មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញការលើកឡើងនេះពីលោក ថាច់ សេដ្ឋា អនុប្រធាន​​គ​​ណ​​​បក្សភ្លើងទៀន នៅថ្ងៃចន្ទនេះ។

សម្រាប់លោក សេក សុជាតិ នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត​ សាទរចំពោះការប្តេជ្ញា​​ចិត្ត​ជាថ្មីទៀតនៅពេលនេះរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​​។ បើទោះ​​​បែបណា លោកនៅតែទទូចឱ្យគណបក្សនយោបាយដែលទទួលខុសត្រូវរឿងនេះ អនុវត្តការងារ​ដោយ​​​​​ឈ​រលើគោលការណ៍អព្យាក្រឹត្យនិងតម្លាភាព ព្រោះថា កន្លងទៅ កម្ពុជាធ្លាប់មាន​​ពិ​​សោ​​​ធន៍​​រួ​ច​​​​​​មកហើយអំពីការរើសអើងនេះ។

លោកបន្តថា៖ «ខ្ញុំមានសំណូមពរវិញថា បើសិនជាមានការប្តេជ្ញាចិត្ត និងការតាំងចិត្តហើយ ​​សូមមេត្តា​រៀប​ចំឱ្យមានតម្លាភាព និងមានយុត្តិធម៌ ហើយកុំឱ្យមានការរើសអើង ពីព្រោះបទពិសោធន៍​​នា​​ពេល​​កន្លងមកបង្ហាញអំពីរបៀបការធ្វើការសម្រេចចិត្តមួយដែលខ្វះការទទួលខុសត្រូវ។ ហើយ​យើង​​ឃើញ​​ថា បញ្ហានោះវាបានក្លាយទៅជាប្រធានបទមួយធ្វើឱ្យភាគីផ្សេងៗទៀតវាយតម្លៃទៅ​​លើការ​​តាំង​​ចិត្ត ឬការសម្រេចចិត្តការការពារទៅលើបញ្ហាទាំងអស់ហ្នឹង ប៉ុន្តែលទ្ធផល វា​​មិនឆ្លើយតបជា​​វិជ្ជ​​មាន​»។

លោក សេក សុជាតិ រំពឹងទុកថា ការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅពេលនេះ នឹង​​មិន​​ក្លាយ​​​ជា​កម្មវត្ថុនៃការវាយប្រហារពីភាគីពាក់ព័ន្ធដទៃទៀត អំពីការអនុវត្តគោលន​យោបាយ​​របស់​​ខ្លួន ក្រោ​​យ​ឈ្នះការបោះឆ្នោតក្នុងកម្រិតឃុំ-សង្កាត់កន្លងទៅនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ