ប្រធានាធិបតី​ឥណ្ឌូណេស៊ី នឹង​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី​ក្នុង​សប្ដាហ៍​នេះ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (REUTERS/Willy Kurniawan)

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា រូបលោកគ្រោងនឹងជំរុញដល់សមភាគីរុស្ស៊ី និងអ៊ុយក្រែន ឱ្យពិចារណាចូលតុចរចា​ស្វែងរកដំណោះស្រាយរួមគ្នា និងស្នើឱ្យប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន បញ្ជាឱ្យមានការឈប់បាញ់ជាបន្ទាន់ ក្នុងអំឡុងពេលដែលលោកបំពេញបេសកកម្មកសាងសន្តិភាពទៅកាន់ប្រទេសទាំងពីរក្នុងសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងមុនពេលចាកចេញទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅថ្ងៃចន្ទនេះ ប្រធានាធិបតីឥណ្ឌូណេស៊ី ថ្លែង​ថា៖ «សង្រ្គាមគួរតែត្រូវបញ្ឈប់ ហើយខ្សែចង្វាក់ផ្គត់ផ្គង់អាហារ​សកល​ត្រូវតែដំណើរការឡើងវិញ»។

ជាមួយគ្នានេះ លោក Joko Widodo បន្ថែមថា រូប​លោកក៏នឹងជំរុញ​លើកទឹកចិត្តដល់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំ​ង៧ (G7) ឱ្យស្វែងរកដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីប្រទេសមួយនេះ​រងនូវការលុកលុយដោយរុស្ស៊ី ជាពិសេស​ស្វែង​រកដំណោះស្រាយចំពោះវិបត្តិស្បៀងអាហារ និងថាម​ពលពិភពលោកផងដែរ។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់សប្តាហ៍ទី១៧​ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះគឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសមួយចំនួន​​ចាត់ទុកថា​ជាការ​​លើក​ឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ